នាវាកងឆ្មាំសមុទ្រលេខ៨០០១ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី
កប.អនឡាញ - នាថ្ងៃទី ២ ខែកញ្ញា នាវាកងឆ្មាំសមុទ្រលេខ៨០០១ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម បានមកដល់កំពង់ផែយោធានៃកងឆ្មាំសមុទ្រតំបន់លេខ៣ បញ្ចប់ដំណើរទស្សនកិច្ច ផ្លាស់ប្តូរ និងរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការអន្តរជាតិរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។
យោងតាមលោកវរនាវីឯក Nguyen Tran Dong មេបញ្ជាការរងកងឆ្មាំសមុទ្រតំបន់៣ ប្រធានគណៈប្រតិភូ ដំណើរទស្សនកិច្ចជាសកម្មភាពកិច្ចការបរទេសសំខាន់ក្នុងវិស័យការពារជាតិ ក្នុងបំណងរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា រួមចំណែកអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងវៀតណាម និងឥណ្ឌូនេស៊ីស្ដីពីការឆ្លើយតបនឹងឧប្បត្តិហេតុនៅលើសមុទ្រ ការអនុវត្តច្បាប់នៅសមុទ្រ រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រឥណ្ឌូនេស៊ីឡើងកម្រិតកំពស់ថ្មី។
    |
 |
កម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រលេខ៨០០១ ធ្វើពិធីលាមុនពេលត្រឡប់មកប្រទេសវៀតណាមវិញ |
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមបានទៅជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហ្សាកាតា និងកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ជួបប្រជុំជាមួយកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ទៅទស្សនានិងចូលរួមការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡាជាមួយមន្ត្រី និងនាវិកនៃកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី ទៅទស្សនាកេរិ៍្តដំណែលវប្បធម៌នៃទីក្រុងហ្សាកាតា និងរៀបចំសមយុទ្ធរួមគ្នានៅលើសមុទ្រជាមួយកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី។
បន្ទាប់ពីចាកចេញពីកំពង់ផែ Jakarta នាវាកងឆ្មាំសមុទ្រលេខ៨០០១ បានសហការជាមួយនាវាកងឆ្មាំឆ្នេរសមុទ្រឥណ្ឌូនេស៊ី ដើម្បីរៀបចំសមយុទ្ធ នៅសមុទ្រឥណ្ឌូនេស៊ី មុនពេលដែលគណៈប្រតិភូវៀតណាមធ្វើដំណើរត្រឡប់មកប្រទេសវៀតណាមវិញ៕
បកប្រែដោយ Thanh Cong