ចំណងមិត្តភាពដ៏រឹងមាំរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - កម្រមានប្រទេសមួយណាដែលបន្សល់ទុកនូវមនោសញ្ចេតនាជ្រៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាម ដូចជាប្រជាជន និងប្រទេសរុស្សីឡើយ។ សូម្បីតែជនជាតិវៀតណាមដែលមិនធ្លាប់បានមកដល់ប្រទេសមួយនេះក៏នៅតែមានចិត្តស្រឡាញ់ប្រទេសជាតិ និងប្រជាជនរុស្ស៊ីផងដែរ។ ទឹកចិត្តស្មោះស្ម័គ្រលើការជឿទុកចិត្តគ្នា និងការយោគយល់គ្នាបានក្លាយទៅជាខ្សែក្រហមតភ្ជាប់ប្រជាជាតិទាំងពីរ ពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។
ទំនាក់ទំនងពិសេស
សម្រាប់រាប់ម៉ឺននាក់ជាកម្មាភិបាលវៀតណាម អ្នកវិទ្យាសាស្ត្រ និងអ្នកជាថ្នាក់ដឹកនាំវៀតណាម ដែលបានរស់នៅ និងសិក្សាក្នុងប្រទេសរុស្ស៊ី ពេលវេលាដែលបានចំណាយលើទឹកដីមួយនេះបានក្លាយជាការចងចាំដ៏ស្រស់ស្អាតដែលមិនអាចរលត់បាន មិនថាប៉ុន្មានឆ្នាំបានកន្លងផុតទៅក៏ដោយ។ នៅក្នុងព្រឹត្តិការណ៍នាពេលថ្មីៗនេះ ដែលរៀបចំឡើងនៅទីក្រុងហាណូយ លោក Tran Hong Ha សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ត្រី បានចែករំលែកថា លោកពិតជាសំណាងណាស់ដែលបានសិក្សាស្រាវជ្រាវនៅក្នុងទឹកដីដ៏ស្រស់ស្អាតប្រទេសរុស្ស៊ី។ ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែការចងចាំអំពីលោកគ្រូអ្នកគ្រូដែលមានចិត្តសប្បុរស និងមិត្តរួមថ្នាក់ដ៏ស្មោះស្ម័គ្រជនជាតិរុស្ស៊ីដែលជាអ្នកបានចែករំលែកទាំងក្តីរីករាយ និងទុក្ខព្រួយនៅតែដក់ជាប់ក្នុងចិត្តរបស់លោក។ លោក Tran Hong Ha ថាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមិនអាចបំភ្លេចបានរបស់ប្រទេស និងប្រជាជនរុស្ស៊ីតែងតែគង់ស្ថិតក្នុងដួងចិត្តមិនត្រឹមតែរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងរបស់គ្រប់អ្នកជាជំនាន់ក្រោយដែលបានសិក្សា និងរស់នៅក្នុងសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីបច្ចុប្បន្ននេះផងដែរ។ លោក Tran Hong Ha បានលើកឡើងថា ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រជាជនទាំងពីរវៀតណាម និងរុស្ស៊ី គឺជាទំនាក់ទំនងពិសេសមួយដែលមានប្រវត្តិយូរអង្វែងបានឆ្លងកាត់ការលំបាកឧបសគ្គយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានសាបព្រួសនៅដើមដំបូង នៅពេលដែលលោក Nguyen Ai Quoc (ប្រធានហូជីមិញ) បន្ទាប់ពីលោកបានធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ ហើយចុងក្រោយលោកបានរកឃើញមាគ៌ាសង្គ្រោះប្រទេសជាតិពីបដិវត្តន៍ខែតុលារុស្ស៊ី ដែលលោកចាត់ទុកថា នេះគឺជា "មាគ៌ាទៅកាន់ការរំដោះប្រជាជន និងមនុស្សជាតិ"។
ទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរមិនត្រឹមតែបានឆ្លងកាត់លត់ដំក្នុងភ្លើងសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងបានបំភ្លឺចែងចាំងក្នុងបុព្វហេតុសន្តិភាព និងការកសាងប្រទេសជាតិផងដែរ។ ដោយមានការជួយជ្រោមជ្រែងពីអ្នកជំនាញរុស្ស៊ី ពីប្រទេសកសិកម្ម ថយក្រោយ វៀតណាមបានកសាងបានខឿនសេដ្ឋកិច្ចទំនើប។ សមិទ្ធិផលនានាដែលមានអាយុកាលរាប់សតវត្សដូចជាស្ពាន Thang Long និងទំនប់វារីអគ្គិសនី Hoa Binh មិនត្រឹមតែជានិមិត្តរូបនៃឧស្សាហូបនីយកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាអមតៈនៃមិត្តភាពវៀតណាម-រុស្ស៊ីផងដែរ។ កិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័ន ដោយមានក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro និងក្រោយមកគឺ Rusvietpetro បានក្លាយជាសសរស្តម្ភដ៏មានប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់ប្រទេសទាំងពីរ។
