វៀតណាម - ជប៉ុន រៀបចំកិច្ចសន្ទនាការទូត-ការពារជាតិ ២ បូក ២ លើកដំបូងថ្នាក់អនុរដ្ឋមន្ត្រី
កប.អនឡាញ - នៅថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ជប៉ុនបានរៀបចំកិច្ចសន្ទនាការទូត-ការពារជាតិ ២ បូក ២ លើកដំបូងថ្នាក់អនុរដ្ឋមន្ត្រីរវាងវៀតណាមនិងជប៉ុន។
គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងលោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសបានអញ្ជើញជាសហអធិបតីនៃកិច្ចសន្ទនា។ គណៈប្រតិភូជប៉ុនដឹកនាំដោយលោក Namazu Hiroyuki អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការរៀបចំកិច្ចសន្ទនាការទូត-ការពារជាតិ ២ បូក ២ លើកដំបូងថ្នាក់អនុរដ្ឋមន្ត្រីគឺមានអត្ថន័យយ៉ាងខ្លាំង ដោយបង្ហាញពីទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ រួមចំណែកដល់ការធានាសន្តិសុខ ការកសាងទំនុកចិត្ត ការកសាងបរិយាកាសសន្តិភាព និងស្ថិរភាព រួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរក្នុងស្មារតីស្មោះត្រង់ បើកទូលាយលើកិច្ចសហប្រតិបត្តិការទ្វេភាគី គោលនយោបាយការទូត និងការពារជាតិរបស់ភាគីទាំងពីរ រួមទាំងស្ថានភាពតំបន់និងពិភពលោក។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និង Nguyen Minh Vu ព្រមទាំងគណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពគ្នាបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនបានមានការរីកចម្រើនយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច នយោបាយ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា... បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការលើកតម្កើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ឈានមុខគេនិងយូរអង្វែង ហើយនិងរួមដំណើរជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ គាំទ្រជប៉ុនលើកកម្ពស់តួនាទីសកម្មនិងកសាងក្នុងបញ្ហាតំបន់និងអន្តរជាតិ...។ ជប៉ុនបានបញ្ជាក់ថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយសម្រាប់តំបន់។ ភាគីទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនលើគ្រប់វិស័យ ស្របតាមសក្តានុពល និងផលប្រយោជន៍របស់ភាគីទាំងពីរ។
នៅក្នុងកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់លើកិច្ចការសំខាន់ៗចំនួនបីស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីវៀតណាម-ជប៉ុន។ ទីមួយ គឺភាគីទាំងពីរបានបង្កើតនិងរក្សាយន្តការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនានិងពិគ្រោះយោបល់ជាប្រចាំ។ យន្តការទាំងនេះរួមចំណែកដល់ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងអនុវត្ដខ្លឹមសារនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព ដែលសមស្របទៅនឹងតម្រូវការ សេចក្តីប្រាថ្នានិងសមត្ថភាពឆ្លើយតបរបស់ភាគីនីមួយៗ។
ទីពីរ គឺវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់រដ្ឋាភិបាល និងក្រសួងការពារជាតិជប៉ុនដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាម ដែលក្នុងនោះការអប់រំនិងបណ្តុះបណ្តាលគឺជាចំណុចភ្លឺស្វាង។ ទីបីគឺលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ក្រសួងការបរទេសជប៉ុននឹងបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាមតាមរយៈកញ្ចប់ជំនួយឥតសំណង និងប្រាក់កម្ចីអនុគ្រោះពីរដ្ឋាភិបាលជប៉ុន។
ទាក់ទងនឹងឧស្សាហកម្មការពារជាតិ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើភាគីទាំងពីរបន្តមានគម្រោងជាក់លាក់និងមានប្រសិទ្ធភាព។ សម្រាប់ស្ថានភាពពិភពលោកនិងតំបន់កំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងឱកាសនិងបញ្ហាប្រឈមជាច្រើន ភាគីទាំងពីរបានឯកភាពគ្នាថា វៀតណាមនិងជប៉ុនគួរតែបន្តបង្កើនការផ្លាស់ប្តូរ និងចែករំលែកទស្សនៈនិងគោលជំហរលើបញ្ហាតំបន់និងអន្តរជាតិ សហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ។ ព្រមទាំងឯកភាពគ្នាលើការបន្តលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកអនុរដ្ឋមន្ត្រី Nguyen Minh Vu រួមទាំងលោកអនុរដ្ឋមន្ត្រី Namazu Hiroyuki និងលោកអនុរដ្ឋមន្ត្រី Kano Koji |
* ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាការទូត-ការពារជាតិ ២ បូក២ លើកដំបូងថ្នាក់អនុរដ្ឋមន្ត្រីរវាងវៀតណាមនិងជប៉ុន នារសៀលថ្ងៃដដែល លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានទទួលជួបលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកអនុរដ្ឋមន្ត្រី Nguyen Minh Vu។
ក្នុងឱកាសនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យស្វែងរក និងជួយសង្គ្រោះគ្រោះមហន្ដរាយ និងលិខិតសំដែងបំណងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល៕
បកប្រែដោយ Pham Diep