អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូនានា?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ ដោយធ្វើឡើងក្នុងបរិបទពិភពលោកមានការវិវឌ្ឍជាច្រើន និងបញ្ហាប្រឈមសម្រាប់ពិភពលោក និងតំបន កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធទើបតែបញ្ចប់ជាមួយនឹងលទ្ធផលសំខាន់ៗជាច្រើន។ ចំណុចសំខាន់ៗរួមមានដូចខាងក្រោម៖
ជាបឋម កិច្ចប្រជុំបានទទួលស្គាល់សមិទ្ធផលនៃការកសាងសហគមន៍រយៈពេល ១០ ឆ្នាំ តាមរយៈការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដែលនេះជាមូលដ្ឋានសម្រាប់អាស៊ានអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន (ACV) ឆ្នាំ២០៤៥ ប្រកបដោយជោគជ័យ រួមជាមួយនឹងផែនការយុទ្ធសាស្ត្រស្តីពីនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការតភ្ជាប់អាស៊ាន។ កិច្ចប្រជុំបានអនុម័តលើឯកសារជិត ៧០ ក្រោមសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះដំណើរការកសាងសហគមន៍ និងជំរុញទំនាក់ទំនងភាពជាដៃគូនាពេលខាងមុខ។
    |
 |
|
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ vnanet.vn) |
ទីពីរ អាស៊ានបន្តបង្ហាញពីតួនាទីជាមជ្ឈភាព និងដឹកនាំរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដែលបង្ហាញតាមរយៈការគាំទ្រចំពោះកម្ពុជា និងថៃក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការអនុវត្តកិច្ចព្រមព្រៀងធានាសន្តិភាព និងការធ្វើប្រក្រតីភាពឡើងវិញទំនាក់ទំនងនៅតាមព្រំដែន រួមចំណែកពង្រឹងសន្តិសុខ និងស្ថិរភាពរួមក្នុងតំបន់។ល។
ទីបី កិច្ចប្រជុំបានបញ្ជាក់ជាថ្មីម្តងទៀតអំពីកិត្យានុភាពរបស់អាស៊ានជាកម្លាំងចលករកំណើន និងជាតំណភ្ជាប់ដែលមិនអាចខ្វះបាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគសកល។
ក្នុងឱកាសនេះ វៀតណាមក៏បានបន្តបង្ហាញពីតួនាទីជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ជាមួយនឹងការរួមចំណែកសំខាន់ពីរ។ ទីមួយ ក្រោមការសម្របសម្រួលរបស់វៀតណាម អាស៊ាន និងនូវែលសេឡង់បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២៦-២០៣០ ដើម្បីអនុវត្តក្របខ័ណ្ឌថ្មីនេះ។ ទីពីរ ក្នុងឋានៈជាប្រធានក្រុមការងារអំពីគំនិតផ្តួចផ្តើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន (IAI) វៀតណាមបានដឹកនាំការអភិវឌ្ឍផែនការការងារ IAI ឆ្នាំ ២០២៦-២០៣០ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំកំពូល។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីចែករំលែកអំពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទ្វេភាគីរបស់គណៈប្រតិភូវៀតណាមជាមួយប្រទេស និងដៃគូនានាក្នុងឱកាសនេះ?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃនៃការចូលរួមកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃដៃគូជាង ២០ រួមទាំងប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំជាច្រើននៃប្រទេសដៃគូសំខាន់ៗ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងតំបន់។ កិច្ចពិភាក្សានានា ទោះបីជាមានរយៈពេលខ្លីក៏ដោយ ក៏សម្រេចបានលទ្ធផលជាក់លាក់ និងជាក់ស្តែងជាច្រើន ដែលចំណុចលេចធ្លោបំផុតរួមមាន៖