សព្វថ្ងៃនេះ លំហូរនៃកិច្ចសហប្រតិបត្តិការនោះនៅតែពង្រីកឥតឈប់ឈរ និងអភិវឌ្ឍយ៉ាងចម្រុះសម្បូរបែបក្នុងវិស័យជាច្រើន។ សហគ្រាសវៀតណាមជាច្រើនដូចជា TH Group ដែលមានគម្រោងវិនិយោគ ២.៧ ពាន់លានដុល្លារនៅរុស្ស៊ី មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមិត្តប៉ុណ្ណោះទេ ថែមទាំងបន្តសរសេរទំព័រជោគជ័យថ្មីៗ បង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការដ៏ទូលំទូលាយ ជាក់ស្តែង និងស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរ។
“ក្រឡេកទៅមើលដំណើរ ៧៥ឆ្នាំ យើងមានសិទ្ធិមានមោទនៈភាពចំពោះអតីតកាលដ៏រុងរឿង មិត្តភាពប្រពៃណី និងសាមគ្គីភាពពិសេសដែលបានឆ្លងកាត់ការប្រឈមដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រ។ វាគឺជាការជឿទុកចិត្តជាយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងក្នុងការរួមគ្នាបើកសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ និងរឹងមាំជាងពេលណាទាំងអស់” លោក Tran Hong Ha បានអះអាង។
    |
 |
គណៈប្រតិភូចូលរួមវេទិកាប្រជាជនវៀតណាម-រុស្ស៊ីលើកដំបូង |
ការរួមចំណែកជាក់ស្តែងនៃការទូតរវាងប្រជាជន និងប្រជាជន
ទោះជាយ៉ាងណាក៏ដោយ ក៏ចាំបាច់ត្រូវបញ្ជាក់ថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នកំពុងបង្កបញ្ហាប្រឈមយ៉ាងសំខាន់សម្រាប់ទាំងវៀតណាម និងសហព័ន្ធរុស្ស៊ី។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេស និងក្រុមប្រទេសកំពុងកើនឡើង។ ជម្លោះកំពុងវិវឌ្ឍក្នុងលក្ខណៈស្មុគ្រស្មាញ ដែលនាំឱ្យមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ទាំងប្រពៃណី និងមិនប្រពៃណី។ ក្នុងបរិបទនោះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានសង្កត់ធ្ងន់លើតួនាទីនៃទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន ដែលជាស្ពានសំខាន់ដែលរួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាព បង្កើនការយល់ដឹង រួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះគម្រោង និងកម្មវិធីសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះពង្រឹងទំនាក់ទំនងអន្តរជាតិ។
ថ្លែងមតិលើនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) Phan Anh Son បានចាត់ទុកថា អង្គការមិត្តភាពរវាងប្រជាជននិងប្រជាជនគឺជាស្ពានពិសេស និងរឹងមាំ រួមចំណែកពង្រឹងមូលដ្ឋានសង្គមរឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី ជ្រួតជ្រាបដល់អាយុជីវិត និងដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
លោក Phan Anh Son និយាយថា ដោយមានគោលបំណងបង្កើតយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើនការយល់ដឹង និងភាពជឿជាក់រវាងប្រជាជននៃប្រទេសទាំងពីរ VUFO បានផ្តួចផ្តើមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់រុស្ស៊ី និងវៀតណាម ដើម្បីរៀបចំវេទិកាប្រជាជនវៀតណាម - រុស្ស៊ី។ វេទិការនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរបានក្រឡេកមើលទៅអតីតកាលនៃទំនាក់ទំនងទ្វេភាគី អះអាងនូវតម្លៃ និងគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងជំនួយទៅវិញទៅមក វៀតណាម-រុស្ស៊ី ផ្លាស់ប្តូរវិធានការជំរុញការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ បង្កើនការជឿទុកចិត្ត និងការយល់ដឹងរវាងប្រជាជនទាំងពីរ។ ពិភាក្សាលើវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដោយហេតុនេះ រួមចំណែកធ្វើឱ្យស៊ីជម្រៅ និងពង្រឹងខ្លឹមសារនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយនឹងភាពជោគជ័យនៃវេទិកាប្រជាជនវៀតណាម - រុស្ស៊ីលើកដំបូង (ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា) ប្រធាន VUFO ជឿជាក់ថា វេទិកានេះពិតជាបានក្លាយទៅជាយន្តការសន្ទនាថ្មី ប្រកបដោយប្រសិទ្ធភាព និងប្រចាំឆ្នាំ ដែលជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងប្រជាជនទាំងពីរ ទោះបីជាមានការប្រែប្រួលនៃស្ថានភាពពិភពលោក និងតំបន់ក៏ដោយ៕
បកប្រែដោយ Minh Trung