អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងអំពីគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ?

លោកវរនាវីឯក Nguyen Vinh Nam៖ ជាដំបូង ការចាត់បញ្ជូននាវា និងគណៈប្រតិភូទៅចូលរួមក្នុង AMNEX 3 គឺសំដៅអនុវត្តការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងប្រមុខក្រសួងការពារប្រទេសវៀតណាមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្នុងក្របខ័ណ្ឌនៃ AMNEX 3 យើងក៏បង្ហាញពីការទទួលខុសត្រូវរបស់យើងក្នុងនាមជាសមាជិកនៃកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន តបតាមការអញ្ជើញរបស់កងទ័ពជើងទឹកម៉ាឡេស៊ី និងបង្ហាញពីការគាំទ្ររបស់យើងចំពោះសកម្មភាពពហុភាគីអន្តរជាតិដែលរៀបចំដោយម៉ាឡេស៊ី។

លើសពីនេះ លំហាត់សមយុទ្ធនេះជួយលើកកម្ពស់សមត្ថភាពសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមស្តីពីសន្តិសុខនាវាចរណ៍ ក៏ដូចជាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសដែលចូលរួម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកវរនាវីឯក Nguyen Vinh Nam (ខាងស្តាំដៃ) ក្នុងពិធីត្រួតពលកងនាវាចរអាស៊ាន នាថ្ងៃទី២១ ខែសីហា នៅរដ្ឋ Penang ប្រទេសម៉ាឡេស៊ី

អ្នកយកព័ត៌មាន៖ តើសកម្មភាពជាក់ស្តែងអ្វីខ្លះ ដែលកម្មាភិបាល និងនាវិកនៃនាវាលេខ ០១៦- Quang Trung និងគណៈប្រតិភូបានចូលរួមនៅក្នុងក្របខ័ណ្ឌ AMNEX 3?

លោកវរនាវីឯក Nguyen Vinh Nam៖ នាវាលេខ ០១៦- Quang Trung បានចាកចេញពីកំពង់ផែយោធា Cam Ranh កាលពីថ្ងៃទី ១០ ខែសីហា ហើយបានចូលចតនៅកំពង់ផែ Swettenham ក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ១៥ ខែសីហា។ ការធ្វើដំណើរចម្ងាយជាង ២,៥០០ ម៉ាយល៍ទៅកាន់ប្រទេសម៉ាឡេស៊ី និងត្រលប់មកប្រទេសវិញគឺជាឱកាសដ៏ល្អសម្រាប់នាវិកនៃនាវា លើកកម្ពស់សមត្ថភាពក្នុងការរៀបចំកលយុទ្ធ  មានសមត្ថភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធ ជំនាញក្នុងប្រតិបត្តិការអាវុធ និងឧបករណ៍ក្នុងលក្ខខណ្ឌនៃប្រតិបត្តិការរយៈពេលវែងនៅសមុទ្រ រៀបចំការឈ្លបយកការណ៍ និងចាប់យកស្ថានភាពនៅតំបន់សមុទ្រ។

បន្ទាប់ពីចូលចតនៅកំពង់ផែ គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើនដូចជា ពិធីស្វាគមន៍នាវា ពិធីបើក AMNEX 3 ការហាត់សមរួមគ្នា និងដង្ហែក្បួនព្យុះហយាត្រាតាមដងផ្លូវ ពិធីបើកកិច្ចប្រជុំរៀបចំផែនការមុនពេលទៅសមុទ្រ កិច្ចប្រជុំបច្ចេកទេសកងទ័ពជើងទឹក និងការទស្សនា។ ជាពិសេស ពិធីលៀងសាយភោជន៍នៅលើនាវាលេខ ០១៦-Quang Trung ដែលមានការចូលរួមពីតំណាងស្ថានទូត អនុព័ន្ធយោធា អាណិកជនវៀតណាមដែលកំពុងរស់នៅ និងសិក្សានៅប្រទេសម៉ាឡេស៊ី និងតំណាងកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន បានរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី កងទ័ព និងមនុស្សវៀតណាមទៅកាន់មិត្តអន្តរជាតិ។

