ការដោះសោសក្តានុពលកំណើនសេដ្ឋកិច្ច
កប.អនឡាញ - ដោយសារត្រូវបានចាត់ទុកថាជាឆ្នាំពិសេសមួយសម្រាប់ប្រទេស ពោលគឺក្នុងពេលដំណាលគ្នានោះមានទាំងកាលានុវត្តនភាព ការលំបាក និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា។ ការប្តេជ្ញាចិត្តក្នុងការកែទម្រង់ក្នុងឆ្នាំ ២០២៥ និងគោលដៅកំណើនសេដ្ឋកិច្ចឈានដល់ ៨.០២% ដែលជាចំណុចសំខាន់មួយក្នុងបរិបទដែលពោរពេញទៅដោយភាពអំណោយផល និងបញ្ហាប្រឈមជាច្រើនឆ្លាស់គ្នា។
នេះគឺជាមូលដ្ឋានគ្រឹះ និងជាឱកាសសម្រាប់វៀតណាមក្នុងការដោះសោសក្តានុពលកំណើនសេដ្ឋកិច្ច ដោយបង្កើតសន្ទុះសម្រាប់វឌ្ឍនភាពយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។
    |
 |
|
រូបភាពទីក្រុងហាណូយមួយជ្រុង |
ការផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងគ្រឹះ
ឆ្នាំ២០២៥ - ដែលត្រូវបានសម្គាល់ជាឆ្នាំនៃគ្រោះមហន្តរាយធម្មជាតិ ព្យុះ ទឹកជំនន់ធ្ងន់ធ្ងរជាច្រើនដែលបណ្តាលឱ្យខូចខាតយ៉ាងដំណំដល់ផលិតកម្ម ជីវិតប្រជាជន និងអាជីវកម្ម។ នេះក៏ជាឆ្នាំដំបូងដែលតំបន់នានាទូទាំងប្រទេសបានចាប់ផ្តើមដំណើរការក្រោមគំរូថ្មី និងទំហំថ្មី ដោយអនុវត្តភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រជាច្រើន។ ប្រការនេះក៏តម្រូវឱ្យមានការច្នៃប្រឌិតក្នុងវិធីសាស្រ្តធ្វើការ និងប្រសិទ្ធភាពអភិបាលកិច្ចប្រសើរឡើងផងដែរ។ នៅក្នុងបរិបទនេះ ប្រទេសវៀតណាមនៅតែរក្សាបានអត្រាកំណើនខ្ពស់មួយគួរឱ្យកត់សម្គាល់នៅលើពិភពលោក ខណៈពេលដែលក្នុងពេលដំណាលគ្នាធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណាឱ្យនៅក្រោម ៣.៥% និងធានាបាននូវតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។
ជាពិសេស សម្រាប់ឆ្នាំ២០២៥ ទាំងមូល តម្លៃសរុបនៃការនាំចេញ និងនាំចូលទំនិញ យោងតាមទិន្នន័យចុងក្រោយបំផុតពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បានឈានដល់ ៩៣០.០៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.២% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលរួមចំណែកដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១៥ ដែលមានទំហំពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក ដែលបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វៀតណាម ជាតំណភ្ជាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
យោងតាមការវាយតម្លៃរបស់សាស្ត្រាចារ្យរង លោកបណ្ឌិត Tran Dinh Thien សមាជិកក្រុមប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំ “ពិសេស” ដែលក្នុងពេលដំណាលគ្នារួមមានទាំងការលំបាក បញ្ហាប្រឈម កម្លាំងផ្ទៃក្នុងដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការកែទម្រង់។ នេះគឺជារយៈពេលដ៏សំខាន់សម្រាប់ប្រទេសវៀតណាមក្នុងការបង្កើតលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការហក់ឡើងនាពេលអនាគត។ ចំណុចគួរឱ្យកត់សម្គាល់មួយគឺការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងវិធីសាស្រ្តអភិវឌ្ឍន៍ខណៈវៀតណាមបានកំណត់ថា ផ្នែកឯកជនជា “កម្លាំងចលករមួយសំខាន់បំផុតនៃកំណើន”។ ការរៀបចំក្របខ័ណ្ឌគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេដ្ឋកិច្ចបៃតង គឺជាជំហានសំខាន់ៗផ្សេងទៀត ដែលមានគោលបំណងផ្លាស់ប្តូរកំណើនទៅជាទំរង់ថ្មីដែលមានគុណភាពខ្ពស់ជាងមុន។
