អ្នកយកព័ត៌មាន៖ លោកឱ្យដឹងបានទេ តើអ្វីជាសារៈសំខាន់ និងលទ្ធផលលេចធ្លោនៃដំណើរបំពេញការងាររបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម?
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី៖ ទន្ទឹមនឹងការបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយមិត្តជាប្រពៃណីរបស់អតីតសហភាពសូវៀត ដំណើរទស្សនកិច្ចការងាររបស់លោក To Lam អគ្គលេខាបក្សមិនត្រឹមតែពង្រឹងទំនាក់ទំនងតែប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានភាពល្អប្រសើរជាងនូវទំនាក់ទំនងជាមួយប្រទេសទាំងនេះ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដែលត្រូវបានរក្សាពូនជ្រំដោយគ្រប់ជំនាន់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម និងប្រទេសទាំងនេះ។
យើងពិតជាមានមោទនភាពណាស់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបួនវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏ខ្លាំងក្លានាពេលបច្ចុប្បន្នលើគ្រប់វិស័យរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត និងលោក To Lam អគ្គលេខាបក្ស រួមនិងការកែទម្រង់ ការផ្លាស់ប្ដូរដ៏រឹងមាំ និងឈានឆ្ពោះទៅកាន់យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិវៀតណាម។ ដំណើរបំពេញទស្សនកិច្ចការងារទទួលបានលទ្ធផលល្អដូចតទៅ៖
ទីមួយ ដំណើរបំពេញការងារបានរួមចំណែកអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្មនៃទំនាក់ទំនងបរទេស ការធ្វើសមាហរណកម្មយ៉ាងសកម្ម និងទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិ។ យើងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយកាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ និងបេឡារុស្ស ដែលនាំឱ្យចំនួនប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមកើនឡើងដល់ ៣៧ ប្រទេស។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដោយហេតុនេះពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត បើកទិសដៅថ្មីៗសម្រាប់ការអនុវត្តវិស័យកិច្ចសហប្រតិបត្តិការសមស្របនឹងកម្រិតនៃទំនាក់ទំនងក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។
ទីពីរ លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសទាំងអស់បានអះអាងថា នឹងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលបានឆ្លងកាត់គ្រប់ការលំបាក និងប្រវត្តិសាស្ត្រ ប៉ុន្តែតែងតែប្រកៀកស្មាគ្នាក្នុងការតស៊ូដណ្តើមឯករាជ្យ និងការអភិវឌ្ឍរបស់ប្រទេសនាពេលបច្ចុប្បន្ន ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានជាច្រើនក្នុងពិភពលោ។
ទី៣ កិច្ចប្រជុំសំខាន់ៗរវាងលោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានាទទួលបានលទ្ធផលល្អប្រសើរ កំណត់បានរូបរាងនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងបណ្តាប្រទេសនាពេលខាងមុខ បង្កើតកម្លាំងចលករថ្មីមិនត្រឹមតែក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មីដែលមានសក្ដានុពលខ្លាំង សក្តិសមជាមួយទំនាក់ទំនងដែលបានបង្កើតថ្មី។ លោក To Lam អគ្គលេខាបក្ស និងមេដឹកនាំនៃបណ្តាប្រទេសបានព្រមព្រៀងគ្នាក្នុងការបង្កើនទំនុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ និងតាមរយៈបណ្តាញផ្សេងៗ។ ទាក់ទិននឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ថ្នាក់ដឹកនាំបានអះអាងពីសារៈសំខាន់នៃយន្តការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ហើយបានលើកទឹកចិត្តឱ្យលើកស្ទួយប្រសិទ្ធភាព ដោយហេតុនេះភាគីទាំងពីរសុទ្ធតែលើកឡើងនូវវិធានការដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីសមស្របនឹងទំនាក់ទំនងនយោបាយល្អ។
ទីបួន លើកម្រិតពហុភាគី នាពេលខាងមុខ យើងនឹងឃើញកាន់តែច្បាស់ថែមទៀតអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងបណ្តាប្រទេសនេះនៅក្នុងរាល់អង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការផ្សេងៗទៀត។ លោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំប្រទេសទាំងនេះបានឯកភាពសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់នីមួយៗ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
អ្នកយកព័ត៌មាន៖ ដំណើរបំពេញទស្សនកិច្ចការងារសម្រេចបានលទ្ធផលសំខាន់ៗ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីនាំឱ្យទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រទេសនានាឡើងដល់កម្រិតថ្មីមួយ។ តើវៀតណាមនឹងចាត់វិធានការជាក់លាក់អ្វីខ្លះ ដើម្បីអនុវត្តយ៉ាងជាក់លាក់ចំពោះរាល់លទ្ធផលនៃដំណើរបំពេញទស្សនកិច្ចការងារនេះ?
