ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ថៃ-ចិន
កប.អនឡាញ - ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ថៃ-ចិន បានធ្វើឡើងនៅខេត្ត Udon Thani (ប្រទេសថៃ) ដោយទាក់ទាញភ្ញៀវទេសចរជាង ៦០,០០០នាក់។
នៅក្នុងសុន្ទរកថាបើក លោក Natthapong Khamwongpin អភិបាលរងខេត្ត Udon Thani បានលើកសរសើរចំពោះស្មារតីសាមគ្គីភាពសហគមន៍ និងតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាម និងចិន រួមជាមួយនឹងលក្ខណៈពិសេសនៃសង្គមនៅមូលដ្ឋានដែលបង្កើតអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងទាក់ទាញអារម្មណ៍របស់ខេត្ត Udon Thani ហើយសង្កត់ធ្ងន់ថានេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅមូលដ្ឋាន។
    |
 |
|
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ថៃ-ចិន រួមចំណែកដល់ការកសាងសហគមន៍មួយដែលសាមគ្គីគ្នា ជិតស្និទ្ធ និងរឹងមាំ |
ក្នុងព្រឹត្តិការណ៍នេះ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Udon Thani (ប្រទេសថៃ) បានគូសបញ្ជាក់ពីព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងត្រីភាគីរវាងវៀតណាម ជាមួយថៃ និងចិន៖ ឆ្នាំ២០២៥ គឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន ព្រមទាំងជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងថៃ និងចិន ហើយឆ្នាំ២០២៦ ក៏ជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ។ លោក Dinh Hoang Linh បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រជាជនក្នុងការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ហើយសង្ឃឹមថា ស្មារតីកសាងសហគមន៍មួយដែលមានសាមគ្គីភាព ជិតស្និទ្ធ និងរីកចម្រើន នឹងត្រូវបានបង្កើន ដោយក្លាយជាកម្លាំងចលករមួយសម្រាប់ជម្រុញការទូតប្រជាជន កសាងមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៃតំបន់ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងបី។
ដោយចូលរួមក្នុងពិធីបុណ្យនេះជាលើកដំបូង ក្រុមសិល្បៈទីក្រុងហូជីមិញ មានឈុតសម្តែងសិល្បៈដ៏ទាក់ទាញ និងមានអត្ថន័យជាច្រើន ដែលបង្ហាញពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះសហគមន៍ជនវៀតណាមនៅបរទេស ក៏ដូចជាសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសថៃ និងប្រទេសដទៃទៀត ព្រមទាំងបង្ហាញពីមនោសញ្ចេតនាល្អចំពោះសហគមន៍ជនចិននៅមូលដ្ឋាន ប្រជាជនថៃ និងមិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Thuy Anh