ទិវាសហគ្រិនវៀតណាម (១៣ តុលា)៖ សហគ្រាសវៀតណាមរួមគ្នាកសាងប្រទេសជាតិរុងរឿង
កប.អនឡាញ - នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន ៩៥០,០០០ និងអាជីវកម្មលក្ខណៈគ្រួសារជាង ៥ លាន ដែលរួមចំណែកប្រមាណ ៥០% នៃផលិតផលក្នុងស្រុកសរុប។
ក្នុងរយៈពេលជិត ២ ទស្សវត្សរ៍ ចាប់តាំងពីការបង្កើតទិវាសហគ្រិនវៀតណាម (ថ្ងៃទី ១៣ ខែតុលា) ជួរសហគ្រិនបានរីកចម្រើនឥតឈប់ឈរ ក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពង្រីកសមាហរណកម្ម និងរួមចំណែកកសាងប្រទេសវៀតណាមកាន់តែរីកចម្រើន។
    |
 |
នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយធុរកិច្ច ក្នុងទិវាសហគ្រិនវៀតណាម (រូបថត៖ VGP) |
នាបច្ចុប្បន្ន វៀតណាមមានសហគ្រាសចំនួន ៩៥០.០០០ និងអាជីវកម្មលក្ខណៈគ្រួសារជាង ៥ លាន រួមចំណែកប្រមាណ ៥០% នៃ GDP បង្កើតការងារសម្រាប់ជាង ៨០% នៃកម្លាំងពលកម្មសង្គម។ ចំនួនសហគ្រាស និងសហគ្រិនវៀតណាមកំពុងកើនឡើងខ្លាំងជាងមុន។ ជាពិសេស មានសហគ្រិន អ្នកជំនួញជាច្រើន អភិវឌ្ឍអង្គភាពអាជីវកម្ម ដោយភាពវៃឆ្លាត សេចក្តីប្រាថ្នា និងជំនឿថា “ការក្លាយជាអ្នកមាន មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាការបម្រើជាតិមាតុភូមិផងដែរ”។
លោក Le Viet Hai ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន Hoa Binh ជឿជាក់ថា គោលដៅក្លាយជាប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ គឺអាចធ្វើទៅបានទាំងស្រុង ប្រសិនបើអង្គភាពអាជីវកម្មពិតជាមានការគិតវែងឆ្ងាយ ធ្វើពិត បង្កើត តម្លៃប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស៖ “៣៨ឆ្នាំមុន ពេលយើងបង្កើតដំបូងដោយមានបុគ្គលិកជាង ២០ នាក់ យើងបានកំណត់ចក្ខុវិស័យ៖ ប្រជាជនវៀតណាមត្រូវតែមានភាពម្ចាស់ការ លើបច្ចេកវិទ្យាទំនើបបំផុត បង្កើតគម្រោងសម្រេចបានគុណភាពអន្តរជាតិ។ ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍ Hoa Binh មានឱកាសសហការជាមួយក្រុមហ៊ុនម៉ៅការទូទៅឈានមុខគេជាង ២០ នៅលើពិភពលោក តាមរយៈការរៀនសូត្រ ប្រមូលបទពិសោធន៍ និងទទួលបានដំណោះស្រាយអនុវត្តទំនើបបំផុត យើងបានបង្ហាញឱ្យឃើញថា សហគ្រាសវៀតណាមស្មើរមុខស្មើរមាត់នឹងសាជីវកម្មធំៗក្នុងពិភពលោក នោះក៏ជាផ្នត់គំនិតនៃការនាំចេញដែលមិនត្រឹមតែចំពោះផលិតផលប៉ុណ្ណោះទេ ថែមទាំងជាការនាំចេញសេវាកម្ម - នាំចេញ នៃប្រព័ន្ធអេកូឡូស៊ីសំណង់គ្រប់ជ្រុងជ្រោយរបស់វៀតណាមទៅកាន់ពិភពលោក
រួមដំណើរគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់ប្រទេស សហគ្រាស និងសហគ្រិនតែងតែជាកម្លាំងត្រួសត្រាយផ្លូវនៃខឿនសេដ្ឋកិច្ច។ មិនត្រឹមតែបង្កើតទ្រព្យសម្បត្តិសម្ភារៈប៉ុណ្ណោះទេ សហគ្រាស និងសហគ្រិនក៏បានផ្សព្វផ្សាយនូវស្មារតីនៃការពឹងផ្អែកលើខ្លួនឯង បំណងប្រាថ្នាចង់ក្រោកឡើង និងឆន្ទៈបម្រើជាតិមាតុភូមិ។ ប្រឈមមុខនឹងដំណើរថ្មីជាមួយកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើន សហគមន៍ធុរកិច្ចវៀតណាមបាននិងកំពុងបន្តលើកកម្ពស់ភាពឈ្លាសវៃ និងស្មារតីជាតិ ដើម្បីបញ្ជាក់តួនាទីររបស់វៀតណាមលើផែនទីសេដ្ឋកិច្ចពិភពលោក ក្នុងនាមជាកម្លាំងសំខាន់ដឹកនាំប្រទេសឆ្ពោះទៅមុខយ៉ាងខ្ជាប់ខ្ជួនលើមាគ៌ាឆ្ពោះទៅជាប្រទេសមួយប្រកបដោយវិបុលភាព និងសុភមង្គល៕
បកប្រែដោយ Duy Hoan