វៀតណាមគាំទ្រសហគ្រាសចិនពង្រីកការវិនិយោគក្នុងគម្រោងថាមពលបៃតង
កប.អនឡាញ - នារសៀលថ្ងៃទី ១៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Peng Gangping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huadian នៃប្រទេសចិន (សម្ព័ន្ធក្រុមហ៊ុន Huadian )។
ដោយវាយតម្លៃថាសម្ព័ន្ធក្រុមហ៊ុន Huadian បានពង្រីកទំហំធ្វើអាជីវកម្មរបស់ខ្លួនកាន់តែខ្លាំងឡើង និងសម្រេចបានសមិទ្ធិផលជាច្រើននាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមកំពុងខិតខំសម្រេចបាននូវអត្រាកំណើន ៨% ក្នុងឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់ក្នុងឆ្នាំបន្តបន្ទាប់ទៀត ដូច្នេះតម្រូវការអគ្គិសនីក៏កើនឡើងផងដែរ ជាពិសេសតម្រូវការអគ្គិសនីស្អាត បម្រើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
រដ្ឋាភិបាលវៀតណាមស្វាគមន៍សហគ្រាសបរទេស និងចិនពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដែលសមស្របនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមឧត្តមភាពរបស់ចិន និងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ រួមទាំងវិស័យថាមពលផងដែរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Peng Gangping (រូបថត៖ vnanet.vn) |
ថ្លែងអំណរគុណលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ ក៏ដូចជាគាំទ្រកិច្ចសហប្រតិបត្តិការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Huadian នៅប្រទេសវៀតណាម លោក Peng Gangping បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Huadian បានវិនិយោគប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិកក្នុងគម្រោងថាមពលនៅវៀតណាម ដែលមានសមត្ថភាពដំឡើងសរុប 1.5GW រួមមាន រោងចក្រថាមពលកំដៅ Duyen Hai និងគម្រោងថាមពលខ្យល់ចំនួន ៤ នៅខេត្ត Dak Lak។ សម្ព័ន្ធក្រុមហ៊ុនមានបំណងចង់បន្តវិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញនៅវៀតណាម រួមទាំងការអនុវត្តថាមពលជីវម៉ាស ថាមពលខ្យល់ និងគម្រោងស្តុកថាមពលនៅ Dak Lak, Tra Vinh, Quang Tri, និង Lam Dong ក៏ដូចជាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ...
លោក Peng Gangping បានស្នើរដ្ឋាភិបាលវៀតណាមឆាប់បញ្ចប់គោលនយោបាយវិនិយោគសម្រាប់គម្រោងថាមពលបៃតង ដូចជាថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស អ៊ីដ្រូសែន ស្តុកទុកថាមពល និងថាមពលវារីអគ្គិសនីស្តុកទុក ជាពិសេសគោលនយោបាយអនុគ្រោះសម្រាប់បច្ចេកវិទ្យាកែលម្អថាមពលប្រពៃណី សន្សំសំចៃថាមពល ការបំភាយឧស្ម័នទាប និងកែលម្អរោងចក្រថាមពលកំដៅធ្យូងថ្ម។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Peng Gangping |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Huadian ពង្រីកឧត្តមភាព និងសមិទ្ធិផលរបស់ខ្លួន អនុវត្តប្រកបដោយភាពច្នៃប្រឌិត និងបត់បែនតាមលក្ខខណ្ឌរបស់វៀតណាម រួមចំណែកធានាសន្តិសុខថាមពលសម្រាប់វៀតណាម រួមទាំងជួយសម្ព័ន្ធក្រុមអគ្គិសនីវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃឧស្សាហកម្មអគ្គិសនី ធានាសន្តិសុខថាមពលស្អាត បំពេញតម្រូវការអភិវឌ្ឍរបស់ប្រទេស នាពេលខាងមុខ។
ដោយសង្សឹមថា សម្ព័ន្ធក្រុមហ៊ុន Huadian អនុវត្តប្រកបដោយជោគជ័យនូវគម្រោងដែលខ្លួនបានបណ្តាក់ទុននៅវៀតណាម លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនបន្តវិនិយោគលើគម្រោងថាមពលបៃតងបន្ថែមទៀត ដូចជាថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ជីវម៉ាស អ៊ីដ្រូសែន ស្តុកថាមពល និងថាមពលវារីអគ្គិសនីស្តុកទុកនៅវៀតណាម។
បកប្រែដោយ Duy Hoan