គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរីអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នៅថ្ងៃទី១២ ខែកុម្ភៈ គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រៀក វុត្ថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak។
ក្នុងជំនួប លោកវរសេនីយ៍ឯក ព្រៀក វុត្ថា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ពីសំណាក់កម្មាភិបាល យុទ្ធជន នៃគណៈបញ្ជាការកងទ័ពការពារព្រំដែន Dak Lak។ លោកបានសង្កត់ធ្ងន់ថា ការទៅសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសទាំងពីរ ត្រូវបានភាគីទាំងពីររក្សាជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានក្លាយជាប្រពៃណីល្អប្រសើរ រួមចំណែកដល់ការពង្រឹង និងពង្រីកសាមគ្គីភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាននៅសងខាងព្រំដែន។
នៅក្នុងជំនួប លោកវរសេនីយ៍ឯក Nguyen Van Linh មេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អរបស់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរីជូនចំពោះអង្គភាព ព្រមទាំងបានជម្រាបជូនអំពីសមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋនោះ សេដ្ឋកិច្ច-សង្គមមានការអភិវឌ្ឍប្រកបដោយចីរភាព វិស័យការការពារជាតិសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជានិច្ច។
    |
 |
|
គណៈប្រតិភូតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរីអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak |
ក្នុងស្មារតី «សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក» លោកមេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ចង់ឲ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ផ្តល់យោបល់ជូនស្ថាប័នមានសមត្ថកិច្ចនៃរដ្ឋាភិបាលទាំងពីរឱ្យពន្លឿនការខ័ណ្ឌសីមាបោះបង្គោលព្រំដែន និងដាក់ឲ្យដំណើរការច្រកទ្វារព្រំដែន Dak Rue (វៀតណាម) - ជីមៀត (កម្ពុជា) ក្នុងពេលឆាប់ៗនេះ និងរៀបចំសកម្មភាពចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែន រួមចំណែកដល់ការកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
បកប្រែដោយ Duy Hoan