ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក Pham Viet Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Le Huu Phuc ទីប្រឹក្សាពាណិជ្ជកម្ម លោក Petcharat Eksangkul អនុប្រធានទទួលបន្ទុកពាណិជ្ជកម្ម និងវិនិយោគនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) រួមជាមួយនឹងធុរកិច្ចជាច្រើនមកពីប្រទេសថៃ ក៏ដូចជាមេធាវីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោក Pham Viet Hung ឯកអគ្គរដ្ឋទូតថ្លែងមតិនៅវេទិកា (រូបថត៖ vnanet.vn)

ក្នុងពិធីនេះ លោក Pham Viet Hung បានឲ្យដឹងថា ថៃគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាវិនិយោគិនបរទេសធំជាងគេទី ៩ របស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបលើសពី ១៤ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ ២០២៣) ក្នុងវិស័យសំខាន់ៗដូចជាថាមពល ការលក់រាយ ការកែច្នៃម្ហូបអាហារ វត្ថុធាតុដើមបៃតង និងភស្តុភារ។ សាជីវកម្មធំៗជាច្រើន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសថៃមានវត្តមាននៅក្នុងប្រទេសវៀតណាម។ សាជីវកម្មធំៗដូចជា PTT, SCG, Central Retail, B.Grimm Power, Gulf Energy និង CP Group មិនត្រឹមតែបង្កើនការវត្តមានប៉ុណ្ណោះទេ ថែមទាំងកំពុងផ្លាស់ប្តូរទៅការវិនិយោគលើវិស័យបៃតង និងនិរន្តរភាព ដែលស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាមទាំងស្រុង។ ក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI) លោក Pham Viet Hung បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសថៃតែងតែជាអ្នកវិនិយោគ FDI នាំមុខគេនៅវៀតណាម និងជាប្រទេសមួយក្នុងចំណោមប្រទេស និងដែនដីទាំង ១០ ដែលវិនិយោគច្រើនជាងគេនៅវៀតណាម និងជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ាន (បន្ទាប់ពីសិង្ហបុរី)។ លោកឯកអគ្គរដ្ឋទូតក៏អះអាងដែរថា វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយធុរកិច្ចថៃក្នុងដំណើរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅរកការតភ្ជាប់ វិបុលភាព និងនិរន្តរភាពសម្រាប់ប្រទេសទាំងពីរ។

ក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ “ជម្រុញកំណើន និងឱកាស៖ ការវិនិយោគនៅវៀតណាម” មេធាវីនៃក្រុមហ៊ុន Baker McKenzie ប្រចាំវៀតណាម បានចែករំលែកអំពីខ្លឹមសារដែលសហគ្រាស និងអ្នកវិនិយោគជាច្រើនយកចិត្តទុកដាក់ដូចជា៖ និន្នាការ និងយថាទស្សន៍ក្នុងការវិនិយោគ៖ វិស័យកំណើនរបស់វៀតណាម; ព័ត៌មានថ្មីៗអំពីច្បាប់ស្ដីពីការវិនិយោគ និងច្បាប់ស្ដីពីសហគ្រាសរបស់វៀតណាម; អ្នកវិនិយោគថៃឆ្លៀតឱកាសធ្វើអាជីវកម្ម និងការវិនិយោគឆ្លងដែន...

វេទិកាដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ និងក្រុមហ៊ុន Baker McKenzie ដែលជាក្រុមហ៊ុនច្បាប់ឈានមុខគេនៅលើពិភពលោក និងមានការិយាល័យជាង ៧៥ នៅក្នុងប្រទេសជាង ៤៥ ជុំវិញពិភពលោក ក្នុងគោលបំណងជួយសហគ្រាសស្វែងយល់អំពីច្បាប់ និងបទប្បញ្ញត្តិច្បាប់ក្នុងតំបន់អាស៊ាន បង្កើតឱកាសសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងសហគ្រាសថៃ ជម្រុញសេដ្ឋកិច្ចនិងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh