លោក Koizumi Shinjiro បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។ លោកសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ 

leftcenterrightdel
លោក Koizumi Shinjiro និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ហើយឲ្យដឹងថា កិច្ចសន្ទនាការទូត-ការពារជាតិ ២ បូក ២ លើកដំបូង បានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែស៊ីជម្រៅ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន។ ភាគីទាំងពីរនឹងរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការជំនះផលវិបាកនៃសង្គ្រាម សន្តិសុខដែនសមុទ្រ... ដោយវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុនក្នុងការបង្កើនសមត្ថភាពបោសសម្អាតមីនក្រោមទឹក វេជ្ជសាស្ត្រក្រោមទឹក និងការជួយសង្គ្រោះតាមផ្លូវអាកាស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យបន្តសហការជាមួយស្ថាប័នជប៉ុន ដើម្បីអនុវត្តគម្រោងមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព រួមទាំងការបោសសម្អាតមីន និងការសម្អាតសារធាតុគីមីពុល dioxin។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនថា នៅឆ្នាំ២០២៦ ក្រសួងការពារប្រទេសវៀតណាមនឹងរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិលើកទីបី ដោយសង្ឃឹមថាប្រទេសជប៉ុននឹងបន្តចូលរួម ព្រមទាំង លោកបានពាំនាំនូវការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដល់លោក Koizumi Shinjiro រដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅវៀតណាម។

លោក Koizumi Shinjiro បានបញ្ជាក់ពីការគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានប្រៀបខ្លាំង រួមទាំងឧស្សាហកម្មការពារជាតិ ព្រមទាំង សម្តែងនូវបំណងប្រាថ្នាចង់បំពេញទស្សនកិច្ចនៅវៀតណាមនៅពេលវេលាសមស្របមួយ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការស្វែងរក និងជួយសង្គ្រោះ ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh