ទូរថភ្លើងទំនើបចំនួន ២០ គ្រឿងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅលើខ្សែរថភ្លើងហាណូយ-ហាយផុង
កប.អនឡាញ - យោងតាមអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម (VNR) បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ឧស្សាហកម្មផ្លូវដែកវៀតណាមនឹងដាក់ឱ្យដំណើរការទូរថភ្លើងទំនើបចំនួន ២០ គ្រឿងនៅលើខ្សែរថភ្លើងហាណូយ (Ha Noi) - ហាយផុង (Hai Phong)។
នេះជាលើកទីមួយហើយដែលឧស្សាហកម្មផ្លូវដែកបានដាក់ឱ្យដំណើរការទូរថភ្លើង VIP មានកៅអីចំនួន ៣៤ កៅអី ដែលបានរចនាតាមបែបឥណ្ឌូចិន រួមបញ្ចូលគ្នានូវភាពទំនើប និងប្រពៃណីអាស៊ីបូព៌ា។ ទូរថភ្លើងត្រូវបានបំពាក់ដោយកម្រាលឈើ វ៉ាយហ្វាយ និងកន្លែងបម្រើភេសជ្ជៈដោយឥតគិតថ្លៃ។ នេះក៏ជាទីតាំងសម្រាប់ថតរូបអនុស្សាវរីយ៍ និងសម្តែងសិល្បៈផងដែរ។
    |
 |
ខាងក្នុងទូរថភ្លើងត្រូវបានតុបតែងយ៉ាងប្រណិត |
ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ ក្រៅពីទូរថភ្លើង VIP មានកៅអីចំនួន ៣៤ កៅអី និងទូរថភ្លើងមានកៅអីបង្វិលចំនួន ៥៦ កៅអី ហើយនៅមានទូរថភ្លើងធម្មតាចំនួន ៦៤ កៅអីផងដែរ ដោយមានថ្លៃសំបុត្រផ្សេងគ្នា។
នៅខាងក្រៅនៃទូរថភ្លើងត្រូវបានរចនាដោយពណ៌ក្រហមនៃផ្កាក្ងោកក្រហម ដែលជានិមិត្តរូបនៃទីក្រុងហាយផុង។ អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាមបានឲ្យដឹងថា ទូរថភ្លើងទំនើបនៅលើខ្សែរថភ្លើងហាណូយ - ហាយផុង នឹងដំណើរការចាប់ពីថ្ងៃទី ១០ ខែឧសភា ក្នុងឱកាសខួបលើកទី ៧០ នៃទិវារំដោះទីក្រុងហាយផុង៕
បកប្រែដោយ Pham Diep