ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ បន្តអភិវឌ្ឍវិជ្ជមាន
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៤ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ក្នុងឱកាសចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) នៅទីក្រុងហាណូយ។
ក្នុងបរិយាកាសរីករាយស្និទ្ធស្នាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ដែលជាមិត្តជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីជួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែលលោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់ឡាវ ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍នេះ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ នាពេលកន្លងមក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមតែងតែផ្តល់អាទិភាពលើទំនាក់ទំនងពិសេសជាមួយឡាវ និងគាំទ្រការការពារ ការសាងសង់ ការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់ប្រទេសឡាវ។
លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានអបអរសាទរចំពោះប្រទេសវៀតណាម ដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនវៀតណាម លើកកម្ពស់តួនាទីរបស់វៀតណាមនៅក្នុងឆាកអន្តរជាតិ និងតំបន់។
លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីលើលទ្ធផលល្អដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមកនេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលវៀតណាមផ្ដល់ដល់ប្រទេសឡាវក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ អនុវត្តគម្រោងសំខាន់ៗរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងរៀបចំសកម្មភាពកិច្ចការបរទេសសំខាន់ៗ និងរៀបចំខួបអនុស្សាវរីយ៍សំខាន់ៗរបស់បក្សទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh