៣០ ឆ្នាំនៃដំណើរការអភិវឌ្ឍនៃការនាំចេញ
កប.អនឡាញ - ចំពោះប្រទេសវៀតណាម ការនាំចេញទំនិញគឺត្រូវបានប្រៀបដូចជាទន្លេដែលនាំសេដ្ឋកិច្ចទៅកាន់មហាសមុទ្រ។ ការដឹកជញ្ជូនទំនិញទៅកាន់បរទេសមិនត្រឹមតែមានតម្លៃសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលទ្ធផលនៃដំណើរការបើកចំហ និងការធ្វើសមាហរណកម្ម ក្នុងស្មារតីឯករាជ្យភាព ខ្លួនទីពឹងខ្លួន ព្រមទាំងជាសមិទ្ធផលនៃគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចនីមួយៗ និងប្រជាពលករម្នាក់ៗផងដែរ។
តួលេខគួរឲ្យចាប់អារម្មណ៍
នៅឆ្នាំ១៩៩៥ នៅពេលដែលប្រទេសវៀតណាមបានចូលជាសមាជិកអាស៊ានជាផ្លូវការ ទំហំសរុបនៃការនាំចូល និងនាំចេញ មានត្រឹមតែ ១៣.៤ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ តួលេខតិចតួចនេះបានបង្ហាញពីចំណុចចាប់ផ្តើមទាបនៃសេដ្ឋកិច្ចដែលទើបតែឈានចូលក្នុងដំណើរការធ្វើសមាហរណកម្ម។ ប៉ុន្តែ លំហូរនៃពាណិជ្ជកម្មក្រៅប្រទេសបានពង្រីកបន្តិចម្តងៗ។ ជាពិសេស ឆ្នាំ២០២៥ ការនាំចូល និងការនាំចេញរបស់វៀតណាមលើសពី ៨០០ ពាន់លានដុល្លារអាមេរិក និង ៩០០ ពាន់លានដុល្លារអាមេរិក ដែលបញ្ជាក់ពីទំហំ តួនាទី និងការតភ្ជាប់យ៉ាងស៊ីជម្រៅនិងទូលំទូលាយនៃសេដ្ឋកិច្ចវៀតណាមជាមួយនឹងពាណិជ្ជកម្មពិភពលោក។
    |
 |
|
ផលិតផលកសិកម្មគឺជាទំនិញនាំចេញសំខាន់របស់វៀតណាម |
ក្នុងការនាំចេញ កំណើនរបស់ប្រទេសវៀតណាមអាចមើលឃើញយ៉ាងច្បាស់នៅគ្រប់ដំណាក់កាលសំខាន់ៗ៖ ពីជាង ៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០០៨ ទំហំនៃការនាំចេញសម្រេចបាន ៤៧០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ វៀតណាមបានស្ថិតក្នុងបញ្ជីប្រទេសដែលមានទំហំនៃការនាំចេញធំជាងគេទាំង ១៥ នៅលើពិភពលោក ដោយបញ្ជាក់ពីតួនាទីកាន់តែរឹងមាំនៅក្នុងទីផ្សារអន្តរជាតិ។
តុល្យភាពពាណិជ្ជកម្មក៏មានការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍។ មុនឆ្នាំ ២០១០ វៀតណាមបានជួបនឹងឱនភាពពាណិជ្ជកម្ម។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១២ តុល្យភាពបានចាប់ផ្តើមមានស្ថិរភាព និងផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកអតិរេកពាណិជ្ជកម្ម។
តម្រូវការក្នុងការបង្កើនអត្រាផលិតកម្មក្នុងស្រុក
