វៀតណាម-សហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព
កប.អនឡាញ - នៅថ្ងៃទី ២៦ ខែតុលា វៀតណាម និងសហរដ្ឋអាមេរិក បានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-សហរដ្ឋអាមេរិក ស្តីពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព (សេចក្តីថ្លែងការណ៍រួម) ក្នុងឱកាសដែល លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក (រូបថត៖ VGP) |
សេចក្តីថ្លែងការណ៍រួមនេះគឺជាឯកសារមួយ ដែលវៀតណាម និងសហរដ្ឋអាមេរិក បានយល់ព្រមចេញ ដើម្បីបង្ហាញពីលទ្ធផលនៃការចរចាពាណិជ្ជកម្មបដិការវាងប្រទេសទាំងពីរ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នរដ្ឋាភិបាល និងអាជីវកម្មវៀតណាម និងសហរដ្ឋអាមេរិក ក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មលើមូលដ្ឋានមានតុល្យភាព ស្ថិរភាព និងប្រកបដោយចីរភាព ដែលស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក។
ដូច្នេះ ទាំងវៀតណាម និងសហរដ្ឋអាមេរិក នឹងសហប្រតិបត្តិការជាមួយគ្នា ក្នុងស្មារតីកសាង ដើម្បីដោះស្រាយកង្វល់របស់ភាគីទាំងពីរ ដែលទាក់ទងនឹងរបាំងមិនមែនពន្ធគយ ឯកភាពលើការប្តេជ្ញាចិត្តទាក់ទងនឹងពាណិជ្ជកម្មឌីជីថល សេវាកម្ម និងការវិនិយោគ ពិភាក្សាអំពីកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់...
នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តពិភាក្សា និងអនុវត្តការងារបន្ត ឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព ដែលឈរលើគោលការណ៍នៃការបើកចំហ ការសាងសង់ សមភាព ការគោរពឯករាជ្យភាព ស្វ័យភាព របបនយោបាយ ផលប្រយោជន៍ទៅវិញទៅមក និងការពិចារណាលើកម្រិតអភិវឌ្ឍរបស់គ្នាទៅវិញទៅមក៕
បកប្រែដោយ Duy Hoan