សហគ្រាសហិរញ្ញវត្ថុកូរ៉េខាងត្បូងពង្រីកទីផ្សារនៅវៀតណាម
កប.អនឡាញ - ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េខាងត្បូងជាច្រើនកំពុងបង្កើនវត្តមានរបស់ពួកគេនៅក្នុងប្រទេសវៀតណាម ដោយចាត់ទុកថានេះជាទីផ្សារយុទ្ធសាស្ត្រមួយដោយមានកំណើនសេដ្ឋកិច្ចខ្ពស់ មានប្រជាជនជិត ១០០ លាននាក់ និងសក្តានុពលសម្រាប់កំណើនទ្រព្យសកម្ម។
ប្រភពព័ត៌មានពីឧស្សាហកម្មថ្មីៗនេះបានបង្ហាញថា ប្រទេសវៀតណាមកំពុងលេចចេញជាទីផ្សារយុទ្ធសាស្ត្រសម្រាប់សហគ្រាសហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅពេលដែលក្រុមហ៊ុនមូលបត្រ និងគ្រប់គ្រងទ្រព្យសកម្មជាច្រើននៃប្រទេសនេះ កំពុងពង្រីកប្រតិបត្តិការ ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រជាជនជិត ១០០ លាននាក់។
    |
 |
|
រូបតំណាងរបស់ក្រុមហ៊ុន Mirae Asset Securities របស់កូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
ចាប់តាំងពីក្រុមហ៊ុន Mirae Asset Securities បានក្លាយជាក្រុមហ៊ុនកូរ៉េខាងត្បូងដំបូងគេដែលចូលទីផ្សារវៀតណាមក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុនល្បីៗមួយចំនួនដូចជា Korea Investment & Securities, Shinhan Securities និង KB Securities បានបង្កើតសាខា ឬក្រុមហ៊ុនបុត្រសម្ព័ន្ធជាបន្តបន្ទាប់នៅទីក្រុងហូជីមិញ និងហាណូយ។ ក្រុមហ៊ុនទាំងនេះមានគោលបំណងស្វែងរកកម្លាំងចលករកំណើនថ្មីក្នុងចំណោមទីផ្សារលក់រាយក្នុងស្រុកដែលកាន់តែឆ្អែតឆ្អន់។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិកូរ៉េខាងត្បូងក៏កំពុងជ្រៀតចូលទីផ្សារវៀតណាមយ៉ាងសកម្មផងដែរ។ Korea Investment Management បានបើកការិយាល័យគ្រប់គ្រងទ្រព្យសកម្មដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ ហើយបានផ្លាស់ប្តូរវាទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយជោគជ័យក្នុងឆ្នាំ ២០២០។ ក្រុមហ៊ុនផ្សេងទៀតដូចជា KB Asset Management, Mirae Asset Global Investments និង Kiwoom Investment Asset Management ក៏មានវត្តមានផងដែរ។
យុទ្ធសាស្ត្រទូទៅគឺដើម្បីទាញយកអត្ថប្រយោជន៍ពីលំហូរមូលធនពីស្ថាប័នក្នុងស្រុក និងអតិថិជនអ្នកមានតាមរយៈផលិតផលវិនិយោគដោយប្រយោលដូចជាមូលនិធិ និង ETFs ដែលស្របតាមទីផ្សារទ្រព្យសកម្មដែលកំពុងរីកចម្រើននៅក្នុងប្រទេសវៀតណាម។
ក្នុងចំណោមក្រុមហ៊ុនបរទេស ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mirae Asset Securities កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងចំណោមក្រុមហ៊ុនមូលបត្របរទេស ដោយឈានដល់ ២.៩៣% គិតត្រឹមត្រីមាសទី ៣ នៃឆ្នាំមុន។ ក្រុមហ៊ុនថ្មីៗនេះបានតែងតាំងនាយកប្រតិបត្តិជនជាតិវៀតណាម ដែលត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រដើម្បីបង្កើនភាពសម្របខ្លួនទៅនឹងទីផ្សារ និងពង្រីកផ្នែកលក់រាយ មូលបត្រសាជីវកម្មដែលមានគុណភាពខ្ពស់ និងអាជីវកម្មហិរញ្ញវត្ថុបៃតងរបស់ខ្លួន។
នៅក្នុងវិស័យគ្រប់គ្រងមូលនិធិ Korea Investment Management កំពុងត្រៀមរៀបចំដាក់ឱ្យដំណើរការមូលនិធិមូលបត្របំណុល IPOs និង ETFs ថ្មី រួមទាំងផលិតផលដែលរួមបញ្ចូលគ្នានូវមាស និងទ្រព្យសកម្មឌីជីថល ដោយទាញយកអត្ថប្រយោជន៍ពីនិន្នាការវិនិយោគថ្មី និងផែនការសាកល្បងរបស់រដ្ឋាភិបាលវៀតណាម៕
បកប្រែដោយ Huyen Trang