កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
កប.អនឡាញ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គណៈកម្មការជំនាញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានធ្វើការងារដ៏ល្អក្នុងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅកម្ពុជា ដែលរួមចំណែកដល់ការបន្ថយភាពឈឺចាប់ររបស់សាច់ញាតិយុទ្ធជនពលី។
    |
 |
|
គណៈកម្មការជំនាញខេត្តអានយ៉ាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ក្នុងដំណាក់កាលទី XXV ជាមួយគណៈកម្មកាជំនាណខេត្តកំពត។ រូបថត៖ THU OANH |
យោងតាមគណៈកម្មការខេត្ត ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលបានចុះហត្ថលេខានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០០ នៅភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមទាំងពីរដែលស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៃបញ្ជាការដ្ឋានយោធាខេត្ត (K92, K93) បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២៨៦ អដ្ឋិធាតុ។ ដំណើរការស្វែងរកត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៦៖ កោះកុង កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពត និងកែប។
លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការខេត្ត បានចែករំលែកថា៖ «ការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីសីលធម៌ ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ របស់ប្រជាជនវៀតណាម។ ការស្វែងរក ប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនាពេលថ្មីៗនេះ សម្រេចបានលទ្ធផលជាច្រើន ដោយសារមានការសម្របសម្រួល និងជំនួយយ៉ាងជិតស្និទ្ធពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រមូល ផ្តល់ព័ត៌មាន ណែនាំ ការពារ និងជួយក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី»។
ដោយបន្តដំណើរដ៏មានអត្ថន័យនោះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែតុលា គណៈកម្មការខេត្តបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីតិក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី XXV (រដូវប្រាំង ២០២៥ - ២០២៦) ជាមួយគណៈកម្មការជំនាញនៃខេត្តចំនួន ៦ នៃប្រទេសកម្ពុជា។ គណៈកម្មការជំនាញខេត្តនឹងបន្តដឹកនាំកងកម្លាំងប្រដាប់អាវុធ ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការឃោសនាផ្សព្វផ្សាយដល់អាជ្ញាធរនិងប្រជាជនឱ្យគាំទ្រ និងផ្តល់ព័ត៌មានអំពីផ្នូរ និងអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមនៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ រៀបចំកងកម្លាំងដើម្បីណែនាំ ការពារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K92 និង K93 ក្នុងការអនុវត្តភារកិច្ចរបស់ពួកគេដោយសុវត្ថិភាពទាំងស្រុង សម្រេចបានលទ្ធផលល្អបំផុត។ ក្រុម K92 និងក្រុម K93 បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជន ដើម្បីស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ទទួលបានលទ្ធផលល្អបំផុត។
កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិត្តន៍អដ្ឋិធាតុយុទ្ធជនពលី ក៏បានរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងខេត្តអានយ៉ាង និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក ប៊ុន យោង - អភិបាលរង និងជាប្រធានគណៈកម្មការជំនាញខេត្តកែប បានវាយតម្លៃថា៖ «ក្នុងរយៈពេលថ្មីៗនេះ ខេត្តទាំងពីរគឺខេត្តកែប - អានយ៉ាង បានសហការគ្នាយ៉ាងល្អលើវិស័យជាច្រើន រួមទាំងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាក្នុងសម័យសង្គ្រាម ដោយគាំទ្រដល់ដំណើរការនៃការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា។ ខេត្តកែបនឹងបន្តសម្របសម្រួលយ៉ាងល្អជាមួយខេត្តអានយ៉ាង ក្នុងការរុករក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី និងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព»។
លោក Le Trung Ho បានមានប្រសាសន៍ថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការសម្របសម្រួលក៏ដោយ ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រ បានជានៅតែមានអដ្ឋិធាតុយុទ្ធជនពលីជាច្រើនដែលមិនទាន់ត្រូវបានរកឃើញ។ ខេត្តនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្របសម្រួល គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមជំនាញ ដើម្បីបំពេញភារកិច្ចដ៏ពិសិដ្ឋនេះ៕
បកប្រែដោយ Duy Hoan