ក្នុងបរិយាកាសរីករាយ និងកក់ក្តៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកវរសេនីយ៍ឯក Pham Xuan Do មេបញ្ជាការរង និងជានាយ​សេនាធិការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Lam Dong បានជូនពរឆ្នាំថ្មីដល់នាយទាហាន និងពលទាហាននៃកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី។

leftcenterrightdel
គណៈប្រតិភូគណៈបញ្ជាការកងទ័ពការពារខេត្ត Lam Dong ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី

លោកវរសេនីយ៍ឯក Pham Xuan Do បានបញ្ជាក់ផងដែរថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងអង្គភាពនានារបស់ខេត្តមណ្ឌលគីរី និងកងទ័ពការពារព្រំដែនខេត្ត Lam Dong កំពុងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ដែលក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការរវាងបណ្តាកងកម្លាំង លោកវរសេនីយ៍ឯក Pham Xuan Do បានស្នើឲ្យអង្គភាពរបស់ខេត្តមណ្ឌលគីរី បន្តបង្កើនការផ្លាស់ប្តូរព័ត៌មានជាមួយកងទ័ពការពារព្រំដែនខេត្ត Lam Dong អំពីស្ថានភាពទាក់ទងនឹងសកម្មភាពនៃឧក្រិដ្ឋកម្មប្រភេទផ្សេងៗ។ តាមរយៈនេះ ភាគីទាំងពីរអាចព្រមព្រៀងគ្នាយ៉ាងឆាប់រហ័សលើគោលនយោបាយ និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។

leftcenterrightdel
គណៈប្រតិភូជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី

តំណាងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែនខេត្ត Lam Dong ក្នុងការគ្រប់គ្រង និងការពារព្រំដែន រក្សាយន្តការផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព សហការរៀបចំការយាមល្បាតទ្វេភាគី សហការក្នុងការគ្រប់គ្រងខ្សែព្រំដែន និងបង្គោលព្រំដែន ការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ល។

ទន្ទឹមនឹងនោះ អង្គភាពនានាបន្តសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន និងចលនាប្រជាជននៅសងខាងព្រំដែនឱ្យគោរពច្បាប់ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងច្បាប់នៃប្រទេសនីមួយៗ ព្រមទាំង ជម្រុញការផ្លាស់ប្តូរមិត្តភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ព្រំដែន៕

បកប្រែដោយ Thuy Anh