នារសៀលថ្ងៃទី ១៧ តុលា នៅសាលប្រជុំនៃ MerPerle Nui Sam Resort - តំបន់ទេសចរណ៍ Ben Da Nui Sam (សង្កាត់ Vinh Te ខេត្ត An Giang) នាយកដ្ឋាន​ជំរុញពាណិជ្ជកម្ម - ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang រៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម ជំរុញការនាំចេញនាំចូលនៅតំបន់ភាគខាងត្បូងវៀតណាម។

នៅក្នុងសុន្ទរកថាបើកសន្និសីទ លោក Vu Ba Phu នាយកនៃនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មបានមានប្រសាសន៍ថា នេះគឺជាសកម្មភាពសំខាន់មួយក្រោមកម្មវិធីជំរុញពាណិជ្ជកម្មជាតិឆ្នាំ ២០២៥ សំដៅលើកកម្ពស់ទំនាក់ទំនងក្នុងតំបន់ បង្កើនការប្រកួតប្រជែង និងអភិវឌ្ឍការនាំចេញប្រកបដោយនិរន្តរភាពសម្រាប់អង្គភាព​អាជីវកម្មក្នុងតំបន់ភាគខាងត្បូងវៀតណាម។

leftcenterrightdel
ទិដ្ឋភាពសន្និសីទ

យោងតាមលោក Phu នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម - វិនិយោគ - logistics តភ្ជាប់ ជួយគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការផ្សព្វផ្សាយផលិតផល ពង្រីកទីផ្សារ និងបង្កើនតម្លៃបន្ថែមនៃទំនិញនាំចេញ។ ទន្ទឹមនឹងនោះ លោកក៏បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីត្រួសត្រាយរបស់ខេត្ត An Giang ក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសកម្ម បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា។

ក្នុងសុន្ទរកថាស្វាគមន៍នៅសន្និសីទ លោក Nguyen Thanh Phong អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត An Giang បានអះអាងថា ព្រឹត្តិការណ៍នេះមានអត្ថន័យជាក់ស្តែង ជាឱកាសសម្រាប់ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពង្រីកពាណិជ្ជកម្មតាមព្រំដែន។

leftcenterrightdel
ប្រតិភូទៅទស្សនាតំបន់តាំងបង្ហាញផលិតផលក្នុងក្របខ័ណ្ឌនៃសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម ការជំរុញការនាំចេញ-នាំចូលនៅតំបន់ភាគខាងត្បូង

យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ដោយមានទីតាំងភូមិសាស្ត្រពិសេស ដែលមានព្រំដែន ១៤៨ គីឡូម៉ែត្រជាប់នឹងប្រទេសកម្ពុជា និងច្រកទ្វារអន្តរជាតិចំនួន ៣ គឺ Vinh Xuong, Tinh Bien, Ha Tien នោះ An Giang ដើរតួនាទីជាច្រកទ្វារដ៏សំខាន់តភ្ជាប់តំបន់ដីសណ្ដទន្លេមេគង្គជាមួយរាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាជាទូទៅ។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំនៃការនាំចូល-នាំចេញសរុបរវាងខេត្ត An Giang និងកម្ពុជាសម្រេចបាន ៩៤០ លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញសម្រេច​បាន​ ៥៣១ លានដុល្លារអាមេរិក ការនាំចូលសម្រេច​បាន ៤០៩ លានដុល្លារ។ ក្រុមទំនិញសំខាន់ៗរួមមាន ផលិតផលកសិកម្ម ផលិតផលជលផល អង្ករ  វត្ថុធាតុដើម ទំនិញប្រើប្រាស់ និងជី។ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានទំហំធំខ្លាំង ជាពិសេសក្នុងវិស័យ logistics ការកែច្នៃស៊ីជម្រៅ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។ ថ្នាក់ដឹកនាំខេត្ត An Giang បានសន្យារួមដំណើរជាមួយធុរកិច្ច ពន្លឿនវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជម្រះការស្ទះចរាចរណ៍ និងបង្កើតបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ទាក់ទាញ និងអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង៕

បកប្រែដោយ Duy Hoan