ពង្រឹងការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ទោ ស៊ិន សុខា នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ភាគីទាំងពីរបានរួមគ្នាវាយតម្លៃលទ្ធផលការងារសម្របសម្រួលនាពេលកន្លងមក ផ្លាស់ប្តូរទិសដៅសហប្រតិបត្តិការនាពេលខាងមុខ សំដៅបន្តពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងភាគីទាំងពីរ។
ក្នុងរយៈពេលថ្មីៗនេះ ស្ថានភាពពិភពលោក និងតំបន់បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន រួមទាំងបញ្ហាថ្មី និងមិនធ្លាប់មានពីមុនមក។ ក្នុងបរិបទនោះ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារព្រំដែនដែលបានកំណត់ក្នុងពិធីសារសហប្រតិបត្តិការការពារជាតិ ដំណាក់កាល២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ត្រូវបានអនុវត្តយ៉ាងពេញលេញដោយបញ្ជាការដ្ឋានការពារព្រំដែន និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ជាមួយលទ្ធផលជាក់សែងដូចជា កិច្ចសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែនគោក ត្រូវបានភាគីទាំងពីរក្សាជាប្រចាំ និងមានប្រសិទ្ធភាព។
    |
 |
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា |
ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការងារសម្របសម្រួលការគ្រប់គ្រង ការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ខិតខំរួមគ្នា និងសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នព្រំដែនថ្នាក់មជ្ឈិមនៃប្រទេសទាំងពីរ ដើម្បីចរចារ និងដោះស្រាយ ១៦% (នាពេលឆាប់ៗខាងមុខគឺ៦%) នៃខ្សែព្រំដែនគោកដែលមិនទាន់សម្រេចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន និងរៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកវៀតណាម-កម្ពុជា ដើម្បីជំនួសកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនវៀតណាម-កម្ពុជាឆ្នាំ ១៩៨៣ សំដៅបំពេញតម្រូវការក្នុងស្ថានភាពថ្មី។ សម្របសម្រួលអនុវត្តយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការដែលមានចែងក្នុងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងពិធីសារកិច្ចសហប្រតិបត្តិការរយៈពេល២០២៥-២០២៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
    |
 |
ប្រតិភូនៃភាគីទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំ |
ក្នុងនាមគណៈប្រតិភូទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ លោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានសម្តែងនូវសេចក្តីរីករាយ និងរំភើបរីករាយចំពោះលទ្ធផលដ៏លេចធ្លោ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងកម្លាំងទាំងពីរនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានសម្តែងការឯកភាពចំពោះខ្លឹមសារដែលភាគីទាំងពីរបានពិភាក្សា ហើយទន្ទឹមនឹងនោះបានលើកឡើងនូវខ្លឹមសារ និងសំណើជាច្រើន ដើម្បីធ្វើឲ្យការសម្របសម្រួលរវាងកងកម្លាំងទាំងពីរកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងការសម្របសម្រួលរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕
បកប្រែដោយ Duy Hoan