វៀតណាម - ជាគោលដៅទាក់ទាញសម្រាប់ វិនិយោគិនអាល្លឺម៉ង់
កប.អនឡាញ - ទីក្រុងហូជីមិញគឺជា “ច្រកចេញចូល” សម្រាប់អង្គភាពអាជីវកម្មអាល្លឺម៉ង់ ដែលស្មើនឹង ៧៥% នៃសកម្មភាពលក់ និងសេវាកម្ម។
វៀតណាមកំពុងក្លាយជាទិសដៅទាក់ទាញបំផុតមួយសម្រាប់អ្នកវិនិយោគអាល្លឺម៉ង់ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦។ ជាមួយនឹងគុណសម្បត្តិនៃកម្លាំងពលកម្មវ័យក្មេង ការចំណាយប្រកួតប្រជែង ការពង្រីកទីផ្សារក្នុងស្រុក និងបរិយាកាសវិនិយោគបើកចំហ អង្គភាពអាជីវកម្មកាន់តែច្រើនឡើងពីសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបកំពុងជ្រើសរើសប្រទេសវៀតណាមជាគោលដៅយុទ្ធសាស្ត្ររយៈពេលវែង។
    |
 |
ខ្សែសង្វាក់ផលិតកម្មកាត់ដេរនាំចេញនៅក្រុមហ៊ុន Van Laack ASIA Co., Ltd. ដែលវិនិយោគដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅតំបន់ឧស្សាហកម្ម Ngoc Hoi (ទីក្រុងហាណូយ)។ រូបថត៖ Danh Lam/VNA |
របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់សភាឧស្សាហកម្ម និងពាណិជ្ជកម្មអាឡឺម៉ង់នៅវៀតណាមបានកត់ត្រាថា រហូតមកដល់បច្ចុប្បន្ន សហគ្រាសអាល្លឺម៉ង់ចំនួន ៥៧៦ បានបណ្តាក់ទុននៅវៀតណាមដោយមានដើមទុនសរុបជិត ៣.៧ ពាន់លានដុល្លារអាមេរិក បង្កើតការងារយ៉ាងតិច ៥០០០០ នៅទូទាំងប្រទេស។
ទោះបីជាអាល្លឺម៉ង់មានភាពល្បីល្បាញទូទាំងពិភពលោកសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅក្នុងប្រទេសវៀតណាម ជិតពាក់កណ្តាលនៃគម្រោងរបស់អាឡឺម៉ង់ស្ថិតនៅក្នុងវិស័យសេវាកម្មដូចជា ការប្រឹក្សាយោបល់ ភស្តុភារ ដំណើរការអាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៧១ ដែលប្រតិបត្តិការក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ រោងចក្រផលិតរបស់អាឡឺម៉ង់នៅវៀតណាមក៏បានបន្តកើនឡើងផងដែរ ដោយបច្ចុប្បន្នមានសហគ្រាសសរុបចំនួន ១១៧ កំពុងដំណើរការ ដែលលាតសន្ធឹងលើវិស័យជាច្រើនដូចជា គ្រឿងម៉ាស៊ីន ឱសថ វាយនភណ្ឌ គីមី។ល។
បើនិយាយពីទីតាំងវិញ ទីក្រុងហូជីមិញជា “ច្រកចេញចូល” សម្រាប់អង្គភាពអាជីវកម្មអាឡឺម៉ង់ ស្មើនឹង ៧៥% នៃសកម្មភាពលក់ និងសេវាកម្ម។ ទន្ទឹមនឹងនោះ ភាគខាងជើងបានមើលឃើញពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាតាមច្រករបៀងហាណូយ - ហាយហ្វុង។ ភូមិភាគកណ្តាលកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ដោយសារគុណសម្បត្តិនៃថ្លៃដើម និងគុណភាពជីវិត ដោយមានគម្រោងគួរឱ្យកត់សម្គាល់ជាច្រើននៅទីក្រុង Da Nang, Quang Nam និង Gia Lai។
កត្តាជំរុញដ៏សំខាន់មួយសម្រាប់សហគ្រាសអាល្លឺម៉ង់ដែលជ្រើសរើសវៀតណាមគឺតម្លៃពលកម្មសមរម្យ បរិយាកាសវិនិយោគបើកចំហកាន់តែខ្លាំងឡើង និងឧស្សាហកម្មភាគច្រើនដែលអនុញ្ញាតឲ្យបង្កើតសហគ្រាសដែលមានទុនវិនិយោគពីបរទេសចំនួន ១០០%។ សហគ្រាសអាល្លឺម៉ង់តែងតែវិនិយោគរយៈពេលវែង មិនត្រឹមតែនាំមកនូវដើមទុនប៉ុណ្ណោះទេ ថែមទាំងបច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និងគំរូបណ្តុះបណ្តាលវិជ្ជាជីវៈ រួមចំណែកលើកកំពស់គុណភាពធនធានមនុស្សនៅវៀតណាម៕
បកប្រែដោយ Duy Hoan