សហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ីស្វាគមន៍និទាឃរដូវឆ្នាំ២០២៦
កប.អនឡាញ - នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ នៅទីក្រុងហ្សាកាតា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានរៀបចំពិធីបុណ្យតេតសហគមន៍ ដើម្បីស្វាគមន៍និទាឃរដូវឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងសហគមន៍អាណិកជនវៀតណាម អង្គភាពអាជីវកម្មវៀតណាម ក្រុមគ្រួសារកម្មាភិបាលនៃបណ្តាស្ថាប័នតំណាងវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងមិត្តភក្តិអន្តរជាតិ។
ព្រឹត្តិការណ៍បុណ្យតេតសហគមន៍បានធ្វើឡើងក្នុងបរិយាកាសកក់ក្តៅ និងរស់រវើក ជាមួយនឹងការសម្តែងសិល្បៈប្រពៃណីដោយកម្មាភិបាល និងសហគមន៍អាណិកជនវៀតណាម រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វៀតណាមនៅឥណ្ឌូនេស៊ី។ ប្រតិភូ និងភ្ញៀវអន្តរជាតិក៏បានរីករាយជាមួយម្ហូបវៀតណាមតាមរយៈម្ហូបបុណ្យតេត ដូចជា នំអន្សម ណែម។ល។
    |
 |
|
លោក Ta Van Thong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី មានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vov.vn) |
មានប្រសាសន៍នៅក្នុងពិធី លោក Ta Van Thong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា ការដែលប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីខែមីនា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្កើតក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងជាការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ឥណ្ឌូនេស៊ី (១៩៥៥ - ២០២៥)។ ទន្ទឹមនឹងនោះ ទំនាក់ទំនងនយោបាយ សន្តិសុខ និងការពារជាតិតែងតែត្រូវបានផ្តល់អាទិភាព ហើយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបានអភិវឌ្ឍគួរឱ្យកត់សម្គាល់។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងឥណ្ឌូនេស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។
ក្នុងឱកាសនេះ លោក Ta Van Thong ឯកអគ្គរដ្ឋទូត បានប្រគល់ប័ណ្ណសរសើរពីស្ថានទូតដល់បុគ្គលដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងការកសាង និងអភិវឌ្ឍសហគមន៍អាណិកជនវៀតណាមនៅឥណ្ឌូនេស៊ី រួមចំណែកដល់ការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៥៕
បកប្រែដោយ Huyen Trang