បន្ទាប់ពីពិធីស្វាគមន៍ដ៏ឧឡារិក លោក Luong Cuong ប្រធានរដ្ឋ និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃភាគីទាំងពីរចូលរួមកិច្ចពិភាក្សា។

ដោយសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិ លោកប្រធានរដ្ឋបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិចំពោះការជួយគាំទ្រដ៏មានតម្លៃក្នុងរយៈពេលជិតប្រាំទសវត្សរ៍កន្លងមក ក៏ដូចជាការជួយគាំទ្រ និងមនោសញ្ចេតនាដែលលោក Guterres ផ្តល់ឲ្យវៀតណាមនាពេលកន្លងមកនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ដោយបញ្ជាក់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក លោក Luong Cuong ប្រធានរដ្ឋ បានស្នើឡើងនូវវិស័យសំខាន់ៗចំនួនប្រាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិនាពេលខាងមុខ។ ទីមួយ ចាំបាច់ត្រូវកែទម្រង់អង្គការសហប្រជាជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពធនធាន។ ក្នុងដំណើរការនេះ វៀតណាមស្វាគមន៍អង្គការសហប្រជាជាតិបង្កើតទីស្នាក់ការនៅវៀតណាម។ ទីពីរ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-អង្គការសហប្រជាជាតិគប្បីផ្តោតលើវិស័យអាទិភាពដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ បញ្ហាប្រឈមសន្តិសុខមិនមែនជាប្រពៃណី និងការផ្លាស់ប្តូរថាមពលសមធម៌។ ទីបី វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមសកម្មភាពរក្សាសន្តិភាព។ ទីបួន គប្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីបរិយាកាសអ៊ីនធឺណិតដែលមានសុវត្ថិភាព ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទីប្រាំ គប្បីជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។

លោក Guterres ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងរួសរាយរាក់ទាក់ ដែលលោក Luong Cuong ប្រធានរដ្ឋ រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ដល់លោកអគ្គលេខាធិការ និងគណៈប្រតិភូជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះតួនាទី កិត្យានុភាព និងការរួមចំណែកវិជ្ជមានរបស់វៀតណាមក្នុងការងាររួមរបស់អង្គការសហប្រជាជាតិនៅលើវិស័យសំខាន់ៗ។ លោក Guterres បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរ យកចិត្តទុកដាក់ និងជួយគាំទ្រការអភិវឌ្ឍរបស់វៀតណាម ហើយសង្ឃឹមថា វៀតណាមនឹងលើកកម្ពស់តួនាទីរបស់ខ្លួននៅអង្គការសហប្រជាជាតិ។

ដោយពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពពង្រឹងពហុភាគីនិយម ដោយអង្គការសហប្រជាជាតិដើរតួនាទីជាស្នូល លើកកម្ពស់ការគោរពច្បាប់អន្តរជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាននៅក្នុងពិភពលោក។ លោក Guterres បានយល់ព្រមជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិបន្ថែមទៀត និងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាខិតខំរក្សាសន្តិភាព ស្ថិរភាព និងដោះស្រាយបញ្ហាក្នុងតំបន់ រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

បកប្រែដោយ Thuy Anh