តភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែតុលា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាមបានសហការជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីស្ដីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី (CMM) លើកទី១៩។ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក Tan See Leng រដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី សហប្រធានកិច្ចប្រជុំ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Nguyen Van Thang បានសង្កត់ធ្ងន់ថា ក្នុងកិច្ចប្រជុំលើកនេះ តាមរយៈការពិនិត្យកិច្ចសហប្រតិបត្តិការអនុវត្តលទ្ធផលដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី ១៨ ភាគីទាំងពីរនឹងសិក្សាស្រាវជ្រាវ និងលើកឡើងវិធានការសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងបង្កើនការតភ្ជាប់ ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមនាពេលអនាគត និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុពិភពលោក។
វិស័យដែលវៀតណាមស្នើឲ្យផ្ដល់អាទិភាពរួមមាន៖ ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់ ដឹកជញ្ជូន ថាមពល បច្ចេកវិទ្យាព័ត៌មាន អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស នវានុវត្តន៍ និងការធ្វើបរិវត្តកម្មរឌីជីថល ហិរញ្ញវត្ថុ ...។ ក្នុងនោះ អនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឲ្យកាន់តែជាក់ស្តែង និរន្តរភាព និងប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះ លោក Tan See Leng មានប្រសាសន៍ថា គោលដៅសំខាន់ពីរនៃកិច្ចប្រជុំនេះគឺ៖ ទីមួយ បង្កើតអង្គភាពវិនិយោគសិង្ហបុរី (SIU) នៅវៀតណាម ដើម្បីបង្កើនការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម។ ទី២ គឺការប្រកាសបង្កើតកម្មវិធីចែករំលែកអំពីការផ្លាស់ប្ដូរថ្មី និងផ្លាស់ប្ដូរទេពកោសល្យ (ITES) រវាងវៀតណាម និងសិង្ហបុរី។ CMM បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយក៏ជាវេទិកាមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ថាមពល និងនវានុវត្តន៍ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានទទួលស្គាល់នូវសំណើសហប្រតិបត្តិការជាច្រើន ដើម្បីតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា៖ ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងធនាគារ។ល។
ចំពោះទីតាំង និងពេលវេលានៃកិច្ចប្រជុំលើកទី២០ លោក Nguyen Van Thang បានឯកភាពថា សិង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះដោយយោងទៅតាមយន្តការប្ដូរវេនដែលបានព្រមព្រៀង៕
បកប្រែដោយ Thuy Anh