នៅរយៈពេល ៣០ ឆ្នាំមុន ការនាំចេញរបស់វៀតណាមទៅកាន់ពិភពលោកនៅតែតិចតួច ដោយពឹងផ្អែកលើធនធានធម្មជាតិ។ ដោយមានកម្លាំងពលកម្មឧស្សាហ៍ព្យាយាម បរិមាណនាំចូល និងនាំចេញរបស់វៀតណាមឥឡូវនេះបានកើនឡើងជិត ៧០ ដង ដែលជាអត្រាដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ តួលេខទាំងនេះមិនត្រឹមតែបង្ហាញពីកំណើនពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃគោលនយោបាយសមាហរណកម្ម ការបើកចំហរនៃសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហគមន៍ធុរកិច្ច និងពលករនៅលើវិស័យសេដ្ឋកិច្ច។
    |
 |
|
ការដឹកជញ្ជូនផលិតផលរបស់ក្រុមហ៊ុន Hoa Phat ទៅកាន់បរទេស |
នៅឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មានគោលបំណងសម្រេចឲ្យបានកំណើននាំចេញពី ១៥-១៦% ស្មើនឹង ៥៤៦-៥៥០ ពាន់លានដុល្លារអាមេរិក។ ដើម្បីសម្រេចបានកំណើនរយៈពេលវែង និងប្រកបដោយចីរភាព ការនាំចេញរបស់វៀតណាមមិនអាចពឹងផ្អែកតែលើគុណសម្បត្តិថ្លៃដើម ឬសេដ្ឋកិច្ចទ្រង់ទ្រាយធំនោះទេ។ សេដ្ឋកិច្ចត្រូវផ្តោតលើការកសាងឧស្សាហកម្មជាមូលដ្ឋាន។
ការកាត់បន្ថយការពឹងផ្អែកលើការនាំចូលបន្តិចម្តងៗមិនមែនគ្រាន់តែជាបញ្ហាប្រឈមនៃផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាតម្រូវការយុទ្ធសាស្ត្រដើម្បីបង្កើនអត្រាផលិតកម្មក្នុងស្រុក បង្កើនភាពធន់របស់សេដ្ឋកិច្ចចំពោះផលប៉ះពាល់ខាងក្រៅ និងកាត់បន្ថយហានិភ័យពីការរំខានៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នៅពេលដែលយើងអាចគ្រប់គ្រងផលិតកម្ម ធ្វើជាម្ចាស់លើបច្ចេកវិទ្យា និងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ប៉ុណ្ណោះ ទើបយើងអាចបង្កើនតម្លៃបន្ថែមនៃការនាំចេញ។
លោក Nguyen Anh Son ប្រធាននាយកដ្ឋាននាំចូល-នាំចេញ បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងផ្តោតទៅលើការអភិវឌ្ឍផលិតកម្ម ការបង្កើតទំនិញនាំចេញថ្មី លើកម្ពស់តម្លៃបន្ថែម លើកកម្ពស់សមត្ថភាពក្នុងការបំពេញតាមស្តង់ដារបច្ចេកទេស បរិស្ថាន និងការឆ្លើយតបយ៉ាងសកម្មចំពោះរបាំងពាណិជ្ជកម្ម មានវិធានការការពារពាណិជ្ជកម្ម បង្កើនការតភ្ជាប់រវាងធុរកិច្ចក្នុងស្រុក ជាមួយវិស័យ FDI និងធុរកិច្ចធំៗនៅទូទាំងពិភពលោក ផ្ដល់ព័ត៌មានអំពីទីផ្សារប្រកបដោយច្នៃប្រឌិត ជម្រុញពាណិជ្ជកម្ម និងការអនុវត្តការធ្វើបរិវត្តកម្មឌីជីថល។ល។
ឆ្នាំថ្មីពោរពេញដោយកម្លាំងចលករបានមកដល់ហើយទំនិញបន្តត្រូវបានដឹកជញ្ជូនទៅបរទេស។ ការដឹកជញ្ជូនទំនិញដែលចាកចេញពីកំពង់ផែ នាំមកនូវសេចក្តីប្រាថ្នាសម្រាប់សមាហរណកម្ម កំណើន និងទំនុកចិត្តលើវិបុលភាពរបស់ប្រទេសជាតិ៕
បកប្រែដោយ Thuy Anh