លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិបេឡារុស្ស
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្សរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្សវៀតណាម និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី១២ ខែឧសភា នៅរដ្ឋធានី Minsk លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Khrenin Viktor Gennadievich រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស្ស។
លោក Gennadievich រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បេឡារុស្សតែងតែចាត់ទុកវៀតណាម ជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយការបរទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹង ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត ក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។
    |
 |
លោក Phan Van Giang រដ្ឋមន្ត្រី និងលោក Khrenin Viktor Gennadievich រដ្ឋមន្ត្រី |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងបេឡារុស្សបានអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលជាងបីទសវត្សរ៍ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបេឡារុស្ស សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការពារជាតិ។
ភាគីទាំងពីរបានវាយតម្លៃថា ចាប់តាំងពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងហាណូយក្នុងខែធ្នូ ឆ្នាំ២០២៤ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ជាពិសេសក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្តុះបណ្តាល វិទ្យាសាស្ត្រយោធា នយោបាយយោធា។ ភាគីទាំងពីរបន្តគាំទ្រ និងចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងសកម្មភាពពហុភាគីអន្តរជាតិដែលរៀបចំដោយភាគីនិមួយៗ។ល។
រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវសេចក្តីរីករាយ និងចាត់ទុកថា ការតម្លើងទំនាក់ទំនងរវាងវៀតណាម និងបេឡារុស្ស ទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស គឺជាមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពដឹកនាំស្ថាប័ន និងអង្គភាពនានានៃក្រសួងការពារជាតិទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តផែនការសហប្រតិបត្តិការលើវិស័យការពារជាតិឆ្នាំ ២០២៥ ប្រកបដោយប្រសិទ្ធភាព ស្រាវជ្រាវ និងពិចារណាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលតាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ជំរុញការផ្លាស់ប្តូរ និងអនុវត្តកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រយោធា ព្រមទាំងជំរុញយ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការបន្ថែមទៀត ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ប្តូរនយោបាយ-យោធា។ល។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីសង្ឃឹមថា ក្រសួងការពារជាតិបេឡារុស្សនឹងបន្តជួយគាំទ្រ និងចាត់បញ្ជូនគណៈប្រតិភូទៅចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមនាពេលខាងមុខ។ ដោយឯកភាពជាមួយសំណើរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang និងបញ្ហាដែលបានពិភាក្សាដោយភាគីទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លោក Gennadievich រដ្ឋមន្ត្រីជឿជាក់ថា កិច្ចពិភាក្សានេះនឹងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងការពារជាតិទ្វេភាគីប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្ស ឲ្យកាន់តែអភិវឌ្ឍថែមទៀត ស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសនីមួយៗ និងតំបន់។
បន្ទាប់ពីកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Gennadievich រដ្ឋមន្ត្រីបានធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិប្រតិបត្តិការរបស់ក្រុមការងារទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-បេឡារុស្ស។ គួរបញ្ជាក់ថា ក្រោមសាក្ខីភាពរបស់លោក To Lam អគ្គលេខាបក្ស និងលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរលិខិតសម្តែងបំណងមួយស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលយោធិន និងអ្នកជំនាញរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិបេឡារុស្ស។
* នារសៀលថ្ងៃទី ១១ ខែឧសភា នៅរដ្ឋធានី Minsk ក្នុងក្របខ័ណ្ឌនៃជំនួបរវាងលោក To Lam អគ្គលេខាបក្ស និងសមាគមមិត្តភាព និងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសរបស់បេឡារុស្ស សមាគមមិត្តភាពបេឡារុស្ស-វៀតណាម និងអតីតអ្នកជំនាញបេឡារុស្សដែលបានជួយវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលជួបលោក Braga Vasili Ivanovich ប្រធានសមាគមអតីតយុទ្ធជនបេឡារុស្សដែលធ្លាប់ជួយវៀតណាម។
នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា ព្រមទាំងជូនដំណឹងថា នាពេលថ្មីៗនេះ វៀតណាមបានរៀបចំដោយជោគជ័យនូវពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ហើយនឹងរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ទី ២ ខែកញ្ញា។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះការរួមវិភាគទាន និងជំនួយរបស់អតីតអ្នកជំនាញបេឡារុស្សចំពោះវៀតណាមក្នុងការតស៊ូរំដោះជាតិ និងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា អតីតអ្នកជំនាញបេឡារុស្សបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បេឡារុស្ស និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ក៏បានអញ្ជើញលោក Braga Vasili Ivanovich និងអតីតអ្នកជំនាញការបេឡារុស្ស មកបំពេញទស្សនកិច្ចនៅវៀតណាមតាមពេលវេលាសមស្រប។
លោក Ivanovich បានអបអរសាទរចំពោះវៀតណាម ដែលបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិប្រកបដោយជោគជ័យ។ លោក Ivanovich បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដែលក្រសួងការពារប្រទេសវៀតណាមផ្តល់ជូនចំពោះអតីតអ្នកជំនាញបេឡារុស្ស។ លោកក៏បានអះអាងដែរថានឹងបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបតែត្រូវបានតម្លើងឡើងកម្រិតថ្មីមួយរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang