បន្ទាប់ពីអង្គការផ្តល់សន្ទស្សន៍សកលលោក FTSE Russell បានធ្វើឱ្យប្រសើរឡើងជាផ្លូវការនូវទីផ្សារភាគហ៊ុនវៀតណាម ពីទីផ្សារជិតបន្ទាត់ទៅជាទីផ្សារថ្មីដែលកំពុងរីកចម្រើនបន្ទាប់បន្សំកាលពីថ្ងៃទី ៨ ខែតុលានោះ អ្នកយកព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) មានបទសម្ភាសន៍ជាមួយលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ អំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ និងការរំពឹងទុកនៃទីផ្សារមូលធនវៀតណាម។

leftcenterrightdel
លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានវៀតណាម

អ្នកយកព័ត៌មាន៖ ការធ្វើឱ្យប្រសើរឡើងរបស់ FTSE Russell ចំពោះទីផ្សារភាគហ៊ុនវៀតណាមទៅជាក្រុមទីផ្សារដែលកំពុងរីកចម្រើនត្រូវបានចាត់ទុកថាជាចំណុចរបត់គួរឱ្យកត់សម្គាល់។ តើលោកស្រីវាយតម្លៃពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះសម្រាប់ទីផ្សារមូលធន និងសេដ្ឋកិច្ចវៀតណាមយ៉ាងដូចម្តេច?

លោកស្រី Mariam J. Sherman៖ នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់បំផុត ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងកែទម្រង់យ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំ។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងហិរញ្ញវត្ថុ គណៈកម្មការមូលបត្ររដ្ឋ រាល់ទីភ្នាក់ងារផ្សារហ៊ុន និងសាជីវកម្មដក និងបោសសម្អាតមូលបត្រវៀតណាម និងអ្នកចូលរួមទីផ្សារទាំងអស់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ការធ្វើឱ្យប្រសើរឡើងនៃទីផ្សារភាគហ៊ុនបង្ហាញពីទំនុកចិត្តកើនឡើងរបស់អ្នកវិនិយោគអន្តរជាតិ ហើយបញ្ជាក់ជំហររបស់វៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់។ នេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការធ្វើទំនើបភាវូបនីយកម្ម ចាប់ពីការធ្វើឱ្យល្អឥតខ្ចោះនូវក្របខ័ណ្ឌច្បាប់ បង្កើនតម្លាភាព ប្រតិបត្តិការប្រព័ន្ធពាណិជ្ជកម្មថ្មីដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់សកម្មភាពបោសសម្អាត និងទូទាត់កម្រិតខ្ពស់បន្ថែមទៀត។

យោងតាមការប៉ាន់ប្រមាណរបស់ក្រុមធនាគារពិភពលោក លំហូរទុនពាក់ព័ន្ធនឹងការចូលរបស់វៀតណាមទៅក្នុងក្រុមទីផ្សារដែលកំពុងរីកចម្រើន និងការដាក់បញ្ចូលភាគហ៊ុនវៀតណាមនៅក្នុងសន្ទស្សន៍ FTSE Russell Emerging Markets អាចឈានដល់កម្រិតប្រហែល ៣-៥ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លំហូរមូលធននេះនឹងជួយទីផ្សារមូលធនរបស់វៀតណាមអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយ រួមចំណែកជាវិជ្ជមានដល់ស្ថិរភាពហិរញ្ញវត្ថុ និងកៀរគរធនធានអភិវឌ្ឍន៍។

អ្នកយកព័ត៌មាន៖ តាមគំនិតរបស់លោកស្រី តើវៀតណាមគួរធ្វើអ្វីដើម្បីទាញយកផលប្រយោជន៍ពីការកើនឡើងការចាប់អារម្មណ៍ពីអ្នកវិនិយោគពិភពលោកបន្ទាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ?

លោកស្រី Mariam J. Sherman៖ ការធ្វើឱ្យប្រសើរឡើងទីផ្សារគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះទេ។ ជំហានបន្ទាប់សម្រាប់វៀតណាម គឺត្រូវបានរួមបញ្ចូលជាផ្លូវការនូវសន្ទស្សន៍ទីផ្សារដែលកំពុងរីកចម្រើន FTSE Russell ចាប់ពីខែកញ្ញា ឆ្នាំ ២០២៦ នៅពេលនោះ រាល់លំហូរវិនិយោគអកម្មនឹងពិតជាហូរចូលទៅក្នុងទីផ្សារ។ ដើម្បីសម្រេចបាននូវជំហាននេះ វៀតណាមត្រូវបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនឈ្មួញជើងសាសកលដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងទីផ្សារ។

យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការមូលបត្ររដ្ឋ អ្នកវិនិយោគ និងអ្នកចូលរួមទីផ្សារ ដើម្បីគាំទ្រដំណើរការនេះ។ បន្ថែមពីលើ FTSE Russell គោលដៅសំខាន់បន្ទាប់របស់វៀតណាម គឺត្រូវទទួលស្គាល់ដោយ MSCI ដែលជាអ្នកផ្តល់សន្ទស្សន៍ធំបំផុតរបស់ពិភពលោក ព្រោះពេលនោះទំហំនៃលំហូរមូលធនអាចធំជាង FTSE Russell ៣ ដល់ ៤ ដង។ ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវបន្តធ្វើការកំណែទម្រង់ ជាពិសេស៖ បន្ធូរបន្ថយការកំណត់កម្មសិទ្ធិបរទេស អនុវត្តប្រព័ន្ធទូទាត់ថ្មី អនុញ្ញាតឱ្យប្រតិបត្តិការគណនីទូទៅ និងការពង្រឹងការគ្រប់គ្រងការប្តូរប្រាក់បរទេស។

អ្នកយកព័ត៌មាន៖ ក្នុងបទសម្ភាសន៍ជាមួយ VNA នាពេលថ្មីៗនេះ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានទទួលស្គាល់តួនាទីគាំទ្ររបស់ធនាគារពិភពលោក ក្នុងដំណើរឆ្ពោះទៅរកការលើកកម្ពស់ទីផ្សារភាគហ៊ុន។ តើលោកស្រីអាចចែករំលែកបន្ថែមអំពីការគាំទ្ររបស់ធនាគារពិភពលោកបានទេ?

