គណៈប្រតិភូនាយទាហានវ័យក្មេងគុយបាបំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី៤
កប.អនឡាញ - នៅថ្ងៃទី៥ ខែធ្នូ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានរៀបចំពិធីទទួលជួបគណៈប្រតិភូនាយទាហានវ័យក្មេងមកពីក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដែលបំពេញទស្សនកិច្ចការងារនៅយោធភូមិភាគទី៤។ លោកវរសេនីយ៍ឯក Fernando Quivillet Loyola ប្រធានគណៈនយោបាយនៃអង្គទ័ពភាគខាងកើត និងជាប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។
ក្នុងជំនួប លោកវរសេនីយ៍ឯក Fernando Quivillet Loyola បានឲ្យដឹងថា "យើងមានមោទនភាពក្នុងការអបអរសាទរខួបលើកទី៦៥ នៃចំណងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។ លោកបានថ្លែងដឹងគុណចំពោះគំរូចំពោះភាពក្លាហាន ការលះបង់ និងភាពវៃឆ្លាត របស់ប្រទេសវៀតណាមក្នុងការតស៊ូ ហើយថ្លែងអំណរគុណចំពោះការគាំទ្រដែលវៀតណាមបានផ្តល់ឱ្យគុយបាក្នុងអំឡុងពេលដ៏លំបាករបស់ប្រទេស។ យើងនឹងមិនភ្លេចជំនួយនោះទេ"។
    |
 |
|
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រគល់អំណោយដល់គណៈប្រតិភូនាយទាហានវ័យក្មេងនៃប្រទេសគុយបា |
លោកឧត្តមសេនីយ៍ត្រី Le Van Trung អនុប្រធាននយោបាយនៃយោធភូមិភាគទី៤ បានអះអាងថា គុយបាបានផ្ដល់ជំនួយគាំទ្រដ៏មានអត្ថន័យជាច្រើនដល់យោធភូមិភាគទី៤។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យោធភូមិភាគទី៤ គឺជាអង្គភាពមួយដែលមានការផ្លាស់ប្តូរ និងសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយគុយបា តាមរយៈកម្មវិធីផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ និងដំណើរទស្សនកិច្ចរបស់នាយទាហានវ័យក្មេង។
នៅក្នុងជំនួបនេះ គណៈប្រតិភូនាយទាហានវ័យក្មេងមកពីក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ដែលបង្ហាញពីចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនាយទាហានវ័យក្មេងមកពីក្រសួងបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានៅយោធភូមិភាគទី៤ បន្តបញ្ជាក់ពីចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពទាំងពីរ។
សកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់នាយទាហានជំនាន់ក្រោយ បន្ត និងពង្រីកន្ថែមទៀតនូវសាមគ្គីភាពស្មោះត្រង់រវាងវៀតណាម និងគុយបា៕
បកប្រែដោយ Thuy Anh