នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់ទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបគ្រប់លំដាប់ថ្នាក់ លើកកម្ពស់តួនាទីសម្របសម្រួលរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី សហការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល គណៈកម្មាធិការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំង សិក្សាស្រាវជ្រាវអំពីការបង្កើតយន្តការថ្មីៗដែលសមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របច្ចុប្បន្ន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Rosen Zhelyazkov នាយករដ្ឋមន្ត្រីប៊ុលហ្គារី (រូបថត៖ vnanet.vn)

ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកវិស័យទាំងនេះជាកម្លាំងចលករសំខាន់នៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីទាញយកប្រកបដោយប្រសិទ្ធភាពនូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងសហការដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្ពោះទៅគោលដៅបង្កើនទ្វេដងនូវទំហំពាណិជ្ជកម្មទ្វេភាគីនៅប៉ុន្មានឆ្នាំខាងមុខ។ ភាគីទាំងពីរបានសម្តែងនូវការរីករាយចំពោះលទ្ធផលល្អដែលសម្រេចបាននៅក្នុងវេទិកាធុរកិច្ចវៀតណាម-ប៊ុលហ្គារី។

ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកទស្សនៈថា ទន្ទឹមនឹងវិស័យប្រពៃណី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសនៅក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ដូចជាការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត សន្តិសុខតាមអ៊ីនធឺណិត រដ្ឋាភិបាលអេឡិចត្រូនិក... ហើយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជម្រុញឲ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាសសរស្តម្ភសំខាន់មួយនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប៊ុលហ្គារី។

នៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានអះអាងថា នឹងសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីជំនួប លោក To Lam អគ្គលេខាបក្ស និងលោក Rosen Zhelyazkov នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ និងពិធីផ្លាស់ប្តូរលិខិតបញ្ជាក់បំណងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

*នៅរសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោកស្រី Nataliya Kiselova ប្រធានរដ្ឋសភាប៊ុលហ្គារី។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាគឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោកស្រី Nataliya Kiselova ប្រធានរដ្ឋសភាប៊ុលហ្គារី (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងរវាងគណៈកម្មាធិការនៃសភារបស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ បង្កើតក្របខ័ណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលជាច្រើន ដែលស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាព័ត៌មាន ឱសថ ផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់...។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម អប់រំ... ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការថ្មីក្នុងបរិបទដែលប្រទេសទាំងពីរទើបតែលើកកម្ពស់ទំនាក់ទំនងក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ដូចជាលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់នៃក្រុមសមាជិកសភាមិត្តភាពវៀតណាម-ប៊ុលហ្គារី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីបន្តពង្រឹងកិច្ចសហការនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមបានត្រៀមខ្លួនជាស្រេចជម្រុញទំនាក់ទំនងរវាងរដ្ឋសភាប៊ុលហ្គារី និងមហាសន្និបាតអន្តរសភាអាស៊ាន។

លោកស្រី Nataliya Kiselova ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភាប៊ុលហ្គារីនឹងគាំទ្រយ៉ាងសកម្ម និងជម្រុញការអនុវត្តគោលដៅសហប្រតិបត្តិការដែលមានចែងយ៉ាងច្បាស់លាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និងប៊ុលហ្គារី ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។

* នៅរសៀលថ្ងៃទី ២៤ ខែតុលា (ម៉ោងមូលដ្ឋាន) លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Sofia បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច នៅប្រទេសប៊ុលហ្គារី តាមការអញ្ជើញរបស់លោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី៕

បកប្រែដោយ Thuy Anh