នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយស៊ុយអែត។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាមរបស់លោក Benjamin Dousa នឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋ និងប្រជាជនវៀតណាមតែងតែចងចាំជានិច្ច និងដឹងគុណចំពោះការជួយគាំទ្រដ៏មានតម្លៃដែលស៊ុយអែតផ្ដល់ដល់វៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យ និងការបង្រួបបង្រួមប្រទេសជាតិនាអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងធ្វើសមាហរណកម្មអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Benjamin Dousa រដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ប្រទេសស៊ុយអែត គឺជាដៃគូដ៏សំខាន់ និងគួរឲ្យទុកចិត្តរបស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU)។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាវិជ្ជមាន ដោយសម្រេចបាន ១.៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០២៣។ លោកជឿជាក់ថា តួលេខនេះនៅតែមានកម្រិតតិចតួចបើប្រៀបធៀបទៅនឹងសក្តានុពល និងទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរ។

ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកំពុងជួបប្រទះនឹងការលំបាកជាច្រើន លោកនាយករដ្ឋមន្ត្រីស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួបជាន់ខ្ពស់ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសលើវិស័យពាណិជ្ជកម្ម - វិនិយោគ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជា ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ការការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា។ល។

លោកនាយករដ្ឋមន្ត្រីបានឯកភាពថា ភាគីទាំងពីរបន្តសហការ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការនាំចូលទំនិញរបស់គ្នាទៅវិញទៅមក ជាពិសេសផលិតផលកសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្លាយជាច្រកទ្វារសម្រាប់ទំនិញស៊ុយអែតចូលក្នុងទីផ្សារអាស៊ាន ហើយស្នើឲ្យស៊ុយអែតជាច្រកទ្វារសម្រាប់ទំនិញវៀតណាមចូលក្នុងទីផ្សារអឺរ៉ុបខាងជើង ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះធុរកិច្ចស៊ុយអែតបង្កើនការវិនិយោគនៅវៀតណាមលើវិស័យដែលស៊ុយអែតមានប្រៀបខ្លាំង និងសមស្របនឹងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ដូចជាសេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន។ល។

លោក Benjamin Dousa សម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងរឹងមាំរបស់វៀតណាម។ លោកបានអះអាងថា ស៊ុយអែតគឺជាដៃគូដ៏គួរឲ្យទុកចិត្ត និងជាក់ស្តែងរបស់វៀតណាម ហើយប្រជាជនស៊ុយអែតតែងតែស្រឡាញ់ប្រទេសវៀតណាម។ លោកសង្កត់ធ្ងន់ថា ស៊ុយអែតមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ ធុរកិច្ចស៊ុយអែតជាច្រើនយកចិត្តទុកដាក់ និងមានបំណងចង់សហការជាមួយវៀតណាម និងមានយុទ្ធសាស្ត្រវិនិយោគក្នុងរយៈពេលវែងនៅវៀតណាម៕

បកប្រែដោយ Thuy Anh