ទន្ទឹមនឹងនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការគិតគូរពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមបានឈានទៅរកយុទ្ធសាស្ត្រវិនិយោគដ៏ទូលំទូលាយ ធ្វើសមកាលកម្ម និងមានលក្ខណៈជាប្រព័ន្ធជាមួយនឹងការគ្រប់គ្រងដ៏ម៉ឺងម៉ាត់ និងល្បឿនដែលមិនធ្លាប់មានពីមុនមក។ ការចាប់ផ្តើម និងការបញ្ចប់គម្រោងធំៗចំនួន ៥៦៤ ក្នុងឆ្នាំ ២០២៥ ដែលមានដើមទុនចំនួន ៥.១៤ ពាន់ពាន់លានដុង គឺជាភស្តុតាងច្បាស់លាស់ មិនត្រឹមតែទាក់ទងនឹងទំហំ និងសារៈសំខាន់កម្រិតប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពក្នុងការកៀរគរធនធានយ៉ាងច្រើនពីសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
ការកែលម្អគុណភាពនៃកំណើន
ឆ្នាំ ២០២៥ បានបញ្ចប់ដោយខឿនសេដ្ឋកិច្ចវៀតណាមសម្រេចបាននូវសមិទ្ធផលលេចធ្លោជាច្រើនក្នុងសភាពការណ៍មិនប្រាកដប្រជាជាសកល រួមជាមួយនឹងក្របខ័ណ្ឌច្បាប់ថ្មីៗជាបន្តបន្ទាប់ ដែលបានត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះដ៏រឹងមាំនេះក៏បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខផងដែរ។ យោងតាមអ្នកជំនាញសេដ្ឋកិច្ច ការបញ្ចូលគ្នានៃកត្តាជំរុញប្រកបដោយចីរភាព និងកត្តាកំណើនរយៈពេលខ្លី តម្រូវឱ្យមានទស្សនវិស័យរយៈពេលវែងជាង និងមានមូលដ្ឋានគ្រឹះច្បាស់លាស់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។
ចូលដល់ឆ្នាំ ២០២៦ តម្រូវការមិនត្រឹមតែជាការរក្សាសន្ទុះកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងកម្លាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កែលម្អគុណភាពនៃកំណើន និងពង្រឹងទំនុកចិត្តរបស់អាជីវកម្ម ប្រជាជន និងវិនិយោគិនផងដែរ។ ទោះបីជាទទួលស្គាល់ថា គោលដៅកំណើន GDP ពីរខ្ទង់មិនពិបាកពេកទេ ដោយសារតែយើងមានសក្តានុពលសម្រាប់ធ្វើក៏ដោយ ប៉ុន្តែលោកសាស្ត្រាចារ្យ Hoang Van Cuong សមាជិកក្រុមប្រឹក្សាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី នៅតែជឿជាក់ថា៖ “យើងផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន ប៉ុន្តែការងារនេះត្រូវតែផ្អែកលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ។ បើមិនដូច្នោះទេ កំណើនសេដ្ឋកិច្ចនឹងបាត់បង់អត្ថន័យច្រើន ហើយនឹងប្រឈមមុខនឹងផលវិបាកអវិជ្ជមានជាច្រើន”។
ដោយចែករំលែកទស្សនៈនេះ លោកបណ្ឌិត Phan Duc Hieu សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋសភា បានសង្កត់ធ្ងន់ថា៖ “បញ្ហាប្រឈមស្នូលមិនមែនស្ថិតនៅក្នុងគោលដៅកំណើននោះទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពនៃការសម្រេចបានកំណើនខ្ពស់ ខណៈពេលដែលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសេដ្ឋកិច្ចសំខាន់ៗក្នុងពេលដំណាលគ្នា”។
យោងតាមលោកបណ្ឌិត Phan Duc Hieu កំណើនប្រកបដោយចីរភាពមិនអាចពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរយៈពេលខ្លីបានទេ។ ការសាកល្បងពិតប្រាកដស្ថិតនៅក្នុងសមត្ថភាពក្នុងការពង្រឹងគ្រឹះកំណើន និងប្រែការធ្វើកំណែទម្រង់ស្ថាប័នទៅជាសកម្មភាពជាក់ស្តែង។ ប្រសិនបើស្ថាប័ននានាពិតជាក្លាយជាគុណសម្បត្តិប្រកួតប្រជែង ការវិនិយោគសាធារណៈត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយលំហគោលនយោបាយត្រូវបានប្រើប្រាស់ដោយឈ្លាសវៃ គោលដៅនៃកំណើនខ្ពស់នឹងអាចសម្រេចបាន។ ផ្ទុយទៅវិញ ប្រសិនបើកំណែទម្រង់មានភាពយឺតយ៉ាវ ហើយការអនុវត្តមិនស៊ីសង្វាក់គ្នា កំណើនខ្ពស់ទំនងនឹងមិនមាននិរន្តរភាពក្នុងរយៈពេលមធ្យម និងវែងនោះទេ។
លើសពីនេះ ការវិនិយោគសាធារណៈនៅតែត្រូវបានកំណត់ថាជាសសរស្តម្ភសំខាន់នៃកំណើន។ ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកបណ្ឌិត Phan Duc Hieu ការវិនិយោគសាធារណៈបង្កើតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមដែលមានអាយុកាលវែង និងផលប៉ះពាល់យូរអង្វែងលើសមត្ថភាពអភិវឌ្ឍន៍។ ដូច្នេះឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំនៃការសាកល្បងដ៏សំខាន់មួយសម្រាប់គុណភាពនៃការអនុវត្តនូវរាល់គោលនយោបាយ៕
បកប្រែដោយ Minh Trung