ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងកម្ពុជាអញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ធិផលជាតិវៀតណាម
កប.អនឡាញ - ក្នុងឱកាសដែលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីចូលរួមពិធីរំលឹកខួបលើកទី៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា នារសៀលថ្ងៃទី២ ខែកញ្ញា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរការឯករាជ្យ-សេរីភាព-សុភមង្គល” នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ទីក្រុងហាណូយ)។
អញ្ជើញទៅទស្សនាតំបន់តាំងពិព័រណ៍ លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍ បានឧទ្ទេសនាមដល់គណៈប្រតិភូទាំងពីរអំពីសមិទ្ធិផលលេចធ្លោក្នុងរយៈពេល ៨ ទសវត្សរ៍នៃការកសាង និងអភិវឌ្ឍន៍ប្រទេសលើវិស័យជាច្រើនដូចជា ឧស្សាហកម្ម - បច្ចេកវិទ្យា កសិកម្ម - ជនបទ ការពារជាតិ - សន្តិសុខ កិច្ចការបរទេស សុខាភិបាល ការវិនិយោគ - ពាណិជ្ជកម្ម អប់រំ វប្បធម៌ កីឡា និងទេសចរណ៍...។
    |
 |
លោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ រួមទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ធិផលជាតិ (រូបថត៖ nhandan.vn) |
នេះជាការតាំងពិព័រណ៍ជាតិមានទំហំធំបំផុតមិនធ្លាប់មានពីមុនមក ដែលតាំងបង្ហាញនូវវត្ថុនិងរូបភាពជាច្រើនអំពី សមិទ្ធិផលសំខាន់ៗរបស់ខេត្ត ក្រុងទាំង ៣៤ និង ក្រសួង ស្ថាប័ន និងសហគ្រាសរបស់វៀតណាម។
លោក Mai Van Chinh និងថ្នាក់ដឹកនាំឡាវ និងកម្ពុជាបានទៅទស្សនាតំបន់កណ្តាលនៃពិព័រណ៍ក្រោមប្រធានបទ “៩៥ឆ្នាំនៃទង់បក្សបំភ្លឺផ្លូវ” ដោយសង្ខេបព្រឹត្តិការណ៍សំខាន់ៗ ព្រឹត្ដិការណ៍លេចធ្លោរបស់វៀតណាមក្រោមការដឹកនាំរបស់បក្ស; រយៈពេល ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល; តំបន់តាំងពិព័រណ៍របស់ក្រសួងការបរទេស; តំបន់តាំងពិព័រណ៍សម្រាប់អនាគតបៃតងជាមួយនឹងឧស្សាហកម្មផ្លាស់ប្តូរបៃតងរបស់សម្ព័ន្ធក្រុមហ៊ុន Vingroup...
គណៈប្រតិភូទាំងពីរក៏បានទៅទស្សនាតំបន់តាំងពិព័រណ៍របស់ក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀតណាម។ តំបន់តាំងបង្ហាញសមិទ្ធិផលរបស់កងទ័ពប្រជាជន និងនគរបាលប្រជាជនវៀតណាម ជាមួយនឹងសព្វាវុធទំនើបៗ និងឧបករណ៍បច្ចេកទេសដែលស្រាវជ្រាវ ផលិត និងច្នៃប្រឌិតដោយវៀតណាម៕
បកប្រែដោយ Pham Diep