លោកស្រី Mariam J. Sherman៖ ការអភិវឌ្ឍទីផ្សារមូលធនគឺជាសសរស្តម្ភដ៏សំខាន់នៃដំណើរការកំណើនរួមរបស់ប្រទេសវៀតណាម រួមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការច្នៃប្រឌិត និងតួនាទីរបស់វិស័យឯកជន។ ដូចដែលលោក Nguyen Van Thang រដ្ឋមន្ត្រីបានចែករំលែកថា នេះគឺជាដំណើរកំណែទម្រង់រយៈពេលវែង ហើយធនាគារពិភពលោកតែងតែជាដៃគូក្នុងដំណើរការនេះ។

យើងអនុវត្តជំហានគាំទ្រតាមរយៈកម្មវិធីទីផ្សារមូលធនរួម (J-CAP) ដោយប្រើប្រាស់ជំនាញសកលរបស់យើង ដំបូន្មានគោលនយោបាយ និងធនធានហិរញ្ញវត្ថុដើម្បីជួយវៀតណាមធ្វើទំនើបកម្មទីផ្សារមូលធនរបស់ខ្លួន។ ក្នុងមួយទសវត្សរ៍កន្លងទៅនេះ យើងបានរួមដំណើរជាមួយអាជ្ញាធរវៀតណាមក្នុងការពង្រឹងស្ថាប័នទីផ្សារ។

ចាប់តាំងពី FTSE Russell បានបន្ថែមប្រទេសវៀតណាមទៅក្នុងបញ្ជីតាមដានរបស់ខ្លួនក្នុងឆ្នាំ ២០១៨ ក្រុម J-CAP ដែលទទួលបានមូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសស្វីស បានផ្តល់ជំនួយបច្ចេកទេស ប្រឹក្សាលើគោលនយោបាយ និងអនុសាសន៍កំណែទម្រង់ដែលផ្តល់លទ្ធផលជាក់ស្តែង។

សម្រាប់ការធ្វើឱ្យប្រសើរឡើងនេះ ធនាគារពិភពលោកបានគាំទ្រវៀតណាមក្នុងការអនុវត្តកំណែទម្រង់សំខាន់ៗ រួមមាន៖ ការដកចេញនូវតម្រូវការជាមុនសម្រាប់វិនិយោគិន អង្គការបរទេស និងការធ្វើឱ្យមានភាពងាយស្រួលចំពោះដំណើរការបើកគណនី ការកែលម្អការអនុវត្តបង្ហាញព័ត៌មាន (ជាពិសេសជាភាសាអង់គ្លេស) និងខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការរឹតបន្តឹងទាក់ទងនឹងការកំណត់កម្មសិទ្ធិបរទេសក្នុងវិស័យមួយចំនួន។

អ្នកយកព័ត៌មាន៖ តើលោកស្រីយល់ឃើញយ៉ាងណាចំពោះទស្សនវិស័យសម្រាប់ការអភិវឌ្ឍទីផ្សារមូលធនរបស់វៀតណាមនាពេលខាងមុខ?

លោកស្រី Mariam J. Sherman៖ វៀតណាមកំពុងដើរលើផ្លូវត្រឹមត្រូវ។ ទីផ្សារមូលធនយ៉ាងសកម្ម និងស៊ីជម្រៅនឹងក្លាយជាបណ្តាញដ៏សំខាន់មួយដើម្បីកៀរគរធនធានក្នុងស្រុក និងអន្តរជាតិ ជួយវៀតណាមសម្រេចបានគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ជាការពិតណាស់ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដូចជាការធ្វើឱ្យល្អឥតខ្ចោះនូវក្របខ័ណ្ឌច្បាប់ ការកែលម្អសមត្ថភាពអភិបាលកិច្ចសាជីវកម្ម និងការអនុវត្តផែនទីបង្ហាញផ្លូវនៃការបញ្ចេញព័ត៌មាន ដែលជាកត្តាដែលទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីមូលនិធិវិនិយោគអន្តរជាតិ។ រាល់ការធ្វើកំណែទម្រង់ទាំងនេះបានជួយឱ្យទីផ្សារដំណើរការកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងខិតទៅជិតស្តង់ដារអន្តរជាតិ ដោយហេតុនេះពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគពិភពលោក។

ធនាគារពិភពលោក រួមជាមួយនឹងដៃគូអភិវឌ្ឍន៍នឹងបន្តរួមដំណើរជាមួយវៀតណាម ផ្សព្វផ្សាយជំនាញ និងធនធានហិរញ្ញវត្ថុសកល ដើម្បីគាំទ្រវៀតណាមក្នុងដំណើរនេះ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី!

បកប្រែដោយ Minh Trung