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី៖ លទ្ធផលដែលសម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់លោក To Lam អគ្គលេខាបក្ស មានភាពសម្បូរបែប អត្ថន័យជាក់ស្តែង និងយូរអង្វែង។ លទ្ធផលទាំងនោះបានរួមចំណែកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ លើកទឹកចិត្តយ៉ាងខ្លាំង និងតម្រង់ទិសដៅច្បាស់លាស់សម្រាប់វៀតណាម រួមជាមួយនិងប្រទេសនានាសម្រេចបាននូវគោលដៅដែលបានកំណត់ សក្តិសមនៃទំនាក់ទំនងក្នុងកម្រិតថ្មី។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ នាពេលខាងមុខ វៀតណាម និងដៃគូនានានឹងសហការយ៉ាងសកម្ម និងជិតស្និទ្ធ គោរពតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗដូចខាងក្រោម៖
ទីមួយ ផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ បង្កើនទំនាក់ទំនងគ្រប់ជាន់ថ្នាក់លើគ្រប់បណ្តាញ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយ និងបង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងសកម្មរវាងរដ្ឋាភិបាល រដ្ឋសភា នៃប្រទេសនានា ទន្ទឹមនឹងនោះការពង្រឹងតួនាទីរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម និងដៃគូនានា។ អាស្រ័យហេតុនេះ វៀតណាម និងប្រទេសនានានឹងរក្សាបាននូវសន្ទុះអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព បន្តពង្រឹង និងពង្រីកការជឿទុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។
ទីពីរ អនុវត្តយន្តការកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ វៀតណាម និងដៃគូនានានឹងពិភាក្សាយ៉ាងសកម្ម និងសម្របសម្រួលដើម្បីអនុវត្តជាក់ស្តែងនូវរាល់ឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ក្នុងស្មារតីនៃសេចក្តីថ្លែងការណ៍រួម និងការយល់ឃើញរួមក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់ វៀតណាម និងប្រទេសនានានឹងឯកភាពគ្នាលើដំណោះស្រាយជាក់លាក់ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រួមទាំងការលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី។
លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ វៀតណាមនឹងសម្របសម្រួលយ៉ាងល្អជាមួយដៃគូនានាទាំងទ្វេភាគី តាមរយៈយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល និងតាមរយៈយន្តការពហុភាគី ដូចជាសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) សំដៅកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មនៃភាគីទាំងអស់ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងលើទីផ្សាររបស់គ្នាទៅវិញទៅមក។ វៀតណាមក៏នឹងធ្វើការជាមួយដៃគូនានារបស់ខ្លួនក្នុងការស្រាវជ្រាវ និងសិក្សាដើម្បីពង្រីក និងធ្វើពិពិធកម្មផលិតផលនាំចូល និងនាំចេញ ទន្ទឹមនឹងនោះអភិវឌ្ឍការដឹកជញ្ជូនដើម្បីបង្កើនការជំរុញពាណិជ្ជកម្ម ធានាថា សមស្របនឹងសក្តានុពល និងភាពខ្លាំងរបស់ភាគីទាំងអស់។
ទីបី ពង្រឹងការជួបប្រាស្រ័យរវាងប្រជាជននៃវៀតណាម និងប្រទេសផ្សេងៗតាមរយៈវប្បធម៌ ការស្រាវជ្រាវ ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរទេសចរណ៍ជាដើម ដើម្បីពង្រឹងមូលដ្ឋានគ្រឹះមនុស្សធម៌ដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងដៃគូ។ បក្ស រដ្ឋ នឹងបន្តយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់សហគមន៍ជនវៀតណាមនៅបណ្តាប្រទេសនានា ហើយផ្ទុយទៅវិញ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនមកពីប្រទេសផ្សេងៗមកសិក្សា ធ្វើការ និងធ្វើដំណើរកំសាន្តនៅវៀតណាម ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងបន្តដើរតួនាទីជាស្ពានថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងវៀតណាម និងប្រទេសនានា។
ទីបួន រក្សាការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជឿជាក់ខ្ពស់ វៀតណាមនឹងពិភាក្សាយ៉ាងសកម្មជាមួយបណ្តាប្រទេសនានាលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក តាមរយៈការរួមដៃគ្នាដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់ប្រទេសនានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ហើយសង្ឃឹមថាដៃគូនានានឹងក្លាយជាស្ពានជួយវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាមួយតំបន់ផ្សេងទៀត។
លទ្ធផលដែលសម្រេចបានក្នុងដំណើរបំពេញការងាររបស់លោក To Lam អគ្គលេខាបក្សនឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជាកម្លាំងជំរុញសម្រាប់វៀតណាម និងប្រទេសនានាក្នុងការបន្តមរតក ផ្សព្វផ្សាយ និងលើកកំពស់ទំនាក់ទំនងមិត្តភាពប្រពៃណី រួមចំណែកអភិវឌ្ឍប្រទេសនីមួយៗដើម្បីផលប្រយោជន៍នៃប្រជាជន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណច្រើនលោក!
បកប្រែដោយ Minh Trung