បន្ទាប់មក នាថ្ងៃទី ២០ និងទី ២១ ខែសីហា យើងបានចូលរួមហាត់សមរួមគ្នា និងពិធីត្រួតពលកងនាវាចរអាស៊ាន (AFR) ដោយមានការចូលរួមពីលោកឧត្តមនាវីទោ Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពជើងទឹកប្រជាជនវៀតណាម។ នាថ្ងៃត្រង់ថ្ងៃទី ២១ ខែសីហា បន្ទាប់ពីបញ្ចប់ AFR នាវាលេខ ០១៦-Quang Trung និងនាវាចំនួន ៩ នៃកងទ័ពជើងទឹករបស់បណ្តាប្រទេសអាស៊ានបានរៀបចំលំហាត់សមយុទ្ធលើសមុទ្រ។ នេះគឺជាដំណាក់កាលដ៏សំខាន់នៃ AMNEX 3 ដែលមានខ្លឹមសារជាច្រើន។

ខ្ញុំសប្បាយរីករាយណាស់ពីព្រោះក្នុងដំណាក់កាលនេះ នាវាលេខ ០១៦-Quang Trung បានអនុវត្តខ្លឹមសារយ៉ាងពេញលេញ ត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពជាដាច់ខាត លើកកម្ពស់ជំនាញ សមត្ថភាពសម្របសម្រួល សហប្រតិបត្តិការជាមួយកងទ័ពជើងទឹកនៃបណ្តាប្រទេស ដែលរួមចំណែកដល់ជោគជ័យរួមរបស់ AMNEX 3។

អ្នកយកព័ត៌មាន៖ ដូច្នេះ អង្គភាពបានត្រៀមខ្លួនយ៉ាងណាដើម្បីសម្រេចបានលទ្ធផលដូចពោលខាងលើ?

លោកវរនាវីឯក Nguyen Vinh Nam៖ បន្ទាប់ពីទទួលបានភារកិច្ចចូលរួម AMNEX 3 គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានតំបន់លេខ៤ កងទ័ពជើងទឹក បានផ្តោតលើការយកចិត្តទុកដាក់ចំពោះការដឹកនាំរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសកងពលតូចលេខ១៦២ រៀបចំយ៉ាងម៉តចត់លើគ្រប់វិស័យ។

យើងបានកំណត់ថា ការចូលរួមក្នុងខ្លឹមសារនៃ AMNEX 3 គឺជាឱកាសដ៏ល្អសម្រាប់កងទ័ពជើងទឹកប្រជាជនវៀតណាម បង្ហាញយ៉ាងច្បាស់ពីរូបភាពនៃកងកម្លាំងមានរបៀបរៀបរយ ចំណាន និងក្លាហាន។ នេះក៏ជាឱកាសសម្រាប់កម្មាភិបាល និងយុទ្ធជនក្នុងការផ្លាស់ប្តូរ រៀនសូត្រ និងចែករំលែកបទពិសោធន៍ជាមួយកងទ័ពជើងទឹកនៃប្រទេសអាស៊ាន។ សំខាន់ជាងនេះទៅទៀត សកម្មភាពជាក់ស្តែងក្នុងលំហាត់សមយុទ្ធបានរួមចំណែកបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសក្នុងតំបន់ ដូចប្រធានបទនៃ AMNEX 3 គឺ “មិត្តភាព និងសម្របសម្រួលធ្វើសកម្មភាព”។

រូបខ្ញុំ និងកម្មាភិបាល យុទ្ធជនទាំងអស់នៅលើនាវាលេខ ០១៦-Quang Trung មានកិត្តិយស និងមោទនភាពជាខ្លាំងដែលតំណាងឱ្យប្រភេទទ័ពជើងទឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ យើងខ្ញុំជឿជាក់ថា បទពិសោធន៍ដ៏មានតម្លៃ ការរួមចំណែក និងលទ្ធផលជាក់ស្តែងពីលំហាត់សមយុទ្ធនេះនឹងបន្តរួមចំណែកអះអាងនូវកិត្យានុភាព និងឋានៈរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ ហើយទន្ទឹមនឹងនោះក៏ជាការលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនហ្វឹកហាត់ ត្រៀមខ្លួនជាស្រេចទទួល និងបំពេញរាល់ភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Huyen Trang