គណៈប្រតិភូខេត្តតាកែវមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការប្រជាជនខេត្ត An Giang
កប.អនឡាញ - នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ គណៈប្រតិភូខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា) ដឹកនាំដោយលោក វ៉ៃ សំណាង អភិបាលខេត្តតាកែវ បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត An Giang ប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។ លោក Ho Van Mung សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានធ្វើជាអធិបតីក្នុងពិធីទទួល។
ក្នុងនាមគណៈប្រតិភូខេត្តតាកែវ លោក វ៉ៃ សំណាង បានសម្តែងការដឹងគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត An Giang។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោក វ៉ៃ សំណាង បានជូនពរថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត An Giang ឲ្យមានសុខភាពល្អ សុភមង្គល វិបុលភាព និងទទួលជោគជ័យជាច្រើនក្នុងឆ្នាំថ្មី។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn) |
លោក វ៉ៃ សំណាង បានសរសើរចំពោះសមិទ្ធផលរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែទម្រង់រដ្ឋបាល ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រទេសជាតិ និងប្រជាជនវៀតណាម។ លោកអភិបាលខេត្តតាកែវ បានថ្លែងថា នៅឆ្នាំ២០២៥ ខេត្តតាកែវ និងខេត្ត An Giang បានសហការ និងសម្រេចបានលទ្ធផលជាច្រើន ដោះស្រាយបញ្ហាដែលបានកើតឡើងយ៉ាងឆាប់រហ័ស និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីនៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។ល។
ថ្លែងនៅក្នុងពិធីទទួល ក្នុងនាមថ្នាក់ដឹកនាំខេត្ត An Giang លោក Ho Van Mung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអភិបាលខេត្ត និងអាជ្ញាធរ និងប្រជាជនខេត្តតាកែវ ដែលបានផ្ដល់មនោសញ្ចេតនាដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត An Giang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។
លោកក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រដែលខេត្តតាកែវផ្ដល់ដល់កងកម្លាំងខេត្ត An Giang ក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតនៅក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា។
នាពេលខាងមុខ ខេត្ត An Giang មានបំណងចង់បន្តសហការជាមួយខេត្តតាកែវ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចច្រកទ្វារព្រំដែន ជាពិសេសការបង្កើនទំហំនៃការនាំចូល និងនាំចេញតាមរយៈច្រកទ្វារព្រំដែននៃខេត្តទាំងពីរ។ ខេត្ត An Giang បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា តាមរយៈច្រកទ្វារព្រំដែននៅក្នុងខេត្ត។ ព្រមទាំង ថ្នាក់ដឹកនាំខេត្ត An Giang ស្នើឱ្យអភិបាលខេត្តតាកែវយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាម ក្នុងការនាំចូលទីផ្សារកម្ពុជា តាមរយៈច្រកទ្វារព្រំដែននៃខេត្តតាកែវ។ល៕
បកប្រែដោយ Thuy Anh