ក្រុមហ៊ុន Viettel Peru (Bitel) ទទួលបានគ្រឿងឥស្សរិយយសការងារថ្នាក់ទី៣
កប.អនឡាញ - នៅរសៀលថ្ងៃទី ៥ ខែធ្នូ (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការរបស់ក្រុមហ៊ុន Viettel Peru (Bitel) រដ្ឋធានីលីម៉ា (សាធារណរដ្ឋប៉េរូ) បានប្រព្រឹត្តទៅពិធីទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី ៣ ដែលផ្តល់ដោយរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
រង្វាន់ដ៏ថ្លៃថ្នូនេះទទួលស្គាល់សមិទ្ធផលលេចធ្លោរបស់ Bitel ក្នុងការរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនប៉េរូក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ រួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប៉េរូ។
ដោយមានការអនុញ្ញាតពីប្រធានរដ្ឋ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី ៣ ដល់ក្រុមហ៊ុន Viettel Peru ដោយទទួលស្គាល់ការចូលរួមចំណែកដ៏លេចធ្លោរបស់សហគ្រាសក្នុងរយៈពេលជាងមួយទសវត្សរ៍នៃប្រតិបត្តិការនៅក្នុងប្រទេសប៉េរូ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Phung Si Tan មានប្រសាសន៍នៅក្នុងពិធី |
មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាក់ថា ក្រុមហ៊ុន Viettel Peru គឺជាចំណុចភ្លឺមួយ របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា-ទូរគមនាគមន៍ (Viettel) ក្នុងយុទ្ធសាស្ត្រវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន។
ជាមួយនឹងម៉ាកយីហោ Bitel ក្រុមហ៊ុន Viettel Peru បច្ចុប្បន្នគឺជាប្រតិបត្តិករបណ្តាញដែលមានការរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសប៉េរូ ដោយបម្រើអតិថិជនជាង ១០ លាននាក់ ជាមួយនឹងចំណែកទីផ្សារធំជាងគេទីពីរទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសង្កត់ធ្ងន់ថា សមិទ្ធផលរបស់ក្រុមហ៊ុន Viettel Peru គឺជាភស្តុតាងដ៏ច្បាស់លាស់នៃនិន្នាការនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅរបស់វៀតណាម ដែលសហគ្រាសយោធាដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកវិទ្យា ដោយហេតុនេះបញ្ជាក់ពីសមត្ថភាព កិត្យានុភាព និងការប្រកួតប្រជែងរបស់វៀតណាមនៅក្នុងទីផ្សារពិភពលោក។
    |
 |
|
ដោយមានការអនុញាតពីប្រធានរដ្ឋ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី ៣ ដល់ក្រុមហ៊ុន Viettel Peru (Bitel) |
បន្ទាប់ពីប្រតិបត្តិការជាង ១១ ឆ្នាំ ក្រុមហ៊ុន Viettel Peru បានគ្របដណ្តប់លើវិស័យទូរគមនាគមន៍នៅតំបន់ដាច់ស្រយាលភាគច្រើននៃប្រទេសប៉េរូ។ ហើយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលយ៉ាងទូលំទូលាយ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថលជាតិ និងបានដាក់ពង្រាយសេវាកម្មហិរញ្ញវត្ថុឌីជីថល ការអប់រំឌីជីថល ការថែទាំសុខភាពឌីជីថលដើម្បីបម្រើសហគមន៍ ចូលរួមជាមួយរដ្ឋាភិបាលប៉េរូក្នុងកម្មវិធីសន្តិសុខសង្គមទ្រង់ទ្រាយធំជាច្រើន។
កិច្ចខិតខំប្រឹងប្រែងទាំងនោះបានជួយ Bitel ធ្វើឱ្យមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ប្រជាជនប៉េរូ ដោយរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពវិជ្ជមាននៃប្រទេស និងសហគ្រាសវៀតណាមនៅក្នុងតំបន់អាមេរិកឡាទីន៕
បកប្រែដោយ Duy Hoan