ពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៤ វៀតណាម ជាមួយទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
កប.អនឡាញ - នាថ្ងៃទី២២ ខែតុលា នៅខេត្តព្រះសីហនុ គណៈប្រតិភូ នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ ៤ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Tranh មេបញ្ជាការរង ទទួលបន្ទូកផ្នែកច្បាប់ បានជួបពិភាក្សាការងារជាមួយទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកវរសេនីយ៍ឯក Nguyen Van Tranh មេបញ្ជាការរងទទួលបន្ទុកផ្នែកច្បាប់ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៤ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
នេះជាសកម្មភាពប្រចាំឆ្នាំ ក្នុងគោលបំណងដកបទពិសោធន៍អំពីប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរព័ត៌មានរវាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៤ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការទំនាក់ទំនងទាន់ហេតុការណ៍ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងភាគីទាំងពីរ។
នាពេលកន្លងមកនេះ ការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងគ្នារវាងភាគីទាំងពីរត្រូវបានអនុវត្តជាប្រចាំ រួមចំណែកក្នុងការកសាងទំនុកចិត្ត និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ។ នៅឆ្នាំ២០២៥ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៤ បានផ្ញើលិខិតចំនួន៧ និងបានទទួលលិខិតចំនួន៦ ពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រស្តីពីឧប្បត្តិហេតុនានា។ ការផ្លាស់ប្តូរព័ត៌មានរវាងភាគីទាំងពីររួមមាន៖ ទូកនេសាទធ្វើសកម្មភាពខុសច្បាប់ ជម្លោះដែននេសាទ ការចេញចូលខុសច្បាប់នៅសមុទ្រ គ្រោះថ្នាក់នៅសមុទ្រ ការរុករក ជួយសង្គ្រោះ ការការពារបរិស្ថានសមុទ្រ ការរំលោភបំពាន ឧក្រិដ្ឋកម្ម ការរត់ពន្ធ ភារកិច្ចទាក់ទងនឹងភេរវកម្ម សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។
    |
 |
ប្រតិភូទាំងឡាយថតរូបអនុស្សាវរីយ៍ |
នាពេលខាងមុខ ភាគីទាំងពីរបន្តផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅសមុទ្រ ជាពិសេសបណ្តាករណីទាក់ទងនឹងការដែលអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងចាត់វិធានការចំពោះទូកនេសាទវៀតណាមដែលកំពុងប្រតិបត្តិការក្នុងតំបន់ទឹកប្រវត្តិសាស្ត្រ។ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងបន្តកសាងតំបន់សមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ សមស្របនឹងទំនាក់ទំនង និងមនោសញ្ចេតនាដ៏ល្អរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan