នៅក្នុងពិធី លោកស្រី Helga Margarete Barth បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ន ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់ បានអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ក្នុងនោះ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខបានក្លាយជាសសរស្តម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០២២ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដោយបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល ពេទ្យយោធា និងការរក្សាសន្តិភាព ដែលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Ba Luc ជូនកផ្កាអបអរសាទរថ្ងៃបង្កើតកងទ័ពអាល្លឺម៉ង់

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Nguyen Ba Luc បានបញ្ជាក់ថា នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ច្បាប់ស្ដីពីយោធា-ការពារជាតិ និងឧស្សាហកម្មការពារជាតិ។ នាយទាហានជាច្រើននៃកងទ័ពប្រជាជនវៀតណាមមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល និងបំប៉ន់ជំនាញនៅតាមវិទ្យាស្ថាន និងសាលារៀនយោធាអាល្លឺម៉ង់។ លោកឧត្តមសេនីយ៍ទោ Nguyen Ba Luc ជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-អាល្លឺម៉ង់នឹងបន្តមានសមិទ្ធផលថ្មីៗ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh