លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំវៀតណាម។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងជាមួយបារាំង ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងគេរបស់វៀតណាមនៅ EU ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំវៀតណាម |
លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឯកសារអន្តររដ្ឋាភិបាលស្តីពីសុខាភិបាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូត Olivier Brochet អះអាងថា វៀតណាមជាដៃគូអាទិភាពមួយដ៏សំខាន់របស់បារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងលោកឯកអគ្គរដ្ឋទូត Olivier Brochet ក៏សង្កត់ធ្ងន់លើគោលបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម និងអាស៊ានផងដែរ។
ដោយសម្តែងនូវការឯកភាពជាមួយមតិយោបល់របស់លោកនាយករដ្ឋមន្ត្រីវៀតណាម លោកឯកអគ្គរដ្ឋទូតបារាំង បានស្នើឲ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម និងបារាំង ព្រមទាំងលើកឡើងគម្រោងសហប្រតិបត្តិការជាក់លាក់មួយចំនួនលើវិស័យសន្តិសុខ - ការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនផ្លូវដែក រ៉ែ។ល។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា ជាមួយនឹងតួនាទីនិងឥទ្ធិពលរបស់បារាំងនៅក្នុងសហភាពអឺរ៉ុប បារាំងបន្តដើរតួនាទីជាស្ពានដើម្បីជំរុញទំនាក់ទំនងវៀតណាម - EU បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីវៀតណាមអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយបារាំង និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម គោរពច្បាប់អន្តរជាតិ និងគាំទ្រគំនិតផ្តួចផ្តើមរបស់បារាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាននិងការធានាសុវត្ថិភាពអាកាសចរណ៍ និងដែនសមុទ្រ៕
បកប្រែដោយ Pham Diep