ជំរុញពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្ពោះទៅរកគោលដៅ ២០ ពាន់លានដុល្លារ
កប.អនឡាញ - ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ២០ ពាន់លានដុល្លារ វៀតណាម និងកម្ពុជា កំពុងបង្កើនសកម្មភាពជំរុញ និងការតភ្ជាប់ពាណិជ្ជកម្ម។
ដើម្បីផ្តល់ជំនួយដល់ធុរកិច្ចវៀតណាមក្នុងការផ្សព្វផ្សាយផលិតផល និងស្វែងរកដៃគូនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំស្តង់ដើម្បីចូលរួមក្នុងពិព័រណ៍ភ្នំពេញ B2C ឆ្នាំ ២០២៥ ដើម្បីផ្សព្វផ្សាយទំនិញវៀតណាម និងគាំទ្រដល់ធុរកិច្ចភាគីទាំងពីរដើម្បីតភ្ជាប់គ្នា។
ពិព័រណ៍ B2C គឺជាការរួមបញ្ចូលគ្នានៃពិព័រណ៍ពាណិជ្ជកម្មទំនិញប្រើប្រាស់ និងពិព័រណ៍គ្រឿងសង្ហារឹម និងគ្រឿងផ្ទះបាយកម្ពុជា។ នេះជាពិព័រណ៍ប្រចាំឆ្នាំ ដែលទាក់ទាញការចូលរួមពីសំណាក់ធុរកិច្ច និងភ្ញៀវមកពីក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។ ពិព័រណ៍ B2C ឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារសម្របសម្រួលផ្សេងទៀត។
    |
 |
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា អញ្ជើញទៅទស្សនាស្តង់វៀតណាមក្នុងពិព័រណ៍ |
    |
 |
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាទស្សនាស្តង់វៀតណាមនៅការតាំងពិព័រណ៍ |
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានអញ្ជើញទៅទស្សនាស្តង់វៀតណាម ក្នុងពិព័រណ៍នេះ ហើយសង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងកាន់តែខ្លាំងឡើង រួមចំណែកសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក។
លោក Do Viet Phuong - ទីប្រឹក្សាពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានមកទស្សនាស្តង់វៀតណាមនៅឯពិព័រណ៍នេះ និងស្វាគមន៍យ៉ាងខ្លាំងចំពោះការចូលរួមរបស់ធុរកិច្ចវៀតណាមទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងបានសម្តែងនូវគោលបំណងចង់មានការកើនឡើងនៃវត្តមានអាជីវកម្ម ទំនិញ និងអ្នកវិនិយោគវៀតណាមនៅប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ការចែករំលែកនៅឯពិព័រណ៍នេះ លោក Do Viet Phuong បាននិយាយថា វៀតណាម និងកម្ពុជាតែងតែរក្សាទំនាក់ទំនងដ៏ល្អ។ ខឿនសេដ្ឋកិច្ច និងទំនិញនាំចេញ និងនាំចូលនៃប្រទេសទាំងពីរគឺបំពេញបន្ថែមគ្នា ហើយភាគីនីមួយៗសុទ្ធតែមានសក្តានុពលផ្ទៃក្នុងសមស្របដាច់ដោយឡែក។
ក្នុងឆ្នាំ ២០០៤ ចំណូលការនាំចេញរវាងប្រទេសទាំងពីរមានប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ។ ដល់ឆ្នាំ ២០២៤ ទឹកប្រាក់សរុបនៃការផ្លាស់ប្តូរទ្វេភាគីបានកើនឡើងដល់ ១០.១ ពាន់លានដុល្លារ។ បន្ទាប់ពីរយៈពេល ៨ ខែនៃឆ្នាំ ២០២៥ តួលេខនោះបានកើនឡើងដល់ ៧.៩៨ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើង ១៦.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មភាគច្រើនជារបស់វិស័យកសិកម្ម ដូចជាបន្លែ ស្វាយចន្ទី ស្រូវ ផ្លែឈើ ដំឡូងមី ផលិតផលវារីវប្បកម្ម ផលិតផលកសិកម្មកែច្នៃ។ល។ សព្វថ្ងៃនេះ អាជីវកម្មនៃប្រទេសទាំងពីរកំពុងផ្លាស់ប្តូរផលិតផលផ្សេងៗគ្នា។ មានផលិតផលនាំចូល និងនាំចេញជាច្រើន ដែលតែងតែទទួលបានតម្លៃផ្លាស់ប្តូរខ្ពស់។ លំហូរពាណិជ្ជកម្មកំពុងកើនឡើងសម្រាប់ភាពចម្រុងចម្រើន និងអត្ថប្រយោជន៍នៃសហគមន៍អាជីវកម្មនៃភាគីទាំងពីរ។
លោក Do Viet Phuong បាននិយាយថា “តួលេខទាំងនេះមិនត្រឹមតែទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ ពួកគេក៏និយាយអំពីទំនាក់ទំនងជិតស្និទ្ធ និងការរីកលូតលាស់មិត្តភាពរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ លោក Do Viet Phuong បន្តថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនឹងក្លាយជាសសរស្តម្ភដ៏សំខាន់រវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ២០ ពាន់លានដុល្លារ ប្រទេសទាំងពីរកំពុងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្ម។
"ចាប់តាំងពីខែមករាឆ្នាំ ២០២៥ ភាគីទាំងពីរបានរៀបចំយ៉ាងហោចណាស់ ៨ កម្មវិធីតភ្ជាប់ធំៗ ដោយមិនគិតពីកម្មវិធីតភ្ជាប់សម្រាប់ក្រុមអាជីវកម្មខ្នាតតូច។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ យើងសង្ឃឹមថានឹងមានវត្តមានអាជីវកម្មជាច្រើននៅក្នុងព្រឹត្តិការណ៍ផ្សេងៗ។
គួរកត់សម្គាល់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបាន "ជំរុញ" និងពង្រឹងដោយកិច្ចព្រមព្រៀងស្តីពីការបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ដំណាក់កាល ២០២៥-២០២៦ ដែលចុះហត្ថលេខាដោយលោកស្រី Cham Nimul រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងខែមេសា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះដើរតួជាក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលខាងមុខ៕
បកប្រែដោយ Minh Trung