នេះគឺជាស៊េរីកិច្ចប្រជុំដ៏សំខាន់ និងធំបំផុតក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានប្រព្រឹត្តទៅនៅពេលដែលអាស៊ានកំពុងជាចំណុចភ្លឺក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ ជាមួយនឹងតួនាទី និងកិត្យានុភាពកាន់តែខ្ពស់ឡើង បន្ទាប់ពីការបង្កើត និងអភិវឌ្ឍអស់រយៈពេលជិត ៦ ទសវត្សរ៍។

ដោយប្រឈមមុខនឹងការបផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញរបស់ភូមិសាស្ត្រនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចសកល និងតំបន់ អាស៊ានខិតខំរក្សាសាមគ្គីភាព ពង្រឹងនិងពង្រីកឲ្យស៊ីជម្រៅនូវដំណើរការសហប្រតិបត្តិការ និងការតភ្ជាប់នៅក្នុងប្លុក ក៏ដូចជារវាងសមាគម និងដៃគូក្នុងនិងក្រៅតំបន់ បន្តអភិវឌ្ឍយ៉ាងស្វាហាប់ និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក បង្ហាញពីតួនាទីមជ្ឈភាពនៅតំបន់ និងជាកត្តាមិនអាចខ្វះបាននៅក្នុងគោលនយោបាយតំបន់របស់ដៃគូ។ ការគាំទ្រ ការចាប់អារម្មណ៍ និងការចូលរួមរបស់ដៃគូ ជាពិសេសប្រទេសធំៗ នៅក្នុងយន្តការដឹកនាំដោយអាស៊ាន បង្ហាញថា សមាគមបន្តលើកកម្ពស់តួនាទីក្នុងការសម្របសម្រួល សម្របខ្លួនដោយភាពបត់បែន និងរក្សាតុល្យភាពក្នុងទំនាក់ទំនង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ tienphong.vn)

ជាពិសេស ឆ្នាំ២០២៥ គឺជាឆ្នាំខួបលើកទី ១០ នៃទិវាបង្កើតសហគមន៍អាស៊ាន ហើយអាស៊ានបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុវត្តផែនការមេឆ្នាំ២០២៥។ ក្នុងបំណងត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍនៅក្នុងដំណាក់កាលថ្មី អាស៊ានបានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ រួមជាមួយនឹងយុទ្ធសាស្ត្រអនុវត្តលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម ឆ្ពោះទៅរកការកសាងសហគមន៍ដែលមានភាពម្ចាស់ការ ស្វាហាប់ ប្រកបដោយការច្នៃប្រឌិត និងផ្តោតលើប្រជាជន។

ក្នុងបរិបទបែបនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងឡាយវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងប្លុក និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនៅឆ្នាំ២០២៥ ក្រោមប្រធានបទ "បរិយាប័ន្ន និងចីរភាព" និងដាក់ទិសដៅសម្រាប់ការកសាងសហគមន៍អាស៊ាននាពេលខាងមុខ ជាពិសេសផ្អែកលើការកសាងផែនទីបង្ហាញផ្លូវ និងផ្តល់អាទិភាពដល់ការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលដឹកនាំដោយអាស៊ាន និងអនុវត្តទំនាក់ទំនងការបរទេសរបស់អាស៊ាន។

ក្នុងរយៈពេល ៦ ទសវត្សរ៍កន្លងមកនេះ អាស៊ានបានខិតខំដើម្បីក្លាយជាសមាគមន៍ដែលមានការតភ្ជាប់ ចែករំលែកគោលដៅ ចក្ខុវិស័យ និងតម្លៃរួម។ ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃសម័យកាលទាមទារឲ្យប្រទេសជាសមាជិក និងដៃគូបន្តពួតដៃគ្នាដើម្បីលើកកម្ពស់តម្លៃនៃការសន្ទនា កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម គោរពច្បាប់ ជាពិសេសការរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលជាតម្រូវការជាមុនសម្រាប់ធានាកំណើនប្រកបដោយចីរភាព និងភាពជោគជ័យរួមរបស់សហគមន៍អាស៊ាន។

ក្នុងរយៈពេល ៣០ ឆ្នាំនៃការចូលរួម "ផ្ទះរួម" អាស៊ានគឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីរបស់វៀតណាមដែលជាប្រទេសសមាជិកមិនអាចបំបែកចេញបានរបស់អាស៊ាន ដោយតភ្ជាប់ការអភិវឌ្ឍរបស់ប្រទេសជាមួយការអភិវឌ្ឍរបស់អាស៊ាន។ គោលនយោបាយចំពោះអាស៊ានក៏ក្លាយជាអាទិភាពយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាមផងដែរ។ ក្នុងដំណើរនោះ វៀតណាមតែងតែរួមដំណើរជាមួយប្រទេសសមាជិក ដៃគូ និងមិត្តភក្តិអន្តរជាតិ ដើម្បីពង្រីកសាមគ្គីភាព ជំនះបញ្ហាប្រឈម និងរួមគ្នាដើម្បីកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងឆ្ពោះទៅអនាគត។

ក្នុងរយៈពេល ៣ ទសវត្សរ៍មុន វៀតណាមបានចូលរួមអាស៊ានក្នុងស្មារតីមិត្តភាព ហើយនាបច្ចុប្បន្ន វៀតណាមបានចូលរួមអាស៊ានក្នុងស្មារតីនៃភាពជាម្ចាស់ការ វិជ្ជមាន និងទទួលខុសត្រូវ។ សព្វថ្ងៃនេះ បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរ និងសេចក្តីប្រាថ្នាទៅឈានមុខ ក៏ដូចជាការជឿទុកចិត្តពីសហគមន៍អន្តរជាតិលើសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងដំណើរការសហប្រតិបត្តិការ ប្រទេសវៀតណាមនឹងបន្តចូលរួមចំណែកកាន់តែច្រើនបន្ថែមទៀត ដោយចូលរួមជាមួយប្រទេសសមាជិកទាំងឡាយដើម្បីសរសេររឿងរ៉ាវជោគជ័យរបស់អាស៊ាននៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh