វៀតណាមបន្តជាចំណុចភ្លឺស្វាងសម្រាប់ការទាក់ទាញ FDI
កប.អនឡាញ - Sputnik (រុស្ស៊ី) វាយតម្លៃថា វៀតណាមនៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ FDI ជាមួយនឹងចំនួនដើមទុនខ្ពស់បំផុតដែលត្រូវបានទាក់ទាញក្នុងរយៈពេល ៥ ឆ្នាំកន្លងមក និងអាចបន្តរក្សាកំណើននេះនៅឆ្នាំ ២០២៦។
នៅថ្ងៃទី ២៥ ខែកុម្ភៈ Sputnik (រុស្ស៊ី) បានចេញផ្សាយអត្ថបទមួយស្តីពីភាពទាក់ទាញរបស់វៀតណាមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាមបានទាក់ទាញចំនួនដើមទុន FDI ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយត្រូវបានគេរំពឹងថានឹងបន្តរក្សាភាពទាក់ទាញនេះនៅឆ្នាំ២០២៦។
យោងតាមអត្ថបទ D’Andrea Partners (DP Group) ដែលជាក្រុមហ៊ុនច្បាប់អន្តរជាតិមួយដែលបានបង្កើតឡើងនៅប្រទេសអ៊ីតាលី ដែលមានជំនាញខាងសេវាកម្មប្រឹក្សាយោបល់ផ្នែកច្បាប់ និងពន្ធដារឆ្លងកាត់ព្រំដែន បានចាត់ទុកវៀតណាមថាជាទីផ្សារដ៏ជោគជ័យបំផុតទាំង ៧ នៅអាស៊ី។ ដោយដកស្រង់ទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុវៀតណាម) DP Group បានបញ្ជាក់ថា ក្នុងខែមករាតែមួយ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងប្រទេសវៀតណាមបានឈានដល់ប្រមាណ ១,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាតួលេខខ្ពស់បំផុតក្នុងខែមករាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម។
DP Group ក៏បានកត់សម្គាល់ផងដែរថា គោលនយោបាយថ្មីរបស់វៀតណាមកំពុងផ្តោតកាន់តែខ្លាំងឡើងលើបច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរចំណេះដឹង ដែលបង្កើតជាមូលដ្ឋានសម្រាប់កំណើនរយៈពេលវែង។ លើសពីនេះ ការដែលវៀតណាមផ្តោតលើការអភិវឌ្ឍវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ក៏មានសក្តានុពលក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ យោងតាមក្រុមហ៊ុន DP Group ប្រទេសវៀតណាមកំពុងលេចចេញជាគោលដៅឈានមុខគេមួយរបស់អាស៊ីសម្រាប់ទាក់ទាញការវិនិយោគបរទេស មិនត្រឹមតែទាក់ទងនឹងទំហំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគុណភាពផងដែរ ក្នុងអំឡុងពេលនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងនៃលំហូរទុនសកល៕
បកប្រែដោយ Duy Hoan