ជំរុញទំនាក់ទំនងវៀតណាម-បែលហ្ស៊ិក ចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
កប.អនឡាញ - ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៤ ខែមេសា ព្រះមហាក្សត្របែលហ្ស៊ិក Philippe និងព្រះរាជមហេសី Mathilde អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាមលើកដំបូង របស់ព្រះមហាក្សត្រ និងព្រះរាជមហេសីបែលហ្ស៊ិក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣។
ដំណើរទស្សនកិច្ចនេះបង្ហាញពីមនោសញ្ចេតនាពិសេសរបស់ព្រះមហាក្សត្រ Philippe និងព្រះរាជមហេសី Mathilde សម្រាប់ប្រទេសវៀតណាម។
បែលហ្ស៊ិក គឺជាសមាជិកស្ថាបនិកនៃសហភាពអឺរ៉ុប (EU) ដែលមានទីតាំងភូមិសាស្ត្រនៅអឺរ៉ុបភាគកណ្តាល ដែលមានតំណាងអង្គការអន្តរជាតិចំនួន ១,១០០ ទីភ្នាក់ងារព័ត៌មានអន្តរជាតិចំនួន ៦០០ ស្ថានតំណាងការទូតចំនួន ៤០០ និងតំណាងក្រុមហ៊ុនអន្តរជាតិ និងអឺរ៉ុបចំនួន ១,៧០០។ បែលហ្សិកជាប់ចំណាត់ថ្នាក់ទី ២៤ នៅលើពិភពលោក និងទី ៨ នៅសហភាពអឺរ៉ុបទាក់ទងនឹងផលិតផលក្នុងស្រុកសរុប (GDP) ហើយជាមជ្ឈមណ្ឌលចែកចាយ និងដឹកជញ្ជូនទំនិញរបស់អឺរ៉ុប។ គុណសម្បត្តិទាំងនេះពង្រឹងតួនាទី និងកិត្យានុភាពរបស់បែលហ្សិកនៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅលើឆាកអន្តរជាតិ។
វៀតណាម និងបែលហ្ស៊ិកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ១៩៧៣។ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ។ ស្តីពីវិស័យនយោបាយ ការបរទេស ប្រទេសទាំងពីរតែងតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។ ប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ និងយន្តការសហប្រតិបត្តិការ ក្នុងនោះមានគណៈកម្មាធិការចម្រុះ វៀតណាម-បែលហ្ស៊ិក ស្តីពីសេដ្ឋកិច្ច គណៈកម្មាធិការអចិន្ត្រៃយ៍រួមវៀតណាម-វ៉លឡូនី-ព្រុចសែល ការពិគ្រោះយោបល់អំពីនយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស គណៈកម្មាធិការចម្រុះ វៀតណាម-បែលហ្ស៊ិក ស្តីពីវិទ្យាសាស្រ្តនិងបេច្ចកវិទ្យា។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី រួមទាំងអង្គការសហប្រជាជាតិ។ នៅខែតុលា ឆ្នាំ ២០២៣ សភាជាន់ទាបបែលហ្ស៊ិកបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំរបស់វៀតណាម។ នេះជាលើកដំបូងហើយ ដែលសភាបរទេសបានអនុម័តលើសេចក្តីសម្រេចចិត្តនេះ ដោយហេតុនោះ រួមចំណែកជំរុញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ និងអំពាវនាវឱ្យប្រទេសនានាជួយឧបត្ថម្ភជួយជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំរបស់វៀតណាម។
ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ បែលហ្ស៊ិកជាទីផ្សារនាំចេញធំជាងគេទី៦ របស់វៀតណាមនៅអឺរ៉ុប ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់បែលហ្ស៊ិកក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៤ សម្រេចបាន ៤.៤៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០២៣។ បែលហ្ស៊ិកបច្ចុប្បន្នមានគម្រោងវិនិយោគចំនួន ១០០ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុប ១.១ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យដឹកជញ្ជូនតាមសមុទ្រ សេវាកម្មឡូជីស្ទីក និងថាមពលកកើតឡើងវិញ។ បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគចំនួន ៤ ក្នុងវិស័យឧស្សាហកម្មកែច្នៃ និងផលិតនៅប្រទេសបែលហ្សិក ដែលមានទុនវិនិយោគសរុប ១២.៦ លានដុល្លារអាមេរិក។
ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្មដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ប្រទេសទាំងពីរកំពុងអនុវត្តកម្មវិធីសហប្រតិបត្តិការបច្ចេកទេសជាច្រើនរវាងសាលារៀន វិទ្យាស្ថានស្រាវជ្រាវកសិកម្ម អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបម្រើការនាំចេញកសិផលពីវៀតណាមទៅអឺរ៉ុប ជំរុញការដាក់ពង្រាយខ្សែសង្វាក់ឡូជីស្ទីកត្រជាក់ដ៏ឆ្លាតវៃ សហប្រតិបត្តិការក្នុងការអភិវឌ្ឍឧស្សាហកម្មកាកាវ និងក្នុងវិស័យសុវត្ថិភាពចំណីអាហារ។ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យការពារជាតិ សន្តិសុខ វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ហើយសម្រេចបានលទ្ធផលជាច្រើន។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរ ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះរាជមហេសីបែលហ្ស៊ិក បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសរបស់បែលហ្ស៊ិកចំពោះវៀតណាម និងតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់វៀតណាម អះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ភាពម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមចំពោះបែលហ្សិក ដែលជាដៃគូសំខាន់របស់វៀតណាមនៅសហភាពអឺរ៉ុប។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាមរបស់ព្រះមហាក្សត្របែល Philippe និងព្រះរាជមហេសី Mathilde នឹងទទួលបានជោគជ័យដ៏អស្ចារ្យ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញទំនាក់ទំនង វៀតណាម-បែលហ្សិក ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
បកប្រែដោយ Huyen Trang