វៀតណាមគឺជាដៃគូដែលអាចទុកចិត្តបានរបស់អាហ្វ្រិកខាងត្បូងនៅក្នុងតំបន់អាស៊ី
កប.អនឡាញ - លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរមានចំណុចខ្លាំងដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។
នាថ្ងៃទី ២៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយលោកប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Cyril Ramaphosa ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៣-២៤ ខែតុលា។
ដោយវាយតម្លៃពីការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យជាច្រើន លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរមានចំណុចខ្លាំងដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍទៅវិញទៅមក ដូចជា៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត ថាមពលកកើតឡើងវិញ ទំនាក់ទំនង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យអាហ្វ្រិកខាងត្បូងគាំទ្រវៀតណាមក្នុងការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសហភាពគយអាហ្វ្រិកខាងត្បូង (SACU) ក្នុងពេលឆាប់ៗនេះ។ ដោយថ្លែងអំណរគុណដល់លោកប្រធានាធិបតី Cyril Ramaphosa ចំពោះការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងរួមចំណែកយ៉ាងសកម្មចំពោះភាពជោគជ័យរួមនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។
    |
 |
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយលោកប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Cyril Ramaphosa |
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា វៀតណាមគឺជាដៃគូដែលអាចទុកចិត្តបានរបស់អាហ្វ្រិកខាងត្បូងនៅក្នុងតំបន់អាស៊ី។ លោកបានវាយតម្លៃខ្ពស់ចំពោះគំរូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងគោលនយោបាយការបរទេសបើកចំហ សកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនងអាជីវកម្មក្នុងវិស័យរ៉ែ ឧស្សាហកម្មផលិតកម្ម កសិកម្ម រថយន្តអគ្គិសនី ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ជាដើម។
យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងនឹងចូលរួមជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងការចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង ដែលរៀបចំរួមគ្នាដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងស្ថានទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម។
បកប្រែដោយ Duy Hoan