ខេត្ដ An Giang ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីការរុករក ជីកគាស់អដ្ឋិធាតុយុទ្ធជនពលីនៅខេត្តព្រះសីហនុ
កប.អនឡាញ - នារសៀលថ្ងៃទី៧ ខែតុលា នៅសាលាខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្ត An Giang (វៀតណាម) និងគណៈកម្មការជំនាញខេត្តព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្ដីពីការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាល XXV (រដូវប្រាំងឆ្នាំ ២០២៥ - ២០២៦)។
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang និងលោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខានេះ។
    |
 |
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ dangcongsan.vn) |
ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០០ មក នៅរាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមរុករកអដ្ឋិធាតុទាំងពីររបស់ខេត្ត An Giang បានរុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ៤,២៨៦ អដ្ឋិធាតុ នៅក្នុងខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានរុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ២០៥ អដ្ឋិធាតុ នៅខេត្ដព្រះសីហនុ។
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈកម្មការជំនាញខេត្ដ An Giang និងក្រុម K92 ក្នុងការអនុវត្តការងារនាពេលកន្លងមក។
លោក Le Trung Ho សង្ឃឹមថា ថ្នាក់ដឹកនាំបក្ស អាជ្ញាធរ គណៈកម្មការជំនាញ និងប្រជាជនខេត្តព្រះសីហនុ នឹងបន្តយកចិត្តទុកដាក់ ដឹកនាំ សម្របសម្រួល គាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលដល់ក្រុម K92 ដើម្បីបន្តការងាររុករក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយុទ្ធជនពលីដែលពលីជិវិតនៅក្នុងខេត្ត។
    |
 |
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជន ប្រធានគណៈកម្មការជំនាញខេត្ត An Giang និងលោក សុខ ភា អភិបាលរងខេត្ត ប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ (រូបថត៖ dangcongsan.vn) |
លោក សុខ ភា អភិបាលរងខេត្ត ប្រធានគណៈកម្មការជំនាញខេត្តព្រះសីហនុ ឲ្យដឹងថា ខេត្តព្រះសីហនុនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការ និងផ្តល់ព័ត៌មាន ដើម្បីក្រុម K92 បំពេញបេសកកម្មប្រកបដោយជោគជ័យ។ ខេត្តព្រះសីហនុគាំទ្រផែនការកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាដំណាក់កាល XXV (រដូវប្រាំង ២០២៥ - ២០២៦) និងឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត An Giang បានប្រគល់ថវិកាឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាមជូនគណៈកម្មការជំនាញខេត្តព្រះសីហនុដើម្បីសហការរៀបចំសកម្មភាពរុករក និងធ្វើមាតុភូមិនិវត្ដន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅខេត្តព្រះសីហនុ ក្នុងសម័យសង្រ្គាមនៅកម្ពុជា រដូវប្រាំង ២០២៥ - ២០២៦៕
បកប្រែដោយ Pham Diep