ទីមួយ ទំនុកចិត្តនយោបាយរវាងវៀតណាម និងបណ្តាប្រទេសត្រូវបានពង្រឹង។ ប្រទេសទាំងអស់ចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម។ ការដែលលោក Donald Trump ប្រធានាធិបតីអាមេរិក លោក Li Keqiang នាយករដ្ឋមន្ត្រីចិន លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីថ្មីនៃជប៉ុន លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត សុទ្ធតែយល់ស្របនឹងសំណើរបស់វៀតណាមស្តីពីការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ បង្ហាញថា ប្រទេសនានាទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់ គាំទ្រប្រទេសវៀតណាមមួយស្ថិរភាព អភិវឌ្ឍន៍ និងដើរតួនាទីកាន់តែសំខាន់ក្នុងអាស៊ាន និងលើឆាកអន្តរជាតិ។
ទីពីរ វៀតណាម និងដៃគូសំខាន់ៗនានាបាន «បញ្ចប់» បញ្ហាសំខាន់ៗជាច្រើនដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមរបស់វៀតណាមជាមួយដៃគូនានា។ ចំណុចសំខាន់មួយក្នុងឱកាសនេះគឺថា វៀតណាម និងសហរដ្ឋអាមេរិកបានប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព។
ទីបី នៅក្នុងការផ្លាស់ប្តូរនេះ បង្ហាញឲ្យឃើញថា ដៃគូនានាពិតជាគាំទ្រ និងមានបំណងចង់ឱ្យវៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងអាស៊ាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជានៅលើឆាកអន្តរជាតិ។ ដៃគូទាំងឡាយបានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាម ហើយមានបំណងចង់ឱ្យវៀតណាមគាំទ្រការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសនានា និងអាស៊ាន។ នេះបង្ហាញថា ប្រទេសទាំងឡាយចាត់ទុកវៀតណាមជាប្រទេសសមាជិកសំខាន់មួយ ដែលមានសមត្ថភាពដឹកនាំនៅក្នុងអាស៊ាន។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីទិសដៅជាក់លាក់សម្រាប់ការអនុវត្តលទ្ធផលនៃការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ?
លោក Dang Hoang Giang អនុរដ្ឋមន្ត្រី៖ លទ្ធផលដែលសម្រេចបានក្នុងការជួបជុំ និងការផ្លាស់ប្តូររវាងលោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គការនានា ចាំបាច់ត្រូវជំរុញ។ ដូច្នេះ ការអនុវត្តលទ្ធផលលើវិស័យជាច្រើនមានសារៈសំខាន់ជាពិសេស ដែលតម្រូវឱ្យមានការចូលរួមយ៉ាងសកម្ម និងព្រមៗគ្នាពីគ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់។
ទាក់ទងនឹងទិសដៅ និងការគ្រប់គ្រង យើងត្រូវបង្កើតផែនការមេ និងកម្មវិធីសកម្មភាព ដើម្បីអនុវត្ត ACV ២០៤៥ ដោយរួមបញ្ចូលទិសដៅសំខាន់ៗនៃសេចក្តីសម្រេចសសរស្តម្ភដែលកំណត់ដោយការិយាល័យនយោបាយ ដោយហេតុនេះអនុវត្ត ACV ២០៤៥ រួមជាមួយអាស៊ាន តាមទាន់និន្នាការសំខាន់ៗ និងទម្លុះទម្លាយចូលទៅក្នុងយុគសម័យអភិវឌ្ឍថ្មីរបស់ប្រជាជាតិ។
ទាក់ទងនឹងភារកិច្ចជាក់លាក់នានា ជាដំបូងបង្អស់ វៀតណាមត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសាមគ្គីភាពអាស៊ាន ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចូលរួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ បង្កើតលក្ខខណ្ឌអំណោយផលដល់អាស៊ាន រួមទាំងវៀតណាមផងដែរ ដើម្បីបន្តគោលដៅរយៈពេលវែងដែលបានគូសបញ្ជាក់នៅក្នុង ACV ២០៤៥។ ទន្ទឹមនឹងនោះ វៀតណាមត្រូវផ្តោតលើការគាំទ្រដល់ទីម័រខាងកើត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន និងធ្វើសមាហរណកម្មអាស៊ានប្រកបដោយប្រសិទ្ធភាព លើសសរស្តម្ភទាំងបី។ ជាចុងក្រោយ វៀតណាមត្រូវអនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តដែលសម្រេចបានជាមួយដៃគូនានា ក្នុងកិច្ចប្រជុំទ្វេភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ថាមពល និងជាពិសេសដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានហ្មត់ចត់ ដើម្បីដកកាតលឿង IUU របស់សហភាពអឺរ៉ុប។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang