បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោក To Lam អគ្គលេខាបក្ស និងលោក Rumen Radev ប្រធានាធិបតីបានជួបពិភាក្សានៅវិមានប្រធានាធិបតី។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាព និងទិសដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ដោយចាត់ទុកថា ភាគីទាំងពីរមានភាពស្រដៀងគ្នាជាច្រើននៅក្នុងគោលដៅ និងគោលនយោបាយ ក៏ដូចជាមានសក្តានុពលក្នុងការបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដោយសម្តែងនូវការរីករាយចំពោះការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការដើម្បីពង្រឹងក្របខ័ណ្ឌសហប្រតិបត្តិការវៀតណាម-ប៊ុលហ្គារី ឲ្យកាន់តែជាក់ស្តែង និងសមស្របទៅនឹងបរិបទថ្មី។
    |
 |
|
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃក្របខ័ណ្ឌសហប្រតិបត្តិការថ្មី ជាពិសេសនៅក្នុងតំបន់ដែលប៊ុលហ្គារីមានបទពិសោធន៍ ហើយវៀតណាមមានតម្រូវការ។ ភាគីទាំងពីរក៏បានឯកភាពបង្កើត និងអនុវត្តផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់ទំនុកចិត្តនយោបាយតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់នៅលើបណ្តាញបក្ស រដ្ឋ រដ្ឋសភា ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
ភាគីទាំងពីរក៏បានឯកភាពជម្រុញពាណិជ្ជកម្មនិងការវិនិយោគ ហើយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយមានគោលដៅបង្កើនទ្វេដងនូវទំហំពាណិជ្ជកម្មទ្វេភាគីនៅប៉ុន្មានឆ្នាំខាងមុខ។ ភាគីទាំងពីរត្រៀមខ្លួនជាស្រេចដើម្បីធ្វើជា "ច្រកទ្វារ" សម្រាប់ទំនិញរបស់វៀតណាម និងប៊ុលហ្គារីដើម្បីជ្រៀតចូលទៅក្នុងទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធាជាដើម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក ឱសថ និងជីវវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកុំព្យូទ័រទំនើប ថាមពលបៃតងជាដើម។
ដើម្បីបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ភាគីទាំងពីរបានឯកភាពកសាងកម្មវិធី និងសកម្មភាពវប្បធម៌ ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងប្រទេសនីមួយៗ ហើយលើកទឹកចិត្តដល់ការតភ្ជាប់ផ្លូវអាកាស។
ទាក់ទងនឹងស្ថានភាពអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកគោលជំហរ និងចក្ខុវិស័យស្ដីពីការដោះស្រាយសម្រាប់បញ្ហាប្រឈមបច្ចុប្បន្ន ហើយព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយសហការនិងជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីដូចជា អង្គការសហប្រជាជាតិ អាស៊ាន-សហភាពអឺរ៉ុប ASEM។ ភាគីទាំងពីរគាំទ្រគោលជំហររបស់អាស៊ានលើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
* បន្ទាប់ពីកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស និងលោក Rumen Radev ប្រធានាធិបតី បានជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃការពិភាក្សា។ នៅក្នុងសន្និសីទសារព័ត៌មាន លោក To Lam អគ្គលេខាបក្ស បានប្រសាសន៍ថា ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប៊ុលហ្គារី។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
* នៅរសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងលោក Rumen Radev ប្រធានាធិបតី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងក្រុមហ៊ុនមួយចំនួនមកពីប្រទេសទាំងពីរ បានចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-ប៊ុលហ្គារី។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងលោក Rumen Radev ប្រធានាធិបតី ចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-ប៊ុលហ្គារី (រូបថត៖ vnanet.vn) |
នៅក្នុងសុន្ទរកថានៅក្នុងវេទិកានេះ លោក Rumen Radev ប្រធានាធិបតី បានសម្តែងនូវការចំណាប់អារម្មណ៍ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការផ្លាស់ប្តូរថ្មី ការកសាង និងការអភិវឌ្ឍប្រទេស ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង។ លោកប្រសាសន៍ថា វៀតណាមបានរក្សាស្ថិរភាព និងការអភិវឌ្ឍ ដែលក្លាយជាចំណុចភ្លឺនៃកំណើននៅក្នុងតំបន់ និងពិភពលោក។
លោក Rumen Radev សង្ឃឹមថាភាគីទាំងពីរ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចមកពីប្រទេសទាំងពីរធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសនីមួយៗ ដោយនាំមកនូវលទ្ធផលជាក់ស្តែង។ លោកបានស្នើឲ្យធុរកិច្ចប៊ុលហ្គារីសហការជាមួយធុរកិច្ចវៀតណាមលើវិស័យដែលប៊ុលហ្គារីមានប្រៀបខ្លាំងដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្មស្អាត ឱសថ ការអប់រំ ថាមពលកកើតឡើងវិញ និងភស្តុភារកម្មអឺរ៉ុប...
នៅក្នុងវេទិកានេះ លោក To Lam អគ្គលេខាបក្ស បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្គារីលើកនេះ បានបង្កើតកម្លាំងចលករដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសប៊ុលហ្គារីគឺដោយសារការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើតផលិតភាពការងារខ្ពស់។ ដូច្នេះ ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការពារជាតិ សន្តិសុខ ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងធនធានមនុស្ស។
នៅក្នុងវេទិកានេះផងដែរ លោក To Lam អគ្គលេខាបក្ស និងលោក Rumen Radev ប្រធានាធិបតី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ៕
បកប្រែដោយ Thuy Anh