អង្គភាពទ័ពលេខ១៦ ទៅជូនពរឆ្នាំថ្មីដល់អង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា គណៈប្រតិភូបញ្ជាការដ្ឋានអង្គភាពទ័ពលេខ១៦ (ក្រសួងការពារប្រទេសវៀតណាម) បានទៅជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហាននៃអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯក Trinh Pham Hoa លេខាគណៈកម្មាធិការបក្ស និងជាមេបញ្ជាការរងអង្គភាពទ័ពលេខ១៦ បានដឹកនាំគណៈប្រតិភូ។
លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី និងលោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់សឹករងក្រចេះ បានទទួលគណៈប្រតិភូ។
ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព លោកវរសេនីយ៍ឯក Trinh Pham Hoa បានជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគីរី និងតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ រួមជាមួយក្រុមគ្រួសាររបស់ពួកគេ ឲ្យមានសុខភាពល្អ និងបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ជូន។
    |
 |
|
លោកវរសេនីយ៍ឯក Trinh Pham Hoa ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងក្រចេះ |
លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គភាពទ័ពលេខ១៦ និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ រួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមនៅតំបន់ព្រំដែន។
ភាគីទាំងពីររក្សាយ៉ាងតឹងរ៉ឹងនូវយន្តការផ្លាស់ប្តូរព័ត៌មាន ការវាយតម្លៃ និងការព្យាករណ៍ស្ថានភាពឲ្យបានត្រឹមត្រូវ សហការដោះស្រាយឧប្បត្តិហេតុដែលកើតឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការឃោសនា និងការចលនាមហាជន ការជួយគាំទ្រដល់ប្រជាជននៅតំបន់ព្រំដែនក្នុងអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ត្រូវបានអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាព ដោយផ្តោតលើសកម្មភាពដូចជា ការពិនិត្យសុខភាព ការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងការផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា តាមរយៈនោះ បញ្ជាក់បន្ថែមទៀតអំពីទំនាក់ទំនងជិតស្និទ្ធ និងការជឿទុកចិត្តគ្នារវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
តំណាងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី និងតំបន់ប្រតិបត្តិការសឹករងក្រចេះ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូអង្គភាពទ័ពលេខ១៦ ដែលបានចំណាយពេលវេលាមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អង្គភាពទាំងពីរ។ អង្គភាពទាំងពីរបានសង្កត់ធ្ងន់លើបំណងចង់បន្តរក្សា ពង្រឹង និងរឹតបន្តឹងដោយឥតឈប់ឈរនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ក៏ដូចជារវាងអង្គភាពទ័ពលេខ១៦ និងអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ៕
បកប្រែដោយ Thuy Anh