នគរបាលវៀតណាម-កម្ពុជា សហការកសាងព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព
កប.អនឡាញ - នាថ្ងៃទី ១៧ ខែតុលា នគរបាលខេត្ត Lam Dong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៥ និងដាក់ពង្រាយទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៦។
លោកឧត្តមសេនីយ៍ត្រី Truong Minh Duong នាយកនគរបាលខេត្ត Lam Dong និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើជាសហប្រធានកិច្ចប្រជុំ។
យោងតាមរបាយការណ៍បានឲ្យដឹងថា នាពេលកន្លងមក នគរបាលខេត្ត Lam Dong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការស្របតាមផែនការសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា។
    |
 |
នគរបាលខេត្ត Lam Dong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិកា |
ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលជាប្រចាំដើម្បីដោះស្រាយបញ្ហាដែលកើតឡើងស្របតាមច្បាប់ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ហើយបានសម្របសម្រួលទប់ស្កាត់ការឆ្លងដែនខុសច្បាប់រវាងខេត្តទាំងពីរ។
ដោយសារកិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនមានស្ថិរភាព និងមិត្តភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃមូលដ្ឋានទាំងពីរ។
ក្នុងកិច្ចប្រជុំ ប្រតិភូបានផ្តោតលើការពិភាក្សា និងវាយតម្លៃលទ្ធផលនៃការសម្របសម្រួល ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ទន្ទឹមនឹងនោះ បានលើកឡើង ដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
លើសពីនេះ នគរបាលខេត្ត Lam Dong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលក្នុងវិស័យផ្សេងៗនាពេលខាងមុខ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មានជំនឿថា នគរបាលខេត្ត Lam Dong នឹងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកបានសន្យាថា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងសហការយ៉ាងសកម្ម ជាមួយនគរបាលខេត្ត Lam Dong ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានចុះហត្ថលេខា រួមចំណែកកសាងព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ Truong Minh Duong ស្នងការនគរបាលខេត្ត Lam Dong បានវាយតម្លៃខ្ពស់ចំពោះការងារសម្របសម្រួល និងសន្តិសុខសណ្តាប់ធ្នាប់របស់នគរបាលខេត្ត Lam Dong និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនាពេលកន្លងមក។ ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ នគរបាលនៃខេត្តទាំងពីរ នឹងបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការសម្របសម្រួលក្នុងវិស័យបង្ការ និងទប់ស្កាត់បទល្មើស និងធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន៕
បកប្រែដោយ Duy Hoan