ដោយវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃសិក្ខាសាលា៖ "វៀតណាម៖ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងយុគសម័យថ្មី" លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមមានគោលការណ៍ដោយផ្អែកលើសសរស្តម្ភបីដែលភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ ទីមួយគឺការអភិវឌ្ឍច្បាប់ គោលនយោបាយ និងអភិបាលកិច្ចជាតិក្នុងទិសដៅនៃស្វ័យភាពជាយុទ្ធសាស្ត្រ ទំនើប តម្លាភាពនិងប្រសិទ្ធភាព។ កសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជនដើម្បីប្រជាជន។ ទីពីរ គឺការអភិវឌ្ឍធនធានមនុស្សគ្រប់ជ្រុងជ្រោយ។ ធនធានដ៏មានតម្លៃបំផុតរបស់វៀតណាមគឺប្រជាជនចំនួន ១០៦ លាននាក់ ដែលខិតខំធ្វើការ ច្នៃប្រឌិត ស្នេហាជាតិ មានស្មារតីសហគមន៍ និងក្រោកឈរឡើងក្នុងកាលៈទេសៈលំបាក។ ទីបី គឺការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចឌីជីថលដែលភ្ជាប់ជាមួយវិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងនវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល។ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាពមិនត្រឹមតែជាបញ្ហាសេដ្ឋកិច្ច និងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាវប្បធម៌ សង្គម មនុស្សជាតិ និងសីលធម៌ផងដែរ។
លោក To Lam អគ្គលេខាបក្ស វាយតម្លៃខ្ពស់ចំពោះអ្នកវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញដែលបានស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើប្រធានបទដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតរបស់ប្រទេសជាតិ។ ព្រមទាំងបញ្ជាក់ថា ក្នុងដំណើរការនៃការបង្កើតគោលការណ៍ គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ បក្ស និងរដ្ឋវៀតណាមតែងតែស្តាប់មតិយោបល់រិះគន់វិទ្យាសាស្ត្រឯករាជ្យ ត្រឹមត្រូវ និងមានសុច្ឆន្ទៈ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើសេចក្តីប្រាថ្នាដ៏ច្បាស់លាស់ និងជាក់លាក់ក្នុងការអភិវឌ្ឍប្រទេសវៀតណាមឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅពាក់កណ្តាលសតវត្សរ៍ទី ២១ ហើយបញ្ជាក់ថា នេះគឺជាការសន្យាចំពោះប្រជាជនវៀតណាម ក៏ដូចជាការសន្យាតចំពោះមិត្តភក្តិអន្តរជាតិ។
លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណដល់សហគមន៍អ្នកប្រាជ្ញវៀតណាមដែលបានលះបង់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រមទាំងសម្តែងក្តីសង្ឃឹមថា អ្នកជំនាញ និងអ្នកប្រាជ្ញបន្តរួមដំណើរ មិនត្រឹមតែដោយក្តីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយចំណេះដឹងវិទ្យាសាស្ត្រ ការវិភាគគោលនយោបាយដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ អនុសាសន៍ជាក់លាក់ និងអាចអនុវត្តបាន។
លោក To Lam អគ្គលេខាបក្ស ក៏បានយល់ព្រមរៀបចំជាប្រចាំនូវសិក្ខាសាលាអន្តរជាតិវៀតណាម ទាំងនៅក្នុងប្រទេសវៀតណាមនិងនៅបរទេស បង្កើតមូលនិធិ វៀតណាមនៅឆ្នាំនេះ ព្រមទាំងស្នើអ្នកស្រាវជ្រាវអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រឱ្យមកប្រទេសវៀតណាមបន្ថែមទៀត ស្នាក់នៅប្រទេសវៀតណាមឱ្យបានយូរជាងមុន ធ្វើការជាមួយសហការីវៀតណាមឱ្យកាន់តែស្មើភាពគ្នា និងស្តាប់សំឡេងពីមូលដ្ឋាន ពីតំបន់និងពីសហគមន៍។
ថ្លែងនៅក្នុងសិក្ខាសាលានេះ អ្នកវិទ្យាសាស្ត្រជិត ១៣០០ នាក់ដែលចូលរួមសិក្ខាសាលាលើកនេះ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោកអគ្គលេខាបក្សផ្ទាល់ខ្លួន និងថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាមចំពោះបណ្តាញសកលនៃអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញស្រាវជ្រាវវៀតណាមនិយាយរួម និងសិក្ខាសាលាលើកនេះនិយាយដោយឡែក។ អ្នកប្រាជ្ញបានសម្តែងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់របស់វៀតណាម ក៏ដូចជាចក្ខុវិស័យ និងការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ដោយយល់ស្របនឹងគោលការណ៍ និងការសម្រេចចិត្តដែលបក្ស និងរដ្ឋកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយទទួលបានការឯកភាពខ្ពស់ពីប្រជាជន៕
បកប្រែដោយ Pham Diep
Type the code from the image