បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសង្គមរវាងវៀតណាម-ឡាវ-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២៩ ខែកញ្ញា នៅទីស្នាក់ការរាជបណ្ឌិត្យសភាកម្ពុជា (RAC) សិក្ខាសាលាវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គមឡាវ (LASES) បានបើកជាផ្លូវការ។
នេះជាសកម្មភាពសហប្រតិបត្តិការប្រចាំឆ្នាំក្នុងវិស័យវិទ្យាសាស្ត្រសង្គមរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបំណងបង្កើតឱកាសសម្រាប់អ្នកគ្រប់គ្រង អ្នកជំនាញ និងអ្នកស្រាវជ្រាវពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ជំរុញការសន្ទនាគោលនយោបាយ និងស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមរួមនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
នាថ្ងៃទី ២៩ ខែកញ្ញា កិច្ចពិភាក្សាចំនួន៣ ស្ដីពីការលើកកម្ពស់សុខដុមរមនាក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅប្រទេសកម្ពុជា ឡាវ និងវៀតណាមបានប្រព្រឹត្តទៅ។ បទបង្ហាញស្តីពីការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងភ័ស្តុភារ ការរក្សាអត្តសញ្ញាណវប្បធម៌ គោលនយោបាយសង្គមក្នុងវិស័យអប់រំ... របស់អ្នកជំនាញវៀតណាមទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អ្នកប្រាជ្ញអន្តរជាតិ។
    |
 |
|
ការពិភាក្សាមួយក្នុងសិក្ខាសាលា (រូបថត៖ nhandan.vn) |
សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម៖ ទស្សនៈ និងបទពិសោធន៍ពីប្រទេសកូរ៉េខាងត្បូង” បានបន្តប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែកញ្ញា។ នេះក៏ជាលើកទី១២ ដែលវិទ្យាស្ថានបរិស្ថានកូរ៉េខាងត្បូង (KEI) បានចូលរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គមឡាវ។
សិក្ខាសាលានេះមានគោលបំណងស្វែងយល់អំពីគោលនយោបាយរបស់កូរ៉េខាងត្បូង ដើម្បីរួមចំណែកស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមផ្នែកបរិស្ថាននៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដោយផ្អែកលើមេរៀនដែលទទួលបានពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកូរ៉េខាងត្បូង បង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរ និងការតភ្ជាប់រវាងអ្នកបង្កើតគោលនយោបាយ និងអ្នកស្រាវជ្រាវក្នុងវិស័យផ្លាស់ប្តូរបៃតង៕
បកប្រែដោយ Thuy Anh