នៅចុងខែតុលា កន្លងមក គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានធ្វើផែនការដើម្បីរៀបចំសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនលើកទី២០ ក្រោមប្រធានបទ "អបអរសាទរបក្សរុងរឿង អបអរសាទរនិទាឃរដូវ ២០២៦; សគុណបក្ស និងទឹកចិត្ដរបស់ប្រជាជនឈានចូលយុគសម័យថ្មី"។ យោងតាមលោកវរសេនីយ៍ឯក  Pham Ngoc Quang ប្រធាននយោបាយនៃបញ្ជាការយោធាទីក្រុង Can Tho ឲ្យដឹងថា កម្មវិធីនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីតាំងចំនួន៣ ដោយមានសកម្មភាពជាច្រើនក្នុងគោលបំណងរៀបចំបុណ្យតេតសម្រាប់ប្រជាជន។

ជាពិសេសគឺការសាងសង់ និងជួសជុលផ្ទះមហាសាមគ្គីភាព ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានជីវភាពរស់នៅជួបការលំបាក ពិនិត្យសុខភាព ផ្ដល់ថ្នាំពេទ្យឥតគិតថ្លៃ សម្អាតបរិស្ថាន ដាំដើមឈើ និងផ្កានៅតាមដងផ្លូវ... គណៈកម្មការរៀបចំបានប្រគល់ឲ្យបញ្ជាការដ្ឋានយោធាទីក្រុង សហការជាមួយស្ថាប័ន មន្ទីរ អង្គការ និងមូលដ្ឋាននានាដើម្បីអនុវត្តផែនការ កៀរគរធនធានសង្គមដើម្បីធានាឲ្យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ចំណុចលេចធ្លោនៃបុណ្យតេតកងទ័ព-ប្រជាជន គឺបង្កើនសុខុមាលភាពសង្គម គោលនយោបាយផ្នែកខាងក្រោយក្នុងកងទ័ព បង្កើតបរិយាកាសរីករាយ និងកក់ក្តៅ ដើម្បីអំណរបក្ស និងឆ្នាំថ្មី។

leftcenterrightdel
កងទ័ព និងប្រជាជនទទួលអំណរបុណ្​យតេតនៅទីក្រុង Can Tho

ពីគំរូនៃបញ្ជាការដ្ឋានយោធាទីក្រុង Can Tho សកម្មភាពតេតកងទ័ព-ប្រជាជន បានរីករាលដាលនិងត្រូវបានរៀបចំជាប្រចាំនៅអង្គភាព និងមូលដ្ឋានជាច្រើននៃយោធភូមិភាគទី ៩។ ទន្ទឹមននឹងសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ការប្រកួតវេចនំអន្សម ការតុបតែងផ្កា ការតុបតែងថាសផ្លែឈើ... អង្គភាពនានាផ្តោតលើការផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ជាពិសេសគឺសកម្មភាពតបស្នងសងគុណ និងយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោ ដែលរួមចំណែកដល់មូលដ្ឋាននានាក្នុងកសាងជនបទថ្មី។

យោងតាមលោកវរសេនីយ៍ឯក Nguyen Truong Giang ប្រធានការិយាល័យចលនាមហាជននៃនាយកដ្ឋាននយោបាយយោធភូមិភាគទី៩ បានឲ្យដឹងថា៖ ជោគជ័យនៃពិធីបុណ្យតេតកងទ័ព-ប្រជាជន គឺអាស្រ័យលើការដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការមហាជននិងប្រជាជន រួមទាំងការចូលរួមចំណែកពីអង្គភាពអាជីវកម្មនិងសប្បុរសជន។ ចាប់តាំងពីឆ្នាំ ២០១៥ មក មូលដ្ឋាននានាស្ថិតនៅក្នុងយោធភូមិភាគបានកៀរគរថវិកាជាង ៣,២០០ ពាន់លានដុង សម្រាប់សកម្មភាពនេះ ដែលក្នុងនោះ ការកៀរគរថវិកាពីសង្គមបានជាង ២,៣០០ ពាន់លានដុង។

មិនត្រឹមតែធ្វើឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន យោធភូមិភាគទី ៩ ក៏បានសម្របសម្រួលរៀបចំពិធីបុណ្យតេតកងទ័ព-ប្រជាជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យសែនដូនតាជាមួយជនរួមជាតិខ្មែរផងដែរ។ លោកវរសេនីយ៍ឯក  Cao Minh Tam អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang ឲ្យដឹងថា មូលដ្ឋាននានាដែលមានជនរួមជាតិខ្មែររស់នៅច្រើន និងមានប្រពៃណីបដិវត្តន៍ត្រូវបានអាទិភាពរៀបចំ។ សកម្មភាពទាំងនេះក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ស្របទៅនឹងតម្រូវការបស់ជនរួមជាតិខ្មែរ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត An Giang ជួយគ្រួសារក្រីក្រសាងសង់ផ្ទះក្នុងឱកាសបុណ្យតេតកងទ័ព-ប្រជាជន

ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្ត មូលដ្ឋាននានាបានកៀរគរថវិកាជាង ៩៩ ពាន់លានដុង សម្រាប់រៀបចំសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន និងអំណរបុណ្យចូលឆ្នាំថ្មី  ជួសជុលផ្លូវជនបទ  ដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមដងផ្លូវ ពិនិត្យសុខភាពនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជួយគាំទ្រនិងសាងសង់ផ្ទះសម្រាប់គ្រួសារទទួលរបប ឧបត្ថម្ភគោលនយោបាយ និងគ្រួសារដែលមានជីវភាពរស់នៅជួបការលំបាក។  ជាមួយគ្នានោះ ការផ្លាស់ប្តូរវប្បធម៌ និងប្រកួតកីឡា ការប្រកួតវេចនំអន្សម និងការដាក់តាំងបង្ហាញផលិតផលប្រចាំតំបន់... សកម្មភាពដ៏មានអត្ថន័យទាំងនេះបានរួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងកងទ័ព។

លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon អនុប្រធាននយោបាយនៃយោធភូមិភាគទី ៩ បានអះអាងថា៖ ក្នុងស្មារតី "គ្មាននរណាម្នាក់គ្មានបុណ្យតេត" និង "មិនទុកនរណាម្នាក់ចោល" បុណ្យតេតកងទ័ព-ប្រជាជនបានក្លាយជាអត្ថសញ្ញាណវប្បធម៌ ដោយបង្ហាញពីមនោសញ្ចេតនាជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន ហើយជាទីពឹងបង្អែកសម្រាប់ការកសាង ស្មារតីស្នេហាជាតិ សាមគ្គីភាព ការជឿទុកចិត្ដលើបក្ស រដ្ឋ និងការប្តេជ្ញាចិត្តរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមឲ្យកាន់តែរឹង​មាំ៕

បកប្រែដោយ Pham Diep