លោកស្រី Le Thi Thu Hang អះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអាមេនី។ លោកស្រីបានស្នើឲ្យភាគីទាំងពីរបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តនយោបាយ បន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងអង្គការអន្តរជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយព្រមព្រៀងគ្នាក្នុងការរក្សាយន្តការពិគ្រោះយោបល់នយោបាយជាប្រចាំ និងជម្រុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងលោក Mnatsakan Safaryan (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោក Mnatsakan Safaryan បានស្នើឲ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EAEU ដែលអាមេនីជាសមាជិក ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

អនុរដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងស្វាគមន៍ចំពោះការរៀបចំសម័យប្រជុំលើកទីពីរនៅឆ្នាំ ២០២៦។ អនុរដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាពិចារណាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ អប់រំ-បណ្តុះបណ្តាល វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោយគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Thuy Anh